ស្តេចថៃចេញរាជបញ្ជាឲ្យប៉ូលិសក្រុងបាងកកបញ្ឈប់ការបិទផ្លូវសម្រាប់ក្បួនរថយន្តព្រះមហាក្សត្រ

365

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃថ្មីៗនេះបាននិយាយថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចេញព្រះរាជបញ្ជាឲ្យប៉ូលិសនៅក្នុងទីក្រុងបាងកកបញ្ឈប់ការបិទផ្លូវសម្រាប់ក្បួនរថយន្តរបស់ព្រះមហាក្សត្រ។

ព្រះរាជបញ្ជានេះបានធ្វើឡើងបន្ទាប់ពីប្រជាជនថៃបានធ្វើការរិះគន់ដ៏កម្រតាមបណ្តាញអ៊ីនធើណិតទាក់ទងនឹងក្បួនរថយន្តស្តេចនិងបញ្ហារំខានដទៃទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

អ្នកនាំពាក្យលោកស្រី Narumon Pinyosinwat បាននិយាយនៅលើទំព័រ Facebook របស់លោកស្រីថាផ្ទុយទៅវិញប៉ូលិសថៃនឹងបិទផ្លូវតែផ្នែកតូចមួយប៉ុណ្ណោះសម្រាប់ក្បួនព្រះមហាក្សត្រ។

លោកស្រីក៏បានបង្ហោះវីដេអូដែលបង្ហាញពីច្បាប់ថ្មីដែលរួមបញ្ចូលទាំងការអនុញ្ញាតឲ្យប្រជាជនបន្តប្រើប្រាស់ស្ពាននៅលើផ្លូវរបស់ក្បួនរថយន្តផងដែរ។

សំឡេងនៅក្នុងវីដេអូនេះបាននិយាយថា “ព្រះមហាក្សត្រ ព្រះអង្គមានការព្រួយព្រះទ័យថា ព្រះរាជដំណើររបស់ទ្រង់រឺព្រះរាជវង្សានុវង្សអាចប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាជនថៃ” ។

បាងកកគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗដែលកកស្ទះខ្លាំងបំផុតនៅលើពិភពលោកដោយទីក្រុងនេះឈរនៅលំដាប់ទី១១ក្នុងបញ្ជីរបស់ក្រុមហ៊ុនវិភាគចរាចរណ៍ INRIX’s Global Traffic Scorecard ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៧។
កាលពីឆ្នាំមុន hashtag #royalmotorcade បានក្លាយជាប្រធានបទមួយដែលមានការចាប់អារម្មណ៍ខ្លាំងជាងគេនៅលើបណ្តាញសង្គម Twitter ជាភាសាថៃ។

ប្រទេសថៃមានច្បាប់តឹងរ៉ឹងប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី អ្នកស្នងមរតកឬរាជានុសិទ្ធិ។ អ្នកដែលល្មើសនឹងច្បាប់នេះត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលរហូតដល់ទៅ១៥ឆ្នាំ៕

ប្រភព kohsantepheapdaily