កូនខ្មែរខ្លះនៅមិនទាន់ដឹងទេ ប្រវត្តិនៃឈ្មោះខេត្តសៀមរាប…(មានវីដេអូ)

204

យុវជន​ខ្មែរ ក្នុងសម័យ​សព្វថ្ងៃនេះ​ពុំបាន​ជ្រាប​អំពី​ប្រវត្តិ​នៃ​ខេត្តសៀមរាប​នេះ​ទេ ដោយហេតុថា កង្វះ​ឯកសារ​និយាយ​ដល់​។ ជាការ​ពិតណាស់ ឈ្មោះ​ភូមិ ស្រុក ខេត្ត​នៃ​មាតុភូមិ​ខ្មែរ មិន​ថា​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន ឬ​នៅក្នុង​អតីត​ទឹកដី​ខ្មែរ ដែល​សព្វថ្ងៃ​ស្ថិតក្នុង​បង្គោល​ខណ្ឌសីមា​នៃ​ប្រទេសជិតខាង​មួយចំនួន សុទ្ធសឹងតែ​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​កន្លងផុត​ទៅហើយ​។​


​ ​គឺជា​បរិបទ​នេះហើយ បានជា​ក្រោយពី​ទ័ព​ខ្មែរ​របស់​ព្រះបាទ​ពញ្ញា​អង្គ​ច័​ន្ធ ឬ​ព្រះ​បរម​រាជា​ធិ​រាជ​ បានទទួល​ជ័យជំនះ​លើ​កងទ័ព​សៀម​ឈ្លានពាន​ជា​ស្ថាពរ នៅ​ព្រះរាជ​នគរ គឺ​អង្គរធំ ពោលគឺ បាន​វាយកំទេច​ទ័ព​សៀម​រាបស្មើ​និង​ដី បានជា​ខ្មែរ​ដាក់ឈ្មោះថា ខេត្តសៀមរាប​។ ស្ថានការណ៍​បែបនេះ ធ្វើ​ឲ្យ​យើង​យល់បាន​ថា ជាដើម​កំណើត​នៃ​ការតាំង​ឈ្មោះ​ ខេត្តសៀមរាប តាំងពី​រជ្ជកាល​របស់​ព្រះអង្គ​ច័ន្ទ​ទល់​និង​សព្វថ្ងៃ ទោះបីជា ព្រះរាជ​ពង្សាវតារ​ខ្មែរ ច្បាប់​ឧក​ញ្ញា​ព្រះ​ឃ្លាំង (​នង​) មិនបាន​និយាយ​ដោយ​ចំហ​ក៏ដោយ​។​
​ទីតាំង​ទីក្រុង​សៀមរាប​បច្ចុប្បន្ន ក្នុងចំណោម​បណ្តារ​ខេត្ត​ផ្សេងៗ​ទៀត​នៃ​ប្រទេស​កម្ពុជា​។


បើសិនជា​យើង​បើក​ច្បាប់​ព្រះរាជ​ពង្សាវតារ​ខាងលើ​មក​មើល យើង​ពិតជា​ស្លុតចិត្ត កងទ័ព​សៀម​ឈ្លានពាន បាន​រុករាន​ប្រទេស​កម្ពុជា​មិន​ឈប់ឈរ​ជាច្រើនលើក​ច្រើនគ្រា​។ ពួកគេ ក្រោយពី​ដណ្តើមបាន​អាណាខេត្ត​ខ្មែរ​មួយចំនួន ដែល​សព្វថ្ងៃ​បានក្លាយ​ទៅជា​ទឹកដី​ថៃ​រួចទៅហើយ​នោះ ក៏បាន​នាំ​សង្គ្រាម​ចូលទៅ​យ៉ាងជ្រៅ​ទៅ ចំ​កណ្តាល​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែម្តង គឺ​ទីក្រុង​មហានគរ​ដែល​សព្វថ្ងៃ​ស្ថិតក្នុង​ខេត្តសៀមរាប តែ​ពីមុន​ហៅថា ស្រុក​នគរវត្ត ដែល​ធ្លាប់ជា​សមរភូមិ​ក្តៅ​ពីមុនមក​។ ក៏ប៉ុន្តែ​លើក​នេះ ពួកគេ​ត្រូវ​បង្ខំចិត្ត​រត់​ត្រឡប់​ទៅ​ ក្រុង​អយុធ្យា​ វិញ ក្រោយពី​ត្រូវ​ចាញ់​សង្គ្រាម​នៅ​ចុល្លសករាជ ៩០២ ត្រូវ​និង​ឆ្នាំ ១៥៤១​នៃ​គ​.​ស​។​
​ ​កាលបើ​ពិនិត្យ​ទំ័​រ​ប្រវត្តិសាស្ត្រ​ចាស់ ដែល​បាន​កើតឡើង​នៅលើ​ទឹកដី​បវរ ដែលជា​ទីតាំង​នៃ​ព្រះរាជ​នគរ យើង​ដឹងថា ក្នុង​រាជ្យ​របស់​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៨ និង​ដើម​រាជ្យ​របស់​ ព្រះបាទ​ស្រី​ឥន្ទ្រ​វរ្ម័ន រវាង​ឆ្នាំ ១២៩៦ សៀម​បាន​បើក​ការវាយលុក​មួយ​ដ៏​ធំ​សម្បើម នៅ​ ខេត្តសៀមរាប ក្នុង​បំណង​យក​ប្រទេស​កម្ពុជា​ធ្វើជា​ស្រុក ឬ​នគរ​ចំណុះ​របស់ខ្លួន​។ ហើយ​ម​ហិ​ច្ឆិ​តា​នេះ ពួកគេ​បានសម្រេច​ជា​ស្ថាពរ ព្រោះថា​អាណាខេត្ត​មួយចំនួន ដែល​ស្ថិតក្នុង​ភូមិភាគ​កណ្តាល ដូចជា​ខេត្ត​សុខោទ័យ កំផែង​ផេ​ត (​កំពែង​ពេជ្រ​) និង​ខេត្ត​រណប​នៃ​ខេត្ត​ទាំងនោះ ព្រមទាំង​អាណាខេត្ត​ដទៃៗ​ឯទៀត ដែល​ស្ថិតនៅ​ជ្រលង​នៃ​ដង​ទន្លេ​មេ​ណា​ម ដូចជា​ខេត្ត​អយុធ្យា សុផាន់​បុរី​។ បន្ទាប់ពី​បានទទួល​ជោគជ័យ​លើ​ខេត្ត​ទាំងឡាយ​នោះ ពួកគេ​ក៏បាន​ពង្រឹង​បណ្តាញ​អំណាច​របស់ខ្លួន​។​

​ ​សង្គ្រាម​ឈ្លានពាន​មួយ ដែល​គេ​ត្រូវ​កត់សម្គាល់ ដែល​បានកើត​ឡើងជា​លើកដំបូង​បង្អស់ នៅលើ​ទឹកដី​ខ្មែរ​ត្រូវបាន​ធ្វើឡើង​ក្នុង​រាជ្យ​របស់​ព្រះបាទ​លំ​ពង្ស​រាជា នៅ​ឆ្នាំ ១៣៥២​។ ចំពោះ​ចម្បាំង​នេះ ច្បាប់​ពង្សាវតារ​បានបញ្ជាក់​ថា គឺ​ភាគី​ឈ្លានពាន​ថៃ​បានទទួល​ជ័យជំនះ​លើ​ទ័ព​ខ្មែរ ដោយ​ពួកគេ​បាន​កាន់​កាប់​ទីក្រុង​អង្គរធំ នៅ​ឆ្នាំ ១៤៣១​។ មុននឹង​ដកថយ​ចេញ ពួកគេ​បាន​កេណ្ឌ​ឈ្លើយសឹក​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់ នាំទៅ​កាន់​ប្រទេស​សៀម​។ ក្នុងឱកាស​នោះដែរ ពួកគេ​ក៏បាន​លួច ប្លន់ ទ្រព្យសម្បត្តិ​របស់​ជាតិខ្មែរ​គ្រប់​ប្រភេទ នៅ​ឆ្នាំ ១៤៣១ គឺជា​ឆ្នាំ​ដែល​កំណត់​នូវ​អោនភាព​ខ្មែរ ដែល​ប្រឈម​និង​ការ​វាតទី​និយម​របស់​សៀម ដែល​គ្មាន​ទីបញ្ចប់​។​
​ ​ជាការ​ពិត ភ្លើងសង្គ្រាម​ឈ្លានពាន​បាន​កន្លងផុត​ជាច្រើន​សតវត្សរ៍​មកហើយ​ក្តី ក៏ប៉ុន្តែ​បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​ក្នុង​ផ្នត់គំនិត​ខ្មែរ​។ បើតាម​ច្បាប់​ព្រះរាជ​ពង្សាវតារ​ខ្មែរ គឺ​ក្នុង​រាជ្យ​របស់​ព្រះបាទ​អង្គ​ច័ន្ទ​រាជា (១៥១៦-១៥៥៥​នៃ​គ​.​ស​) ដែល​កងទ័ព​សៀម​មក​ឈ្លានពាន​ខ្មែរ ត្រូវបាន​បង្ក្រាប​រាបស្មើ​ទល់​និង​ដី នៅត្រង់​ស្ទឹង​អង្គរ នៅ​ឆ្នាំ ១៥៤១ ដោយហេតុ​នេះហើយ បានជា​ព្រះអង្គ​ត្រាស់បង្គាប់​ឲ្យ​គេ​ហៅ​តំបន់​នេះ​ជា តំបន់​សៀមរាប ដើម្បី​ទុកជា​ការចងចាំ​រួម​របស់​ជាតិខ្មែរ អំពី​ជ័យជំនះ​ដ៏​ត្រចះត្រចង់​នេះ មុន​ទីតាំង​នេះ​បានក្លាយ​ទៅជា​ស្រុក ហើយ​បន្ទាប់មកទៀត​ជា​ខេត្ត​នា​សម័យ​អាណាព្យាបាល​បារាំង​។ ព្រឹត្តិការណ៍​មួយ​គួរ​ឲ្យ​កត់សម្គាល់ គឺ​ស្តេច​អង្គ​នេះ​បាន​ឆ្លាក់​បង្ហើយ​នូវ​ចម្លាក់​មួយចំនួន ដែល​ព្រះបាទ​សុរិយា​វរ្ម័នទី​២ មិនទាន់​ឆ្លាក់​រួច​។​


​ ​ទោះបីជា​បានទទួល​បរាជ័យ​ដ៏​អាម៉ាស់មុខ​នេះ​ក្តី ទ័ព​សៀម​ក៏​នៅតែ​ទន្ទ្រាន​មាតុភូមិ​ខ្មែរ​មិន​ស្រាកស្រាន្ត​ឡើយ ហើយ​ទង្វើ​នេះ​ត្រូវបាន​បន្ត​រហូតដល់​ស​ម័​យ​លង្វែក​។ នៅ​ឆ្នាំ ១៥៩៤ ទីក្រុង​លង្វែក​ត្រូវ​ដណ្តើមបាន​ពី​ខ្មែរ​ដោយ​ស្តេច​សៀម ព្រះបាទ​នរិន្ទ​សួន​។ ចំពោះ​បរាជ័យ​នៃ​កងទ័ព​សៀម ដែល​ដឹកនាំ​ដោយ​ស្តេច​សៀម ដែល​បាន​យក​លែស​ថា ដោយសារ​ព្រះបាទ​អង្គ​ច័ន្ទ​រាជា​មិនបាន​ប្រគល់​ដី​រី​ស​មួយ​ក្បាល បានជា​មក​វាយលុក​ទីក្រុង​អង្គរធំ​។​
​ ​ជា​អវសាន សូម​រំឭក​ផងដែរ​ថា បើតាម​ប្រសាសន៍​របស់លោក​ ហ្គ្រោ​រី​យេ ព្រះបាទ​អង្គ​ច័ន្ទ​រាជា គឺជា​ព្រះមហាក្សត្រ​ខ្មែរ ដ៏​ខ្លាំងពូកែ​ជាងគេ​បំផុត​នា​សម័យ​ក្រោយ​អង្គរ ដោយហេតុថា ស្តេច​អង្គ​នេះ​មិន​គ្រាន់តែ​បាន​ខិតខំ​ស្តារ​ប្រទេសជាតិ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ទ្រង់​ថែមទាំង​មាន​ម​ហិ​ច្ឆិ​តា​វាយ​ដណ្តើមយក​ខេត្ត​ខ្មែរ​មួយចំនួន​ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន ដូចជា​ខេត្ត​នគររាជ​សីមា ខេត្ត​បុរីរម្យ សុ​រិ​ន្ទ្រ ស៊ីសាកេត​ជាដើម ដែល​សៀម​បាន​ដណ្តើមបាន​ពីមុនមក​។​


​យើង​មាន​ហេតុផល​ជាច្រើន ដើម្បី​បង្ហាញ​បញ្ជាក់ថា ហេតុដូចម្តេច​បានជា​ក្នុង​ព្រះរាជ​ពង្សាវតារ​ថៃ ដូចជា​ច្បាប់​របស់​អ្នកអង្គម្ចាស់​នព្វ​រ័ត្ន តែង​ឡើង​នៅ​ព​.​ស ២៤២០ ត្រូវ​និង​គ​.​ស ១៨៧៧ បាន​ប្រើពាក្យ “​សៀម​រា​ដ្ឋ​” ជំនួស​ពាក្យ​សៀមរាប​ទៅវិញ​។ តាមពិតទៅ​ការប្រើ​ពាក្យ​សៀម​រា​ដ្ឋ (​សៀម​រ៉ា​ត​) ដើម្បី​ហៅ​ទីប្រជុំជន​មួយ ដែល​ពីមុន​គឺជា​សមរភូមិ ឬ​លាន​ប្រយុទ្ធ​ស៊ីសាច់ហុតឈាម​រវាង​ខ្មែរ និង​សៀម ស្ថិតក្នុង​ស្រុក​នគរវត្ត គឺ​បណ្តាលមកពី​អាជ្ញាធរ​ថៃ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ព្រះ​ចៅ​ថា​យ​ស្រះ មិន​ចង់​រំឭក​នូវ​បរាជ័យ​ដ៏​អាម៉ាសមុខ​របស់​កងទ័ព​ឈ្លានពាន​សៀម​តែប៉ុណ្ណោះ ទោះបីជា​សម័យ​នោះ​ទ្រង់​បាន​ត្រួតត្រា​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ​។
​ យ៉ាងណាមិញ គឺ​ដោយសារតែ​ហេតុការណ៍​នេះហើយ ទើប​ព្រះបាទ​ព្រះ​ចោម​ក្លាវ​ចៅ​យូ​ហួ ដែល​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជាមួយ​ឥ​ណ្ណា​ម ទ្រង់​ក៏បាន​ប្រើពាក្យ​ស្រុក ឬ​មឿ​ព្រះ​នគរវត្ត​ ជំនួស​ពាក្យ​ស្រុក ឬ ​មឿង​សៀម​រ៉ា​ត ​ផងដែរ​។​

​ យើង​គ្មាន​ឯកសារ​របស់​ថៃ​ណាមួយ ដើម្បី​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​អំពី​ការផ្លាស់ប្តូរ​ឈ្មោះ​ពី​មឿង​ព្រះ​នគរវត្ត ទៅជា​សៀមរាប​ទេ ហើយ​បើ​មាន​ក៏​អាច​ស្ថិតក្នុង​ដើម​សម័យ​រជ្ជកាល​ទី​៣ ដែលជា​សម័យ​បាងកក ដែល​គេ​ហៅថា រតន​កោ​សិ​ន្ទ្រ​។ ក៏ប៉ុន្តែ ចំពោះ​ជនជាតិខ្មែរ​វិញ ឈ្មោះ​សៀមរាប ពិតជា​ត្រូវបាន​ផ្តើមឡើង​ក្នុង​រជ្ជកាល​របស់ ​ព្រះអង្គ​ច័ន្ទ​ យ៉ាង​ប្រាកដ ឥត​ក្លែងក្លាយ ទោះជា ទឡ្ហីករណ៍​មាន​ខ្វះចន្លោះ​យ៉ាងណាក៏ដោយ​។ ព្រោះថា ការតាំង​ឈ្មោះ​សៀមរាប​នេះ មិនមែនជា​រឿង​ចៃដន្យ ឬ​ជំនឿ​លេងសើច ជាពិសេស ក្នុងសម័យ​កាល​មួយ​ដែល​ខ្មែរ និង​សៀម​នៅ​ច្បាំង​គ្នា​មិន​ឈប់​មិន​ឈរ​។ ដូច្នេះ ការចង់​យល់​ឲ្យ​លំ​អិតពី​ប្រវត្តិ​ពិត​នៃ​ឈ្មោះ​ សៀមរាប តម្រូវ​ឲ្យ​យើង​ស្គា​ល់ពី​បរិបទ​សង្គម នយោបាយ ហើយ​ទង្វើ​នេះ គឺជា​ការចាំបាច់​បំផុត​៕
បើ​ទោះ​បី​ជា​ខ្មែរ និង​បរទេស​ជា​ច្រើន បាន​ស្គាល់​ឈ្មោះ​ ខេត្ត​សៀមរាប ក៏ដោយ​ក៏​ភាគ​ច្រើន​មិន​ដែល​ដឹង​ថា ហេតុ​អ្វី​បាន​ជា​បុព្វបុរស​ខ្មែរ​ដាក់​ឈ្មោះ​ខេត្ត​នេះ​ថា សៀមរាប ដូច្នេះទេ?
តើ​ពាក្យ​ថា សៀមរាប មាន​អត្ថន័យ និង​ការ​ទាក់ទង​ជាមួយ​ប្រវត្តិសាស្ត្រ​យ៉ាង​ណា?
ខេត្ត​សៀមរាប បច្ចុប្បន្ន​មាន​ផ្ទៃដី​ប្រមាណ​ជាង ១២.១៥០​គីឡូម៉ែត្រ​ក្រឡា ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ប្រមាណ​ជាង ៩៣​ម៉ឺន​នាក់។ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប នេះ គឺ​ប្រមាណ ២៥% ជា​អាជីវករ និង​អ្នក​ធ្វើ​ការងារ។ ចំណែក ៧៥% ទៀត ជា​កសិករ​ធ្វើ​ស្រែ និង​ចម្ការ។


ថ្វី​ត្បិត​តែ​ខេត្ត​សៀមរាប មាន​មន្ត​ស្នេហ៍​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​ពិភពលោក​ជាច្រើន​បាន​ស្គាល់​ថា តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​ក៏ដោយ ក៏ប៉ុន្តែ​ប្រសិន​បើ​ចោទ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​ខេត្ត​មួយ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា សៀមរាប ហើយ តើ​ឈ្មោះ​នេះ​មាន​ចាប់​តាំង​ពី​ពេល​ណា? គឺ​ប្រាកដ​ជា​មាន​មនុស្ស​តែ​តិចតួច​ដែល​បាន​ដឹង។
បុរស​ចំណាស់​អាយុ​ជិត ៧០​ឆ្នាំ រស់​នៅ​ក្រុង​សៀមរាប គឺ​លោក មែន គឹមសាន។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ស្គាល់​ឈ្មោះ​ ខេត្ត​សៀមរាប តាំង​ពី​លោក​នៅ​កុមារ​ភាព ក៏ប៉ុន្តែ​លោក​មិន​ដឹង​អំពី​ប្រវត្តិសាស្ត្រ​អតីត​កាល​យ៉ាង​ណា​ទេ៖ «ដែល​អ៊ំ​កើត​មក​នោះ ឮ​តែ​គេ​និយាយ​ថា យ៉ាង​ម៉េច​បាន​តែ​ដាក់​ថា សៀមរាប? គេ​ឆ្លើយ​ថា​មក​ពី​ទី​នេះ សៀម គេ​វាយ​រាប​បាន​ជា​គេ​ដាក់​ថា សៀមរាប។ មិន​ដឹង​ថា ទ័ព​សៀម ចូល​មក​ពី​ឆ្នាំ​ណា​ក៏​អត់​ដឹង គឺ​មិន​ច្បាស់​លាស់​ទេ អ៊ំ​នោះ។ កើត​មក​មិន​បាន​ជា​គិតគូរ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​អ្វី​ឡើយ»។
អ្នក​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា បាន​ពន្យល់​ប្រហាក់​ប្រហែល​គ្នា​ថា ពាក្យ សៀម គឺ​ទាក់ទង​នឹង​ប្រទេស​មួយ ដែល​បច្ចុប្បន្ន​បាន​ប្រែ​ឈ្មោះ​ទៅ​ជា​ថៃ ទៅ​ហើយ។ ឯ​ពាក្យ​ថា រាប គឺ​មាន​ន័យ​ថា ចាញ់។
អនុ​ប្រធាន​ផ្នែក​​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លោក សំបូរ មាណ្ណារ៉ា បាន​ពន្យល់​ថា ចាប់​ពី​សតវត្ស​ទី​៩ និង​ទី​១០ នៃ​គ្រិស្ត​សករាជ ខេត្ត​សៀមរាប គេ​បាន​ប្រើ​ឈ្មោះ​ជា​ទីក្រុង​យសោធបុរៈ ដោយសារ​តែ​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះនាម ព្រះបាទ យសោ​វរ្ម័ន​ទី​១ បាន​កសាង។ ក៏ប៉ុន្តែ​ក្រោយ​មក ត្រូវ​បាន​គេ​ហៅ​ថា អាណាចក្រ​អង្គរ។ នៅ​ក្នុង​រជ្ជកាល​នៃ​ព្រះរាជា​ក្រោយៗ​មក ដែល​បាន​ប្ដូរ​រាជធានី​ទៅ​តាំង​នៅ​ភាគ​ខាង​ត្បូង និង​ទួល​បាសាន រហូត​ដល់​ចតុមុខ ជាដើម គឺ​ទីក្រុង​អង្គរ ត្រូវ​បាន​បោះ​បង់​ចោល​មួយ​រយៈ។ ជាច្រើន​ឆ្នាំ​ក្រោយ​មក ទើប​មាន​ការ​ចាប់​ផ្ដើម​គ្រប់គ្រង​ជា​រាជធានី​ឡើង​វិញ។

លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បាន​ពន្យល់​ទៀត​ថា បន្ទាប់​ពី​មាន​ការ​គ្រប់គ្រង​ជា​រដ្ឋបាល​ឡើង​វិញ​នោះ គឺ​តំបន់​អង្គរ​ត្រូវ​បាន​ទ័ព​សៀម នៃ​នគរ​ស្រីអយុធ្យា ចូល​មក​លុកលុយ​ជា​ច្រើន​លើក ចាប់​តាំង​ពី​សតវត្ស​ទី​១៤ នៃ​គ្រិស្ត​សករាជ។ នៅ​ក្នុង​សតវត្ស​ទី​១៥-១៦ មាន​ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ព្រះនាម អង្គច័ន្ទ​រាជា បាន​ធ្វើ​ចម្បាំង​ជាមួយ​ទ័ព​សៀម ដើម្បី​បណ្ដេញ​ឱ្យ​ចេញ​ពី​តំបន់​អង្គរ។ ក្នុង​ការ​ធ្វើ​សង្គ្រាម​កាល​ណោះ គឺ​កងទ័ព​ខ្មែរ​បាន​ជោគជ័យ ហើយ​ពាក្យ​ថា សៀមរាប គឺ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ បន្ទាប់​ពី​ជ័យ​ជម្នះ​របស់​កងទ័ព​ខ្មែរ៖ «ពាក្យ​ថា សៀមរាប គឺ​មាន​ន័យ​ថា សៀម បាន​ខ្លបខ្លាច​លោក បាន​ចាញ់​លោក បាន​អស់​ឫទ្ធិ​អ៊ីចឹង​ទៅ។ ដូច្នេះ គេ​ឱ្យ​ឈ្មោះ​ថា តំបន់​សៀមរាប នេះ​ជា​ទស្សនៈ​របស់​ជាតិ​ខ្មែរ របស់​អ្នក​តំណ​ដែល​បាន​លើក​ឡើង​ក្នុង​ដំណែល​ប្រវត្តិសាស្ត្រ​នេះ​ផង​ដែរ។ ចំណុច​នេះ​ហើយ បាន​ជា​ចាប់​ផ្ដើម​មាន​ពាក្យ​ថា សៀមរាប»។
ការ​អធិប្បាយ​របស់​លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា នេះ គឺ​ដូច​គ្នា​នឹង​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ផ្សេង​ទៀត។
សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​សង្ខេប​មួយ ដែល​សរសេរ​ដោយ លោក នួន សុធិមន្ត ដែល​បច្ចុប្បន្ន​ជា​មន្ត្រី​រាជការ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​អធិប្បាយ​ថា នៅ​ឆ្នាំ​១៥២៥ នៃ​គ្រិស្ដ​សករាជ ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះនាម អង្គច័ន្ទ​រាជា​ទី​១ បាន​វាយ​បង្ក្រាប​កងទ័ព​សៀម ដែល​ឈ្លាន​ពាន ឱ្យ​បរាជ័យ​នៅ​តំបន់​អង្គរ។ ដូច្នេះ​ហើយ បាន​ជា​ព្រះបាទ​អង្គច័ន្ទ​រាជា​ទី​១ បាន​ដាក់​ឈ្មោះ​ថា សៀមរាប គឺ​មាន​ន័យ​ថា ទ័ព​សៀម ចាញ់​រាប​ដូច​កន្ទេល។


បច្ចុប្បន្ន​នេះ ខេត្ត​សៀមរាប មិន​ត្រឹម​តែ​ជា​និមិត្តរូប​នៃ​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ វា​ក៏​កំពុង​នាំ​ប្រទេស​កម្ពុជា ឱ្យ​ទទួល​បាន​នាម​ថ្មី​មួយ​ទៀត គឺ​ ព្រះរាជាណាចក្រ​អច្ឆរិយ ដោយសារ​តែ​ភាព​ល្បីល្បាញ​ខាង​វប្បធម៌​ប្រវត្តិសាស្ត្រ។
អ្នក​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ក្នុង​ពិភពលោក​កំពុង​នាំ​គ្នា​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ​ដ៏​សម្បូរ​បែប​នា​ទឹក​ដី​នេះ។
ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០១៤ គឺ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជាង ៣០​ម៉ឺន​នាក់ បាន​មក​ទស្សនា​តំបន់​អង្គរ។ ក្រុម​ទេសចរ​បរទេស​ទាំង​នោះ បាន​ចាប់​អារម្មណ៍​ទៅ​លើ​សំណង់​បុរាណ​ដែល​ជា​ប្រវត្តិសាស្ត្រ និង​សម្រស់​ធម្មជាតិ៖ «ភ្ញៀវ​មួយ​ចំនួន​ទៅ​ភ្នំ​គូលែន ជាពិសេស​ភ្ញៀវ​រុស្ស៊ី។ មាន​ទៅ​តំបន់​បឹង​ទន្លេសាប ហើយ​និង​ប៉ែក​តំបន់​អង្គរ​ធំ»។
ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​តំបន់​អង្គរ ហើយ​កើន​ឡើង​ច្រើន​ជាង​គេ មាន​ដូច​ជា ជនជាតិ​ចិន កូរ៉េ វៀតណាម និង​រុស្ស៊ី ជាដើម។ ជា​រៀង​រាល់​ថ្ងៃ មាន​ជនជាតិ​កូរ៉េ ជាច្រើន​បាន​នាំ​ភ្ញៀវ​ទេសចរ​ដើរ​ទស្សនា​ក្នុង​រមណីយដ្ឋាន​អង្គរ។
អ្នក​មគ្គុទ្ទេសក៍​ជាតិ​ខ្មែរ​មួយ​រូប គឺ​លោក រ៉េត សាមុត បាន​មាន​ប្រសាសន៍​ថា ខេត្ត​សៀមរាប ប្រៀប​បាន​ទៅ​នឹង​ជង្រុក​វប្បធម៌​ដ៏​សម្បូរ​បែប ដោយ​ធ្វើ​ឱ្យ​អ្នក​ទេសចរ​បរទេស​ចង់​ឃើញ និង​ចង់​ស្វែង​យល់៖ «ក្នុង​នោះ​យើង​សង្កេត​ឃើញ​មាន​ប្រាង្គ​ប្រាសាទ​ចំនួន ៥៤៤​ប្រាសាទ ហើយ​មាន​ស្ពាន​ថ្ម​ចំនួន​៥៩ ហើយ​ក៏​មាន​ស្រះ បារាយណ៍ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ផ្សេងៗ រួម​ជាមួយ​នឹង​វត្ថុ​សិល្បៈ​ផ្សេងៗ ដូច​ជា ប្រពៃណី​ទំនៀមទម្លាប់​ក៏​រួម​ផ្សំ​ផង​ដែរ»។
លោក រ៉េត សាមុត បាន​អធិប្បាយ​ថា ដោយសារ​តែ​មាន​ប្រាង្គ​ប្រាសាទ និង​វប្បធម៌​ដ៏​យូរ​លង់​នេះ ធ្វើ​ឱ្យ​ទឹក​ដី​ខេត្ត​សៀមរាប មាន​មន្ត​ស្នេហ៍​យ៉ាង​ខ្លាំង ក្នុង​ការ​ទាក់ទាញ​បេះដូង​អ្នក​ទេសចរ​ចម្រុះ​ជាតិ​សាសន៍៖ «ទឹក​ដី​ខេត្ត​សៀមរាប យើង​នេះ បាន​បង្កប់​មន្ត​ស្នេហ៍​សម្រាប់​គេ​ទៅ​ទស្សនា​ពេល​ព្រះអាទិត្យ​លិច ក៏​ដូច​ជា​ទៅ​មើល​ជីវិត​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ ដូច​ជា ច្រូត​កាត់ ដក​ស្ទូង ជាដើម និង​ការ​ធ្វើ​តម្បាញ​សិប្បកម្ម ដូច​ជា កន្ត្រក ជាល ស្មុគ​អី​ជាដើម គឺ​ឃើញ​ថា​ច្រើន​មែន​ទែន»។


អ្នក​ប្រវត្តិសាស្ត្រ​បាន​ឱ្យ​ដឹង​ថា ខេត្ត​សៀមរាប បាន​ឆ្លង​ការ​ចម្បាំង និង​ការ​ធ្វើ​អាណានិគម​ពី​បរទេស​ជាច្រើន​ជំនាន់​រាប់​មិន​អស់ ក៏ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​ទី​នេះ​នៅ​តែ​រក្សា​ទុក​បាន​នូវ​សំនៀង​ដើម​នៃ​ភាសា​របស់​ខ្មែរ ជាមួយ​នឹង​វប្បធម៌​ជា​ច្រើន​ទៀត ដែល​តំបន់​ផ្សេងៗ​បាន​បាត់​បង់​អស់​ទៅ​ហើយ។ វប្បធម៌​ទាំង​នេះ ដូច​ជា ពិធី​កោរ​ជក់​កូន​ក្មេង ពិធី​ចូល​ម្លប់ ពិធី​ហៅ​ព្រលឹង និង​ពិធី​រំដោះ​គ្រោះ​ជាដើម។ មាន​អ្នក​ភូមិ​ខ្លះ នៅ​ពេល​ដែល​ត្រូវ​ការ​ស្រោច​ទឹក​រំដោះ​គ្រោះ គឺ​គេ​តែង​ទៅ​វត្ត​ដើម្បី​ទូល​សុំ​ព្រះសង្ឃ​ឱ្យ​ធ្វើ​ពិធី ព្រម​ទាំង​មាន​ដូន​ចាស់​ជាច្រើន​នាក់ អង្គុយ​ព័ទ្ធ​ជុំវិញ​ស្រែក​ហៅ​ព្រលឹង​ផង។
ក្រៅ​តែ​ពី​ប្រាសាទ​បុរាណ និង​ប្រពៃណី​វប្បធម៌​ដែល​អាច​ទាក់ទាញ​អ្នក​ទេសចរ​បរទេស​ច្រើន​លាន​នាក់​ក្នុង​១​ឆ្នាំ​នោះ កត្តា​ដែល​ជួយ​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​រស់​នៅ​បាន ដោយ​អាស្រ័យ​លើ​កសិកម្ម គឺ​ទី​ពឹង​លើ​ប្រភព​ទឹក​ជា​អ្នក​ផ្ដល់​ជីវិត​ឱ្យ​សត្វ​លោក ដែល​ហូរ​ចុះ​ពី​កំពូល​ភ្នំ​គូលែន ជា​ទី​ស័ក្តិសិទ្ធិ​ទៅ​កាន់​បឹង​ទន្លេសាប។
បឹង​ទន្លេសាប​មិន​មែន​តែ​ជា​កន្លែង​គយគន់​ទេសភាព​នៃ​អ្នក​ទេសចរណ៍​ប៉ុណ្ណោះ​ទេ គឺ​ជា​តំបន់​ផ្ដល់​ប្រភព​ត្រី​ឱ្យ​ធ្វើ​ជា​ម្ហូប​អាហារ តាំង​តែ​ពី​សម័យ​កសាង​អង្គរ​មក​ម្ល៉េះ។
ស្នាម​អារ្យធម៌​ដ៏​ខ្ពង់ខ្ពស់​សម្បូរ​បែប​របស់​បុព្វបុរស​ខ្មែរ ដែល​បន្សល់​ទុក​នៅ​ខេត្ត​សៀមរាប គឺ​មិន​ត្រឹម​តែ​បង្ហាញ​ឱ្យ​ដឹង​ពី​ភាព​រុងរឿង​នៃ​អតីតកាល​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​អនាគត​ក៏​នឹង​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍ ដែល​គ្មាន​គូ​ប្រៀប​ដែរ។
ការ​សិក្សា​ស្ដីពី​ផែន​ការ​មេ​រួម សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ និរន្តរភាព​ក្រុង​សៀមរាប មួយ​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន បាន​ទស្សន៍ទាយ​ថា សៀមរាប នឹង​ក្លាយ​ទៅ​ជា​ទីក្រុង​ទេសចរណ៍​ល្អ​បំផុត​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍ នៅ​ឆ្នាំ​២០២០ ដោយ​ឈរ​លើ​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​សិល្បៈ វប្បធម៌ និង​លក្ខណៈ​ជា​ខ្មែរ៕