ចុះយួនមានបង្ក្រាបទេ? សមត្ថកិច្ចឃាត់ខ្លួនរាស្ត្រខ្មែរ៩នាក់ ដោយសារការនេសាទខុសច្បាប់ នៅខេត្តកំពង់ឆ្នាំង (មានវីដេអូ)

130

កំពង់ឆ្នាំង៖បទល្មើសនេសាទ ស្ទើរពាសពេញខេត្តកំពង់ឆ្នាំង អ្នកណាៗក៏ដឹងដែរ ដែលភាគច្រើនប្រព្រឹត្តដោយជនជាតិវៀតណាម ជាពិសេសនៅស្រុកចំនួន៣ គឺ ស្រុកបរិបូរណ៍ ស្រុកកំពង់លែង និង ស្រុកជលគិរី ។

ថ្មីៗនេះ សមត្ថកិច្ចបានឃាត់ខ្លួនរាស្ត្រខ្មែរ៩នាក់ ដោយសារការនេសាទខុសច្បាប់ នៅខេត្តកំពង់ឆ្នាំង នាំអោយមានការរិះគន់យ៉ាងខ្លាំងក្លា ។

នគរបាលខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើសនេសាទចំនួន២នាក់និង៧នាក់ទៀត ត្រូវបានឃាត់ខ្លួន ពីបទរារាំងមិនប្រគល់វត្ថុតាង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ថ្មីៗនេះ នៅចំណុចភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ នេះបើតាមសម្ដីរបស់មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចម្នាក់ដែលបានចុះទៅបង្ក្រាបករណីនេះ ។

ប្រភពព័ត៌មាន បញ្ជាក់នៅថ្ងៃទី១៤ ខែមករា នេះថា ចំពោះមនុស្ស២នាក់ សមត្ថកិច្ចបានបញ្ជូនទៅខាងជំនាញរដ្ឋបាលជលផល ។ ចំណែកមនុស្ស៧នាក់ ទៀត ត្រៀមបញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំង ។

ជុំវិញបញ្ហានេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ថ្លែងថា លោកមិនដែលឃើញការបង្រ្កាបទ្រង់ទ្រាយធំ ទៅលើអ្នកភូមិដាក់សម្រាស់ក្នុងទឹកដីខេត្តកំពង់ឆ្នាំងបែបនេះទេ ។ ប៉ុន្តែ លោកសុំមិនមានយោបល់ទេ ដោយលោកបានត្រឹមតែទទួលមនុស្ស២នាក់ដែលជាអ្នកប្រព្រឹត្តដែលខាងនគរបាលបញ្ជូនមកជំនាញ ដើម្បីបន្តនីតិវិធី ។

មហាជន សង្ឃឹមថា ខាងតុលាការនិងជំនាញ នឹងមានការយោគយល់ចំពោះប្រជាពលរដ្ឋខ្មែរទាំងនេះ ដែលប្រកបរបរដើម្បីចិញ្ចឹម ត្រឹមម៉ារស់ៗប៉ុណ្ណោះ ៕