(អាចែ) ធ្លាប់ជាអ្នកបើកតាក់ស៊ី អ្នកយាមទ្វារឱ្យគេ ក្លាយជាតារាល្បីមានលុយរាប់រយលានដុល្លារ

513

លោកអ្នកប្រាកដជាស្គាល់កំពូលតារាភាពយន្តជើងចាស់ចិនគឺលោក ចូវ យ៉ុនហ្វាត (អាចែ) ជាក់ជាមិនខានតាមរយៈភាពយន្តដែលលោកបានសម្តែងជាច្រើន។ លោក ចូវ យ៉ុនហ្វាត (អាចែ) កើតនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៥៥ នៅលើកោះ Lamma ក្នុងផ្ទះមួយដែលគ្មានភ្លើងអគ្គីសនីប្រើប្រាស់ ក្នុងទីក្រុងហុងកុង នៃប្រទេសចិន។

លោក ចូវ យ៉ុនហ្វាត បានរៀបការចំនួន ២ ដង (លើកទី ១ ជាមួយលោកស្រី Candice Yu នៅឆ្នាំ ១៩៨៣ ដោយលែងលះគ្នានៅឆ្នាំ ១៩៨៣ និងលើកទី ២ ជាមួយលោកស្រី Jasmine Tan នៅឆ្នាំ ១៩៨៦ មកដល់បច្ចុប្បន្ន ហើយលោកគ្មានកូនទេ) ហើយលោក ចូវ យ៉ុនហ្វាត មានកម្ពស់ ១៨៣ សង់ទីម៉ែត្រ។

លោក ចូវ យ៉ុនហ្វាត មានឪពុក ជាអ្នកធ្វើការនៅក្រុមហ៊ុនប្រេងឥន្ធនៈ Shell Oil និងម្តាយ ជាកសិករដាំ-លក់បន្លែ និងធ្វើនំលក់។ លោក ចូវ យ៉ុនហ្វាត ត្រូវក្រោកពីព្រលឹមដើម្បីជួយម្តាយលក់នំ ដោយដើរលក់តាមផ្លូវ ហើយពេលរសៀលលោកចេញទៅធ្វើការនៅស្រែ។ ក្រោយមកទៀត គ្រួសាររបស់លោកបានផ្លាស់ប្តូរទីលំនៅ ទៅរស់នៅ Kowloon ដែលជាតំបន់ជាយក្រុង នៃទីក្រុងហុងកុង ខណៈលោកមានអាយុត្រឹមតែ ១០ឆ្នាំ។

នៅពេលលោកមានអាយុ ១៧ឆ្នាំ លោកបានឈប់រៀន ដើម្បីរកចំណូលចិញ្ចឹមគ្រួសារបន្ថែម ហើយការងារដែលលោកធ្លាប់ធ្វើមានដូចជា អ្នកជញ្ជូនឥវ៉ាន់នៅសណ្ឋាគារ, អ្នករត់សំបុត្រ, អ្នកលក់កាមេរ៉ា, អ្នកយាមទ្វារ និងអ្នកបើក Taxi។ ក្រោយពីឈប់រៀន លោកទទួលបានការសែតពីការជ្រើសរើស និងហ្វឹកហាត់ពីតួសម្តែង ហើយជាប់ជាតួសម្តែងនៅក្នុងទូរទស្សន៍ TVB ដែលជាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយដែលល្បីល្បាញ។ លោក ចូវ យ៉ុនហ្វាត បានចុះកុងត្រាជាមួយ TVB រយៈពេល ៣ឆ្នាំ នៅក្នុងការសម្តែងជាលើកដំបូងរបស់លោក។

លោក ចូវ យ៉ុនហ្វាត បានចាប់ផ្តើមចូលសំដែងភាពយន្តនៅឆ្នាំ១៩៨០ ដែលផ្សាយតាមទូរទស្សន៍ TVB បន្ទាប់មកលោកបានចូលសំដែងនៅក្នុងខ្សែភាពយន្តហូលីវូដដំបូង នៅក្នុងពាក់កណ្តាលឆ្នាំ ១៩៩០ ក្នុងរឿង The Replacement Killers (១៩៩៨) និងរឿង The Corruptor (១៩៩៩) តែភាពយន្តមិនទទួលបានជោគជ័យទេ ទើបតែឆ្នាំ ២០០៣ លោកបានទៅសំដែងនៅហូលីវូដម្តងទៀតក្នុង រឿង Bulletproof Monk ហើយទទួលបានជោគជ័យ។

នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០០៨ លោកបានចងក្រង និងបោះពុម្ពអាល់ប៊ុមរូបថតផ្ទាល់ខ្លួន រួមនឹងការសម្តែងភាពយន្តរបស់លោក ដើម្បីលក់ និងផ្តល់ចូលក្នុងមូលនិធិជួយដល់អ្នករងគ្រោះដោយសាររញ្ជួយដីក្នុងខេត្ត Sichuan ប្រទេសចិន​​ ដែលមានលក់នៅទីក្រុងហុងកុង និងប៉ារីស។

បើទោះបីជាលោកបានរៀបការជាច្រើនឆ្នាំហើយក្តី តែលោកពុំមានកូននោះទេ គឺមានតែកូនស្រីធម៌ឈ្មោះ Celine Ng ដែលជាបុគ្គលិកធ្វើការនៅ Chickeeduck, McDonald’s, Toys’R’Us និងក្រុមហ៊ុនជាច្រើនទៀត។

សព្វថ្ងៃនេះ លោក ចូវ យ៉ុនហ្វាត (អាចែ) មានទ្រព្យសម្បត្តិសរុប ៧១៤ លានដុល្លារអាមេរិក ខណៈភរិយារបស់លោក ក៏ជាកូនស្រីសេដ្ឋីមួយរូបផងដែរ៕