សម្តេចតេជោ បញ្ជាឲ្យបើកការស៊េីបអង្កេតករណីប៉េអឹមខេត្តបន្ទាយមានជ័យ​ សង្ស័យធ្វេីទារុណកម្ម​ ធ្វេីអោយពលរដ្ឋម្នាក់ស្លាប់

20383

តំណាងអ្នកតវ៉ារឿងទំនាស់ដីធ្លីម្នាក់ ក្នុងចំណោម៥នាក់បានស្លាប់ទាំងមានរបួសស្នាមពេញខ្លួន ក្រោយពេលកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន និងបញ្ជូនទៅកាន់ពន្ធនាគារ ខេត្តបន្ទាយមានជ័យ។ ការស្លាប់នេះត្រូវបានសង្ស័យថាដោយសារតែការធ្វើទារុណកម្មពីសំណាក់កងកម្លាំងអាវុធហត្ថ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកជាប់ឃុំ១រូប ក្នុងចំណោម៥រូប ដែលមានឈ្មោះ ទុយ ស្រស់ អាយុ ៣៤ឆ្នាំ រស់នៅភូមិជ្រៃ ឃុំសឹង្ហ ស្រុកអូរជ្រៅ ត្រូវបានស្លាប់ដោយមានរបួសជាំពេញខ្លួន ក្រោយសមត្ថកិច្ចចាប់បញ្ជូនទៅឃុំ នៅពន្ធនាគារអស់ប៉ុន្មានថ្ងៃ។ អ្នកដែលកងកម្លាំងចាប់ខ្លួនយកទៅឃុំទាំងនោះ គឺជាតំណាងពលរដ្ឋតវ៉ារឿងដីធ្លី នៅមុខសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែធ្នូ ២០១៩កន្លងទៅនេះ។ បើតាមការឲ្យដឹងរបស់ស្ត្រី ដែលត្រូវជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ថា ក្នុងថ្ងៃដែលសមត្ថកិច្ចចាប់ប្ដីរបស់គាត់ គាត់បានសុំប៉េអឹម ដើម្បីចូលទៅជួបប្ដីនៅឯកន្លែងឃុំឃាំង ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ តែគ្រានោះគេមិនឱ្យចូល ទៅជួបប្ដីរបស់គាត់ឡើយ។ អ្នកស្រីជាប្រពន្ធបន្តថា ប្ដីរបស់គាត់បានធ្វើដំណើរ ទៅតាមគេតាមឯង ដើម្បីរកដីរស់នៅ មួយកន្លែង នៅក្នុងតំបន់ភូមិសាលាកន្សែង តែអាជ្ញាធរដឹកនាំដោយអភិបាលខេត្តផ្ទាល់ បានមករារាំង នឹងដុតផ្ទះសំបែង របស់ពួកគាត់តែម្ដង ដោយចោទថាពួកគាត់រស់នៅលើដីដោយខុសច្បាប់ ទើបពួកគាត់នាំគ្នាឡើងមកតវ៉ាសុំការ អន្តរាគមន៍ នៅមុខសាលាខេត្ត ដើម្បីរកដំណោះស្រាយ តែក៏ត្រូវគេចាប់ខ្លួនយកទៅឃុំតែម្ដង។ អ្នកស្រីបានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១ អ្នកស្រីបានទៅសួរសុខទុកប្តីរបស់ខ្លួន នៅឯពន្ធនាគារ ស្រាប់តែឃើញ គេសែងប្តី ឡើងរថយន្ត ដើម្បីទៅសង្គ្រោះបន្ទាន់ គាត់ក៏ធ្វើដំណើរពីក្រោយតាមម៉ូតូ លុះទៅដល់មន្ទីរពេទ្យបង្អែក ស្រាប់តែលឺដំណឹងថា ប្តីបានស្លាប់ហើយ។

ក្នុងនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន ពន្យល់ករណីពលរដ្ឋម្នាក់ ឈ្មោះ ទុយ ស្រស់ ដែលបាន ស្លា ប់ ក្រោយពីមានការឃាត់ខ្លួន ពាក់ព័ន្ធទំនាស់ដីធ្លីរួម និងបញ្ជូនទៅតុលាការ ហើយតុលាការបង្គាប់ឲ្យឃុំខ្លួន។ ក្នុងលិខិតបំភ្លឺរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ទុយ ស្រស់ មានសភាពមិនប្រក្រតី មានសុខភាពមិនល្អ និងញៀនស្រាដាច់មិនបាន ធ្វើឲ្យសុខភាពចុះខ្សោយស្លាប់ទោះក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះ។

ទាក់ទងនឹងរឿងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យជា​ ឯកឧត្តម​ កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ បើកការស៊ើបអង្កេត ស្រាវជ្រាវ​ករណី​នេះ​ ដេីម្បី​រកអ្នកធ្វេី​ ទា រុ ណ ក ម្ម​ យកមកផ្តន្ទា ទោស អោយបាន​ ។ ការថ្លែងនេះធ្វើឡើង ក្នុងពិធីពិសារអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មាននៅកោះពេជ្រ ប្រមាណ៦ពាន់អ្នក នៅកោះពេជ្រ នៅរសៀលថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ នេះ។