បើមិនជឿកុំប្រមាថ! យ័ន្តរបស់លោកឪ សួង «យ័ន្តខ្លែងឯកខ្មែរ» ល្បីផ្អើលស្រុកថៃ (មានវីដេអូ)

672

ថ្វីបើលោកតា សួង ដែលប្រជាជន ថៃ នាំគ្នាហៅថា លោកតា ឪ បានសុគតទៅជិត ២០ ឆ្នាំទៅហើយក្តី តែភាពល្បីល្បាញនៃមន្តអាគម និង យ័ន្តរបស់គាត់នៅតែស័ក្តិសិទ្ធិ ពិសេសយ័ន្តខ្លែងឯកខ្មែរ ។ លក្ខណៈពិសេសនៃយ័ន្តរបស់លោកតា សួង គឺ «យ័ន្តខ្លែងឯកខ្មែរ» ដែលចារដោយអក្សរខ្មែរបុរាណ សម័យមុនអង្គរ និង សម័យអង្គរ ។

អក្សរនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយអ្នកសច្ចំនៅតាម ជួរភ្នំដងរែក ដូចជា ភ្នំព្រះវិហារ ភ្នំគូលែន ភ្នំត្បែង…ជាដើម ដែលសុទ្ធសឹងតែជាអ្នកសម្រេចនូវ ឈាន និង អភិញ្ញា អាចដកព្រលឹងវិញ្ញាណចេញពីរូបកាយបាន ចេះមន្តអាគម ចេះវិធីព្យាបាលជំងឺយ៉ាងពូកែស័ក្តិសិទ្ធតាមបែបបុរាណ និង ចេះទស្សន៍ទាយប្រមើលមើលអំពីនិស្ស័យរបស់សត្វលោក ។

តេជានុភាពនៃយ័ន្តរបស់លោកតា សួង គឺជួយបណ្តេញពពួកព្រាយអសុរកាយ អាប ធ្មប់ អំពើអំព័ន្ធចេញពីក្នុងខ្លួន ជួយឱ្យមានលាភជ័យ និង ជួយការពារខ្លួនពីគ្រោះមហន្តរាយផ្សេងៗ ។

អ្នកសច្ចំភ្នំត្បែង លោកតា សួង ព្រះនាមដើម ជុក សួង កើតថ្ងៃអង្គារ ១៥ កើត ខែ កត្ដិក ឆ្នាំ ជូត ឆស័ក ព.ស. ២៤៦៨ ត្រូវនឹងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ១៩២៤ ក្នុងត្រកូលកសិករ នៅភូមិ គូលែនជើង ឃុំ គូលែនជើង ស្រុក គូលែន ខេត្ត ព្រះវិហារ ។ ឳពុកឈ្មោះ ពួត ជុក ម្ដាយឈ្មោះ អ៊ិន ផាន់ មានបងប្អូន ៨ នាក់ ។

នៅឆ្នាំ ១៩៤០ ឳពុកម្ដាយបានបញ្ជូនឱ្យទៅស្នាក់នៅរៀនសូត្រក្នុងវត្ត គូលែនជើង ។ អាយុ ១៨ ឆ្នាំ បានបួសជាសាមណេរ និង បានបំពេញជាព្រះភិក្ខុក្នុងព្រះជន្ម ២០ ព្រះវស្សា ។ ក្នុងឆ្នាំ ១៩៤៥ លោក បានលាចាកសិក្ខាបទមកប្រកបរបស្រែចំការជាមួយគ្រួសារមួយរយៈ ក៏ថ្វាយបង្គំលាឳពុកម្ដាយទៅបួសរៀន ជាអ្នកសច្ចំនៅលើខ្នងភ្នំត្បែង ចេះនូវក្បួនហោរាសាស្ត្រ ក្បួនវេជ្ជសាស្ត្របុរាណ និង មន្តអាគមគាថា ដ៏ពូកែស័ក្ដិសិទ្ធ ។បន្ទាប់មកនៅឆ្នាំ ១៩៧០ លោកតា សួង បាននិមន្តចុះពី ភ្នំត្បែងធ្វើការផ្សព្វផ្សាយព្រះធម៌អប់រំអ្នកស្រុក ឱ្យធ្វើ អំពើល្អ កតញ្ញូចំពោះអ្នកមានគុណ ជួយសង្គ្រោះអ្នកមានទុក្ខភ័យ និង ជួយព្យាបាលអ្នកមានជំងឺ ។ តាំងពីពេលនោះគុណធម៌អ្នកសច្ចំភ្នំត្បែងបានល្បីសុះសាយគ្រប់ទិសទីរហូតដល់ព្រះរាជាណាចក្រថៃ ។ លោកតា សួង សុគតនៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំរោង ទោស័ក ព.ស. ២៥៤៤ ត្រូវនឹង ថ្ងៃទី ៨ ខែកញ្ញា គ.ស.២០០០ នៅវត្ត ព្រៃផាថាណា ស្រុក ភូសិញ ខេត្ត ស៊ីសាកេត (ព្រះរាជាណាចក្រ ថៃ) ក្នុងព្រះជន្ម ៧៦ ព្រះវស្សា ៕