ភ្នំពេញ : យុវសិស្សម្នាក់ រៀននៅសាលាអន្តរជាតិអាមេរិកាំង AIS ត្រូវមិត្តភក្តិវាយរហូតដល់ស្លាប់ ពេលបញ្ជូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។
បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
ប្រភពពីមិត្តភក្តិ បានឲ្យដឹងថា មុនកើតហេតុ មានទំនាស់ពាក្យសំដីជាមួយមិត្តភក្តិ ដែលរៀននៅថ្នាក់ជាមួយគ្នា ដោយប្រើសំដីអាមឹង ហើយណាត់គ្នា វាយគ្នា មួយទល់មួយ នៅមុខសាលាផ្លូវ៤៣០ ជនរងគ្រោះត្រូវដៃគូទំនាស់វាយមួយដៃចំដើមទ្រូង និងក បណ្តាលឲ្យចុកណែន ហើយត្រូវមិត្តភក្តិរួមថ្នាក់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់ទៅហើយ ។ ភ្លាមៗជនដៃដល់ដែលមានអាយុត្រឹម១៥ឆ្នាំនោះ ក៏បានគេចខ្លួនផងដែរ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ មានសន្តិសុខមន្ទីរពេទ្យរុស្ស៊ីបានរាយការណ៍ មកអាជ្ញាធរថា យុវសិស្សម្នាក់ស្លាប់ ពេលដាក់ម៉ូតូបញ្ជូលមកដល់ពេទ្យ ហើយក្រោយមកក៏នគរបាលប៉ុស្តិ៍ បានចាត់កម្លាំងចុះទៅដល់មន្ទីរពេទ្យ និងសាកសួរនាំយុវជនម្នាក់ ពីដំណើររឿងបង្កហិង្សា រហូតបណ្ដាលឲ្យមានមនុស្សស្លាប់យុវជនម្នាក់ អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៩ ( ឃ)។ បច្ចុប្បន្នសពតម្កល់នៅសាលមន្ទីរពេទ្យរង់ចាំផ្នែកជំនាញ កោសល្យវិច័យស្នងការរាជធានីភ្នំពេញ ដើម្បីរកមូលហេតុ និងស្រាវជ្រាវរកជនដៃដល់ យកមកសាកសួរនាំ ៕