វីរុសផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា បាននឹងកំពុងឆ្លងទៅកាន់មនុស្សជាច្រើនពាន់នាក់នៅតាមបណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ីភាគកណ្តាលប្រទេសចិន ដែលវីរុសថ្មីមួយនេះបាននឹងកំពុងតែបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល។ វូហាន គឺជាទីក្រុងធំមួយក្នុងខេត្ត ហ៊ូប៉ី ដែលមានប្រជាជនសរុបជាង ១០លាននាក់ឯណោះ ហើយអាជ្ញាធរបានចេញបម្រាមបិទទីក្រុង និងខេត្តនេះទាំងមូលហើយ ដោយមិនអាចមានការធ្វើដំណើរចេញចូលដោយសេរីទៀតឡើយ។
សូមជម្រាបថាគិតមកដល់ព្រឹកថ្ងៃច័ន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះ មានមនុស្សចំនួន ៨០នាក់ហេីយ ដែលបានស្លាប់បាត់បង់ជីវិតនិងចំនួនអ្នកឆ្លងទូទាំងពិភពលោកមានចំនួន២៧៦១ ករណីដែលរួមមានប្រទេសដូចជា៖ ចិន ហុងកុង ថៃ បារាំង ម៉ាឡេស៊ី សឹង្ហបុរី តៃវ៉ាន់ ម៉ាកាវ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក វៀតណាម អូស្ត្រាលី ណេប៉ាល់ កាណាដា។
ក្នុងនោះដែរ បណ្តាប្រទេសផ្សេងៗនៅទូទាំងពិភពលោក បាននឹងកំពុងមានការតាមដានយ៉ាងយកចិត្តទុកដាក់ដេីម្បីទប់ស្កាត់ និងព្យាយាមធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ចំពោះអ្នកដំណើរនានានៅតាមព្រលានយន្តហោះ ជាពិសេសយន្តហោះដែលមានជើងហោះហើរពីចិន ដើម្បីស្វែងរកមើលអ្នកដែលគេសង្ស័យថាមានផ្ទុកវីរុសនេះ។
ដោយឡែកកាលពីម្សិលមិញនេះ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នារីដ៏ស្រស់ស្អាតម្នាក់ មានគណនី ហ្វេសប៊ុកមួយដែលមានឈ្មោះ Mey Seav បានបង្ហោះសារមួយឃ្លា អំពីគោលបំណងរបស់ខ្លួន ដោយចង់បង្កើតកម្មវិធីរ៉ៃថវិកា ដើម្បីធ្វើការចែកម៉ាស 3M ដោយឥតគិតថ្លៃជូនទៅដល់ប្រជាពលរដ្ឋ លោកតា លោកយាយ ដែលមិនមានលិទ្ធភាព ក្នុងការទិញម៉ាសនេះ។ ក្នុងនោះដែរម្ចាស់គណនីរូបនេះបានសរសេរប្រាប់ឱ្យដឹងថា៖
“ខ្ញុំចង់បើកការចែកម៉ាស 3M ចំនួន ១០,០០០ ម៉ាស ៥,០០០ម៉ាស រឺតិចជាងនេះទៅតាម ជំនួយរបស់អ្នកទាំងអស់គ្នា ដោយត្រូវការ បងប្អូនចូលរួមជាថវិកាជាមួយខ្ញុំ ដើម្បីទិញម៉ាសការពាររោគវីរុសថ្មី សំរាប់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា ការពារប្រសើរជាងព្យាបាល មេរោគដ៏កាចសាហាវនេះអាចឆ្លងយ៉ាងឆាប់រហ័សនិងស្លាប់លឿនបំផុតដោយមិនមានថ្នាំព្យាបាលទេ ទោះមិនទាន់រាលដាលក្នុងប្រទេសយើងខ្លាំងក្លាតែវានិងឆ្លងតាមរយះ ប្រជាពលរដ្ឋដែលឧស្សាធ្វើដំណើរតាមព្រលានយន្ដហោះ ដោយម៉ាសធម្មតាការពារមិនបាន ១០០%ឡើយ។
តែពេលនេះខ្ញុំត្រូវការជំនួយ ដោយសារម៉ាសថ្លៃខ្លាំង ហើយខ្ញុំកំពុងទាក់ទងទៅខាងរោងចក្រផ្ទាល់ដើម្បីសួរតំលៃម៉ាស ហើយខ្ញុំនិងផ្ញើរតំលៃទៅខាង បងប្អូនដែលចូលរួម ជាជំនួយ ជាមួយ Team យើងខ្ញុំផងដែរ នៅពេលដែលគេឆ្លើយតបមកខ្ញុំវិញ។ បើខាងរោងចក្រមិនទាន់ឆ្លើយតប ដាច់ខាតខ្ញុំមិនទទួលលុយបងប្អូនណាមួយឡើយ”៕