Update! អ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមប្រភេទថ្មីកើនដល់៨០នាក់ហើយ ខណៈអ្នកឆ្លងវិរុសដ៏សាហាវនេះកើនលើស២៧៤៤ករណី

56247

(ចិន)៖ យោងតាមសារព័ត៌មានរបស់ចិន បានចេញផ្សាយនៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះថា វិរុសផ្លូវដង្ហើមប្រភេទថ្មីនេះ បានសម្លាប់មនុស្សកើនដល់៨០នាក់ហើយ ចំណែកអ្នកឆ្លងវីរុសដ៏សាហាវនេះនៅប្រទេសចិន បានកើនឡើងរហូតដល់២៧៦១នាក់ ខណៈប្រមាណ៣៧ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) ខណៈដែលជំងឺកាចសាហាវនេះបានរាតត្បាតដល់ប្រទេសមួយចំនួន ប៉ុន្តែមិនទាន់មានមកដល់ប្រទេសកម្ពុជានៅឡើយទេ។

ខាងក្រោមជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតនៅចិន ព្រមទាំងចំនួនអ្នកឆ្លងនៅទូទាំងពិភពលោក៖

១៖ ប្រទេសចិន៖ ឆ្លង ២,៧៤៤នាក់ ក្នុងនោះស្លាប់ ៨០នាក់
២៖ ថៃ៖ ០៨ករណី
៣៖ អូស្ត្រាលី៖ ០៤ករណី
៤៖ បារាំង៖ ០៣ករណី
៥៖ ជប៉ុន៖ ០៤ករណី
៦៖ ម៉ាឡេស៊ី៖ ០៤ករណី
៧៖ សិង្ហបុរី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៣ករណី
៩៖ សហរដ្ឋអាមេរិក៖ ០៥ករណី
១០៖ វៀតណាម៖ ០២ករណី
១១៖ នេប៉ាល់៖ ០១ករណី
១២៖ កាណាដា ០១ករណី

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា កម្ពុជាក៏មិនទាន់រកឃើញមានករណីឆ្លងវិរុសនេះនៅឡើយទេ។ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង ថ្លែងប្រាប់យ៉ាងដូច្នេះថា៖ «មកទល់ពេលនេះគេពុំទាន់រកឃើញថ្នាំព្យាបាលសម្លាប់ Corona virus ប្រភេទថ្មីនៅឡើយទេ ហើយកម្ពុជាមិនទាន់រកឃើញមានករណីឆ្លងវិរុសនេះដែរ»។

លោករដ្ឋមន្រ្តី បានបន្តបញ្ជាក់ថា ក្រុមការងាររបស់ក្រសួងសុខាភិបាល បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ព្រមទាំងបានបង្កើនវិធានការទប់ស្កាត់ នៅតាមព្រលានយន្តហោះ និងតាមច្រកព្រំដែននានា ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា៕