ស៊ែរឲ្យសម្តេចបានឃើញផង! មន្ត្រីប៉ូលីសនៃអធិការដ្ឋានស្រុកស្អាងអាងអំណាច ប្រើអំពើហឹង្សាយ៉ាងព្រៃផ្សៃលើបុរសម្នាក់ តែគ្មានអ្នកណាហ៊ានឃាត់ខ្លួនសោះ! (មានវីដេអូ)

77680

ខេត្តកណ្តាលៈ ប្រជាពលរដ្ឋរស់នៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅបានស្នើសុំថ្នាក់លើជួយរកយុត្តិធម៌ ខណៈសមត្ថកិច្ចមិនឃាត់ខ្លួនមន្ត្រីប៉ូលីសពាក់ស័ក្តិ៣ម្នាក់ដែលគេស្គាល់ឈ្មោះ ហែន លីណា អត្តលេខ ៦៩៧៤១ ជាមន្ត្រីនគរបាលនៅក្នុងការិយាល័យចាត់តាំងបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលស្រវឹងស្រាជោគជាំបើកឡានដេញកាក់ហើយរឺយែរបុកធាក់ទ្វារឡានឲ្យរបើករួចចាប់វាយបណ្តាលឲ្យពួកគាត់រងរបួសនៅមុខមហាជននិងមុខសមត្ថកិច្ចប៉ូលីសនៅក្នុងអធិការដ្ឋាននគរបាលស្រុកស្អាង ។

ប្រជាពលរដ្ឋរងគ្រោះឈ្មោះ អាន វៃ ភេទប្រុស អាយុ ៤០ ឆ្នាំរស់នៅភូមិឃុំខាងលើបានឲ្យដឹងថា សកម្មភាពដែលមន្ត្រីប៉ូលីសរូបនេះប្រើអំពើហឹង្សាទៅលើពួកគាត់នោះ គឺបានធ្វើឡើងនៅវេលាម៉ោងជាង៨យប់ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២០ ។ ប្រជាពលរដ្ឋរងគ្រោះដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ពួកគាត់បានធ្វើដំណើរតាមផ្លូវ២១ពីត្បូងមកជើងដោយជិះរថយន្តលិចស៊ីស៣៣០រួមដំណើរជាមួយប្រពន្ធឈ្មោះ គាង សុគន្ធា អាយុ ៣៨ ឆ្នាំ និងកូន៣នាក់ ។ ទី ១ ឈ្មោះ អាន គីមហុក ភេទ ស្រី អាយុ ១៥ ឆ្នាំ , ទី ២ឈ្មោះ អាន គីមហួរ ភេទ ប្រុស អាយុ ៩ ឆ្នាំ , ទី ៣ ឈ្មោះ អាន គីមហៀក ភេទ ស្រី អាយុ ២ ឆ្នាំ ។ លុះមកដល់ចំណុចភូមិព្រែកខ្សែវក៏បានវ៉ារថយន្តស៊ីអ័រវីរបស់មន្ត្រីប៉ូលីសរូបនោះ ពេលកំពុងធ្វើដំណើរបានជួប មានរោងការមួយគាត់ក៏បានបង្អង់ ចំណែកមន្ត្រីប៉ូលីសខាងលើបំរ៉ុងវ៉ាគាត់វិញតែទំនងវ៉ាមិនរួច ពេលឆ្លងផុតរោងការប៉ូលីសបានវ៉ាទៅមុន ។ លុះទៅដល់គល់ស្ពានព្រែកថីគាត់មើលដំណើរមិនស្រួលក៏បត់ឡានបកក្រោយរកកន្លែងណាដែលមានមនុស្សច្រើនដើម្បីឈប់ចត ។ ចំណែកមន្ត្រីប៉ូលីសរូបនោះក៏បានបកក្រោយដេញតាមគាត់ទៀត ។ ពេលទៅដល់ចំណុចកែងលក់មីឆាផ្លូវចូលស្អាងភ្នំនៅភូមិព្រែករុន ឃុំព្រែកគយក្បែអធិការដ្ឋាននគរបាលស្រុកស្អាងក៏បង្អង់អែបឈប់ ស្រាប់តែ មន្ត្រីប៉ូលីសរូបនេះបានបើកឡានមកកាក់ពីមុខ ហើយក៏រឺយែរថយក្រោយមកបុករថយន្តគាត់ចំចង្កៀងខាងឆ្វេងផ្នែកខាងមុខ ។ បន្ទាប់មកចុះលើឡានមកធាក់ទ្វានិងទាញទ្វាឡានឲ្យរបើកចាប់អូសគាត់ចេញពីក្នុងឡានរួចវាយគាត់ឲ្យរងរបួសរហូតសមត្ថកិច្ចបានមកដល់ ក៏បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ។

ឈ្មោះ អាន វៃ បានបន្តទៀតថា ពេលទៅដល់អធិការដ្ឋាននគរបាលគាត់បានស្នើសុំមន្ត្រីប៉ូលីសចរាចរណ៍ពិនិត្យជាតិអាល់កុល ប៉ុន្តែមន្ត្រីប៉ូលីសមិនព្រមពិនិត្យទេ ដោយនិយាយថា មិនមានម៉ាស៊ីនពិនិត្យជាតិអាល់កុល ។ ពេលនោះប្អូនថ្លៃក៏បានមកមើលគាត់ ក្នុងខណៈនោះ សមត្ថកិច្ចបានហៅគាត់និងមន្ត្រីប៉ូលីសរូបនោះចូលទៅក្នុងបន្ទប់ ។ ពេលកំពុងដើរចូលទៅក្នុងបន្ទប់ប៉ូលីសរូបនោះ បាននិយាយថា ហ្អែងអាងអី ? អាងមានឡានលិចស៊ីស៣៣០ជិះហ្អែងភ្លើ ហ្អែ ! ពេលនោះប្អូនថ្លៃគាត់ក៏បាននិយាយតបថា យើងនិយាយឲ្យមានសុជីវធម៌តិចទៅ បងគាត់ក៏មានអាយុច្រើនដែរ ។ កុំនិយាយអាមឹងចឹង មកដល់ប៉ុស្តិ៍ប៉ូលីសយើងដោះស្រាយគ្នាតាមសន្តិវិធីទៅ ។ ពេលនោះមន្ត្រីប៉ូលីសរូបនោះបានស្រែកជេប្អូនថ្លៃគាត់ថា អាឆ្កែ! ជេទៅជេម៉ោ ….ហើយក៏បានស្ទុះទៅច្រានប្អូនថ្លៃនិងប៉ូលីសស្រុកស្អាងម្នាក់ដួល ហើយក៏បានយកដំថ្មវាយប្អូនថ្លៃគាត់បែកក្បាលហូរឈាមជោកអាវ ។ បន្ទាប់មកប៉ូលីសនៅក្នុងអធិការដ្ឋាននគរបាលស្រុកស្អាងបានឃាត់ ហើយគាត់ក៏បានដាក់ពាក្យបណ្តឹងប្តឹង២ករណី គឺករណីបង្កគ្រោះថ្នាក់ចរាចរណ៍និងករណីព្រហ្មទណ្ឌ ។ ជុំវិញករណីនេះ ប្រជាពលរដ្ឋនៅស្រុកស្អាងកំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច ថាតើមានវិធានការតាមផ្លូវច្បាប់យ៉ាងណាទៅលើមន្ត្រីប៉ូលីសរូបនេះ ? ហើយសមត្ថកិច្ចក៏កំពុងរងការរិះគន់យ៉ាងចាស់ដៃពីប្រជាពលរដ្ឋផងដែរ ជុំវិញករណីមិនឃាត់ខ្លួនមន្ត្រីប៉ូលីសពាក់ស័ក្តិ៣ឈ្មោះ ហែន លីណារូបនេះ ។