Update! ចំនួនអ្នកស្លាប់​ដោយសារវីរុស​​កូរ៉ូណាកើន​ឡេីង១៣១នាក់ ​និងឆ្លងច្រេីនជាង៥៣០០នាក់​

12263

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៣២នាក់ហើយ ខណៈមនុស្សចំនួន៥៩៧៤នាក់ទៀតឆ្លង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។

បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណា បានរាយការណ៍ថា មនុស្សសរុប ២៥នាក់បន្ថែមទៀតបានស្លាប់ និងជាង៨០០ករណីទៀតបានឆ្លង ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងប្រទេសចិន កើនឡើងរហូតដល់ជិត៦០០០នាក់។

អាជ្ញាធរសុខាភិបាលរបស់ចិន បានលើកឡើងថា អ្នកសង្ស័យឆ្លងមេរោគកូរ៉ូណានេះ អាចមានការកើនឡើងទៀតរហូតដល់ជាង៩ពាន់នាក់ ខណៈបច្ចុប្បន្ននេះអ្នកជំងឺប្រមាណ១២៣៩នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លងឲ្យបានធូរស្រាលឡើងវិញផងដែរ។ ដោយឡែកប្រទេសមួយចំនួនទៀតដូចជា រុស្ស៊ី និងអង់គ្លេសជាដើម ក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថា អាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតា និងគ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ៕