ជើងខ្លាំង២នាក់ ចូលទៅវាយសិស្សដល់សាលារៀន លីម កុកវីង រួចផ្ញើរូបកាំភ្លើងគំរាមថែមទៀត!

21103

ភ្នំពេញ៖ ជនទំនើង២នាក់ បានទៅដល់សាកលវិទ្យាល័យ លីម កុកវីង រួចបានប្រើអំពើហិង្សា ដោយខឹងរឿងញ៉ែសង្សារ ។ ក្រោយប្រព្រឹត្តបទល្មើសរួច ជនទំនើងរូបនេះ បានផ្ញើរូបកាំភ្លើងគំរាម ជនរងគ្រោះថែមទៀតផង ។

ជនរងគ្រោះឈ្មោះ ហម សុវណ្ណារ៉ា អាយុ១៨ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ បានរៀបរាប់ប្រាប់ ថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០៖៣០នាទី ព្រឹក ខ្លួនកំពុងអង្គុយរៀន នៅសាកលវិទ្យាល័យ លីម កុកវីង សង្កាត់មនោរម្យ ខណ្ឌ៧មករា ស្រាប់តែឈ្មោះ ហួត និង បក្ខពួកម្នាក់ បានឡើងដល់ជាន់ទី៧ ដោយនិយាយជាមួយខ្លួនថា “ហែងឈ្លើយណាស់” រួចក៏ចាប់ច្របាច់ក ហើយរុញជនរងគ្រោះអឹបនឹងទ្វារ រួចបានវៃចំនួន៣ដៃ ចំភ្នែកខាងឆ្វេង និង ចំផ្ទៃមុខបែកវ៉ែនតា រួចក៏ចុះទៅក្រោមវិញបាត់ទៅ ។

ជនរងគ្រោះ បន្តថា លុះដល់វេលាម៉ោង១២៖១០នាទី ថ្ងៃដដែល ជនទំនើងឈ្មោះ ហួត ដែលមានទីលំនៅផ្ទះលេខ៤៣៨ ផ្លូវលេខ២៤៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានផ្ញើរូបភាពកាំភ្លើងមកប្រព័ន្ធអ៊ីនធឺណិត មកខ្លួន ដែលធ្វើអោយខ្លួន មានការបារម្ភនិងភ័យខ្លាច ពីសុវត្ថិភាពជាខ្លាំង ។

ជុំវិញបញ្ហានេះ ជនរងគ្រោះ បានសំណូមពរយ៉ាងទទូច ដល់សមត្ថកិច្ច មេត្តាចាប់ខ្លួនជនទំនើងទាំង២នាក់ នេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផង ៕