ប្រទេសជាង២០ បានសម្រេច និងកំពុងត្រៀមជម្លៀសពលរដ្ឋខ្លួនចេញពីក្រុងវូហាន

377

ប្រទេសជាង២០ បានសម្រេច និងកំពុងត្រៀមជម្លៀសពលរដ្ឋខ្លួនចេញពីក្រុងវូហាន ប្រទេសចិនទី​ដែលនូវែលកូរ៉ូណាវីរុស កំពុងរា​តត្បាត​ខ្លាំង។

អាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អ៊ីតាលី កូរ៉េខាងត្បូង សិង្ហបុរី អាស្ប៉ាញ កាណាដា រុស្ស៊ី ម៉ូណាកូ តួគី នូវែលសេឡង់ និងហូ​ឡង់​ជាដើម បានចាប់ផ្តើមជម្លៀសពលរដ្ឋខ្លួនមុនគេ ហើយកំពុងរង់ចាំទទួលអ្នកនៅសេសសល់បន្ថែម ឯអូ​ស្រ្តាលី អង់គ្លេស ឥណ្ឌា មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ កំពុងចរចាជាមួយភាគីចិន ឬត្រៀមខ្លួនធ្វើកិច្ចការនេះ។

រដ្ឋាភិបាលអាមេរិកបានដឹកពលរដ្ឋខ្លួនជាង២០០នា​ក់ចេញពីទីក្រុងវូហានកាលពីថ្ងៃពុធតាមជើងយន្តហោះទៅកាន់មូលដ្ឋានទ័ពមួយកន្លែងក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។ ពួកគេត្រូវបានដាក់ឱ្យស្នាក់នៅទីនោះ១៤ថ្ងៃ មុនអនុញ្ញាតឱ្យទៅផ្ទះដើម្បីធានាថាអ្នកទាំងនោះមិនមានផ្ទុកវីរុសឆ្លងកូរ៉ូណាថ្មី។ នេះបើយោងតាមសារព័ត៌មាន New York Times ចេញផ្សាយនៅថ្ងៃនេះ។

ប្រទេសអឺរ៉ុប រួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ បានបញ្ជូនយន្តហោះ២គ្រឿងទៅដឹកពលរដ្ឋខ្លួនប្រមាណ៣៥០នា​ក់ពីតំបន់ផ្ទុះវីរុស។ បើតាមសារព័ត៌មាន CNN ក្នុងចំណោមពួកគេ មានជនជាតិបារាំងប្រមាណ២៥០ នឹងដឹកតាមជើងយន្តហោះទី១ ហើលអ្នកដទៃទៀតនឹងដឹកតាមជើងយន្តហោះទី២។

តាមប្រភពដដែល ជប៉ុនបានជម្លៀសពលរដ្ឋខ្លួន២០៦នាក់ មកកាន់មាតុប្រទេសវិញហើយកាលពីថ្ងៃម្សិលមិញ និងកំ​ពុងត្រៀ​មយន្តហោះពីរគ្រឿងទៅទទួលពលរដ្ឋខ្លួន៤៤០នាក់ទៀត។ ពួកគេនឹងត្រូវឆ្លងកាត់ការឆែករកវីរុសឆ្លងនៅលើយន្តហោះជាមុន ហើយសម្រាប់អ្នករកឃើញមានអាកា​រសង្ស័យ នឹងត្រូវបញ្ជូនទៅកាន់មន្ទីរវេជ្ជសាស្រ្តពិសេសក្នុងប្រទេសដើម្បីតាមដាន និងព្យា​បាល។

កូរ៉េខាងត្បូងបានបញ្ជូនយន្តហោះ៤គ្រឿងទៅកាន់ក្រុងវូហាន នៅថ្ងៃ២៩ម្សិលមិញ ដើម្បីដឹកពលរដ្ឋខ្លួនប្រមាណ៧​៧០នាក់ដែលបានដាក់ពាក្យសុំធ្វើមាតុភូមិនិវត្តពីខេត្តហ៊ូប៊ី។ ពួកគេនឹងត្រូវឆ្លងកាត់ការឆែករកវត្តមានវីរុសក្នុងខ្លួនសិន មុនអនុញ្ញាតឱ្យឡើ​ងលើយន្តហោះ។

សិង្ហបុរីក៏បានជម្លៀសពលរដ្ឋខ្លួន៩២នាក់ពីតំបន់ផ្ទុះវីរុសឆ្លងរួចហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោមការសម្របសម្រួលរ​បស់រដ្ឋាភិបាលក្រុងប៉េកាំង។ បើតាម CNA ពួកគេត្រូវឆ្លងកាត់ការវាស់កម្តៅនៅព្រលានយន្តហោះ Changi។

តាមប្រភពដដែល អ្នកដែលរកឃើញលេចអាការសង្ស័យនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យតាមដានជាពិ​សេស ដោយឡែកអ្នកដែ​ល​រកមិនឃើញរោគសញ្ញា និងមន្រ្តីសុខាភិបាលដែលបានប្រាស្រ័យជាមួយពួកគេនឹងត្រូវតាមដានរយៈ២សប្តាហ៍ ដើម្បីធានាថាពួកគេមានសុវត្ថិភាពពីវីរុសឆ្លង។

ដោយឡែក អូស្រ្តាលី គ្រោងនឹងជម្លៀសពលរដ្ឋខ្លួនជាង៦០០នាក់ពីក្រុងវូហាន រួចបញ្ជូនឱ្យស្នាក់នៅបណ្តោះអាសន្នរយៈពេ​ល១៤ថ្ងៃ នៅកោះមួយលើទឹកដីរបស់ខ្លួន ដើម្បីបញ្ជៀសហានីភ័យនៃការរីករាយដាលវីរុសឆ្លងដែលពិបាកឆែកដឹង និងកា​រ​ពារ។ យ៉ាងណាបើតាម The Guardian គម្រោងនេះ មិនទាន់ត្រូវបានអាជ្ញាធរចិនអនុញ្ញាតនៅឡើយ ដោយសារអូស្រ្តាលីមិនមានស្ថានកុងស៊ុលនៅវូហាន។

អង់គ្លេសបានគ្រោងដឹកពលរដ្ឋខ្លួនប្រមាណ២០០នាក់ពីក្រុងវូហានមកវិញតាំងពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន ប៉ុន្តែ ត្រូវបានពន្យាពេលដោយសារអាជ្ញាធរចិនមិនអនុញ្ញាតឱ្យយន្តហោះប្រទេសនេះចុះចតលើទឹកដីរបស់ខ្លួន។ យ៉ាងណា រដ្ឋាភិបា​លក្រុងឡុង កំពុងចរចាដោះស្រាយបញ្ហានេះ។

ឥណ្ឌូណេស៊ីកំពុងត្រៀមជម្លៀសពលរដ្ឋខ្លួនប្រមាណ២៣៤នាក់ដែលកំពុងជាប់នៅក្រុងវូហានឱ្យត្រឡប់មកវិញឆាប់ៗនេះ ក្រោមការសម្របសម្រួលពីអាជ្ញាធរតំបន់ នេះបើយោងតាម កាសែត The Jakatar Post។

បើតាមកាសែត The Myanmar Times មីយ៉ាន់ម៉ាវិញនឹងទៅយកនិស្សិតខ្លួន៦៣នាក់ដែលកំពុងស្នាក់នៅ និងសិក្សានៅទីនោះមកវិញផងដែរ នៅពេលអាជ្ញាធរចិនយល់ព្រម។

ចំពោះម៉ាឡេស៊ី នាយករដ្ឋមន្រ្តីនៃប្រទេសនេះ បានចរចាជាមួយភាគីចិននៅថ្ងៃម្សិលមិញ ដើម្បីស្នើសុំបញ្ជូនយន្តហោះទៅដឹកពលរដ្ឋខ្លួន៧៨នាក់ចេញពីទីក្រុងវូហាន។

ដោយឡែក​រដ្ឋាភិបាលថៃសម្រេចបញ្ជូនយន្តហោះស៊ីវិលទៅយកពលរដ្ឋខ្លួន៦៤នាក់ នៅទីក្រុងដែលត្រូវបានអាជ្ញាធរប្រកាសបិទធ្វើដំ​ណើរ​ចេញចូលកាលពីសប្តាហ៍មុន ដោយសារការរីករាលដាននៃវីរុសឆ្លង។ បើតាម Bangkok Post ថៃបានស្នើសុំប្រើយន្តហោះយោ​​ធា ប៉ុន្តែត្រូវបានភាគីចិនបដិសេធ។

នូវែលកូរ៉ូណាវីរុស ត្រូវបានរកឃើញករណីឆ្លងពីមនុស្សទៅមនុស្ស៣ករណី នៅ៣ប្រទេសផ្សេងគ្នា ហើយកំពុងរាលដាលកាន់​តែខ្លាំងក្នុងតំបន់ និងដល់ប្រទេស១៦ផ្សេងទៀតនៅជុំវិញពិភពលោក។

បើតាមតួលេខពី CNA គិតត្រឹមព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ចំនួនមនុស្សស្លាប់ដោយវីរុសនេះនៅក្រុងវូហានបានឡើងដ​ល់១៧០នាក់ និងអ្នកឆ្លងបានឡើងដល់៧៧១១នាក់។

អង្គការសុខភាពពិភពលោក បង្ហាញ​ការ​ព្រួយបារម្ភចំពោះហានីភ័យនៃវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះ ខណៈប្រភព និងរបៀបចម្លងរបស់វីរុសនេះនៅ​មិនទាន់រកឃើញនៅឡើយ។

នៅក្នុងរបាយការណ៍ចេញផ្សាយនៅម្សិលមិញ អង្គការសុខភាពអន្តរជាតិមួយនេះ បានឱ្យដឹងថា ខ្លួនកំពុងសហការជាមួយរដ្ឋាភិបាលចិន សិក្សាលើទិន្នន័យពីអ្នកជំងឺ និងដំណើរវិវត្តរបស់វីរុស ដើម្បីឈានទៅដល់ការអភិវឌ្ឍវិធីព្យាបាល និងវ៉ាក់សាំងការពារ៕

ប្រភព VOD