ក្តៅៗ! អង្គការសុខភាពពិភពលោក ប្រកាសអាសន្ន​សកល ខណៈ​អ្នកស្លាប់​ព្រោះ​កូ​រ៉ូ​ណាវី​រុស​ឡើងដល់ ២១៣​នាក់ (មានវីដេអូ)

4510

តួលេខ​អ្នកស្លាប់​ដោយសារ​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី បាន​ប៉ោង​ឡើងដល់ ២១៣ នាក់ ក្នុងប្រទេស​ចិន បន្ទាប់ពី​ខេត្ត Hubei បាន​រាយការណ៍​ថា មាន​អ្នកស្លាប់ ៤២​នាក់​ថ្មី នៅ​ព្រឹក ៦៖៥៥ ថ្ងៃ​សុក្រ ៣១ មករា នេះ​។

​គណៈកម្មការ​សុខាភិបាល​ខេត្ត Hubei បានប្រកាសថា អ្នកស្លាប់​ព្រោះ​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស បាន​កើនឡើង​៤២ នាក់​ថ្មី គិត​ត្រឹម​ដំណាច់​ថ្ងៃ​៣០ មករា​។ តួលេខ​នេះ បានធ្វើ​ឲ្យ​អ្នកស្លាប់​សរុប​ក្នុង​ខេត្ត​ដែលជា​ចំណុច​ផ្តើម​នៃ​ការផ្ទុះ​ជំងឺ​នេះ កើនឡើង​២០៤​នាក់​ហើយ​។

​បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​សិង្ហ​បុរី អាជ្ញាធរខេត្ត​នេះ បានប្រកាស​រកឃើញ​ក​រ​ណី​ថ្មី ១២២០ ករណី​ទៀត ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប ៥៨០៦​។

​សូមបញ្ជាក់ថា តួលេខ​អ្នកស្លាប់​ថ្មី​នេះ កើតឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាស​អាសន្ន​ជា​សកល​អំពី​វីរុស​ដ៏​កាច​សាហាវ​នេះ ដែល​បាន​ឆ្លង​រាលដាល​នៅ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។

បើតាម​AFP លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា​៖«​ការព្រួយបារម្ភ​ដ៏​ធំ​បំផុត​របស់​យើង​គឺ​លទ្ធភាព​នៃ​វីរុស​រាលដាល​ដល់​បណ្តា​ប្រទេស​ដែលមាន​ប្រព័ន្ធ​សុខភាព​ខ្សោយ​ជាង​មុន​»​។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា​៖«​ឥឡូវ​យើង​ត្រូវធ្វើ​សកម្មភាព​រួមគ្នា ដើម្បី​ទប់ស្កាត់​ការ​រាលដាល​កាន់តែខ្លាំង​ថែមទៀត​។ លោក អះអាងថា​វី​ធី​សាស្ត្រ​តែ​គត់​ដែល​អាច​បញ្ឈប់​វា​បាន គឺ​ប្រទេស​ទាំងអស់​ត្រូវ​រួបរួមគ្នា​។​

​យ៉ាងណាមិញ​លោក Tedros បាន​លើកឡើងថា ការ​រឹតត្បិត​ការធ្វើដំណើរ​និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន គឺជា​រឿង​មិនចាំបាច់​ឡើយ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ ដែល​បាន​រាលដាល​ដល់​ប្រទេស​ចំនួន ១៥ ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក​៕​