ដំណឹងល្អ! អាមេរិកត្រៀម​សាកល្បង​​វ៉ាក់សាំងវីរុសកូរ៉ុណាថ្មី ទៅលើ​មនុស្ស​ឆាប់ៗនេះ!

108642

ស្រប​ពេល​ដែល​​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ប្រកាស​អាសន្ន​​​ជា​លក្ខណៈ​សកល​ អំពី​ការ​រាត​​ត្បាត​នៃ​វីរុស​​កូរ៉ូណា​ថ្មី (2019-nCov) បើ​ក្រឡេក​ទៅ​មើល​ការ​ស្រាវជ្រាវ​លើ​វ៉ាក់​សាំង​សម្រាប់​មេរោគ​​ប្រភេទ​ថ្មី​នេះ មាន​សន្ទុះកើន​ឡើង​​ខ្លាំងដែរ​​ ដោយ​​វ៉ាក់​សាំង​​​នៅ​តាម​មន្ទីរ​ពិសោធ​ន៍មួយ​ចំនួន​ បាន​ផលិត​ចេញ​ជា​គំរូ​រួច​រាល់ ប៉ុន្តែ​ត្រូវ​ឆ្លង​កាត់​​ការ​ពិនិត្យ​​យ៉ាង​ម៉ត់​ចត់​ មុន​ដាក់​ចេញ​ឱ្យ​តេស្ត​សាក​ល្បង។

ប្រភព​ព័ត៌មាន​ពី​​ BBC គិត​មក​ទល់​ពេល​នេះ វ៉ាក់​សាំង​សម្រាប់​ការពារ​ពី​​​វីរុស​កូរ៉ូណា​ថ្មី (2019-nCov) ដែល​មាន​ឈ្មោះ “INO-4800” កំពុង​ផលិត​នៅ​មន្ទីរ​ពិសោធ​ Inovio នៅ​​​ទី​ក្រុង San Diego សហរដ្ឋអាមេរិក និង​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ការ​តេស្ត​សាកល្បង​​ទៅ​លើ​មនុស្សនៅ​រដូវ​ក្ដៅ​ខាង​មុខ​។

លោក​ Kate Broderick អនុប្រធាន​​ផ្នែក​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​នៅ​មន្ទីរ​ពិសោធ​​ន៍ខាង​លើ បាន​​​និយាយ​ថា៖ “នៅ​ពេល​ដែល​ខាង​ចិន បាន​ផ្តល់​គំរូ DNA វីរុស​មក ពួក​យើង​អាច​ប្រើ​វា​​ក្នុង​ប្រព័ន្ធ​​​​បច្ចេកវិទ្យា​កុំព្យូទ័រ​​មន្ទីរពិសោធន៍​​ វិភាគ​ និង​ចេញ​ជា​​​គំរូ​វ៉ាក់​សាំង​ ដោយ​ប្រើ​ពេល​ត្រឹម​តែ​៣​ម៉ោង​ប៉ុណ្ណោះ”។

សម្រាប់​ដំណើរ​ការ​ នៃ​​វ៉ាក់​សាំង លោក Kate Broderick ពន្យល់​ថា វ៉ាក់​សាំង​ថ្មី​ ដែល​​ជ្រាប​ចូល​ទៅ​កាន់​​រាង​កាយ​ នឹង​រត់​​ទៅ​រក​​ផ្នែក​ជាក់​លាក់​ដែល​បង្ក​ដោយ​មេរោគ រួច INO-4800 នឹង​​សំយោគ​ជា​មួយ​កោសិកា​​​​ដែល​មាន​ស្រាប់​​ក្នុង​រាង​កាយ​ផ្ទាល់​ ក្លាយ​ជា​យន្តការ​ប្រឆាំង​នឹង​​​មេរោគ​ដោយ​ផ្ទាល់​។

ក្រៅ​តែ​ពី​វ៉ាក់​សាំង INO-4800​នៅ​អាមេរិក ក៏​មាន​ការ​ស្រាវជ្រាវ​​​នៅ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត តួ​យ៉ាង​ប្រទេស​អូស្រ្តាលី នៅ​សាកលវិទ្យាល័យ​ Queensland ដែល​បាន​រក​ឃើញ​វ៉ាក់​សាំង​ ដែល​អាច​​​​​បន្តឹង​មេរោគ ធ្វើ​ឱ្យ​​​វីរុស​កូរ៉ូណា​ថ្មី (2019-nCov)​ខ្សោយ​ឥទ្ធិពល​។

សម្រាប់​ការ​ស្រាវជ្រាវ​​ខាង​លើ មាន​សន្ទុះ​ខ្លាំង​ដោយ​បាន​ទទួល​​ការ​ផ្តល់​ជំនួយ​មូលនិធិ​ពី​​មជ្ឈដ្ឋាន​ជា​ច្រើន ក្នុង​នោះ​រួម​មាន​រដ្ឋាភិបាល មហាសេដ្ឋី​ជំនួញ​ធំៗ ព្រម​ទាំង​​ស្ថាប័ន​​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​​វ៉ាក់​សាំង​​កម្រិត​ពិភពលោក (CEPI) នៃ​ប្រទេស​ណ័រវេស​ផង​ដែរ។

​​​​​​​​តែ​ទោះ​ជា​យ៉ាង​ណា នីតិវិធី​​សម្រាំង​យក​​ប្រភេទ​វ៉ាក់​សាំង​ប្រឆាំង​​​​វីរុស​កូរ៉ូណា​ថ្មី ដើម្បី​ធ្វើ​តេស្ត​សាក​ល្បង​ទៅ​លើ​មនុស្ស នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​​អង្គការ​សុខភាព​ពិភព​លោក (WHO) ហើយ​ការ​ត្រួត​ពិនិត្យ​​​យ៉ាង​ម៉ត់​ចត់​បំផុត។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ លោក​ស្រី Ana Maria Henao-Restrepo មន្ត្រី WHO ផ្នែក​កម្មវិធី​​សង្គ្រោះ​បន្ទាន់​​នៃ​សុខភាព​​ពិភព​លោក​៕ ​​​​​​

ប្រភព hellokrupet