ទីបំផុតចិនបញ្ជូនយន្តហោះពិសេស ទៅដឹកប្រជាជនរបស់ខ្លួននៅក្រៅប្រទេសត្រឡប់មកវិញ ដោយសារប្រទេសខ្លះបានបិទជើងហោះហើរមកចិន

684

បរទេស៖​ រដ្ឋាភិបាលចិនបានសម្រេចថា នឹងបញ្ជូនយន្តហោះទៅដឹកប្រជាជន ដែលមានស្រុកនៅកំណើតនៅខេត្តហ៊ូប៉ី (Hubei) ពីបណ្តាប្រទេសនានា ត្រឡប់មកវិញឲ្យបានលឿនបំផុតតាមដែលអាចទៅរួច ខណៈប្រទេសមួយចំនួន បានសម្រេចផ្អាកជើងហោះហើរជាមួយចិន ដែលជាហេតុធ្វើឲ្យប្រជាជនចិនទាំងនោះ មិនអាចត្រឡប់មកប្រទេសកំណើតវិញបាន។ នេះបើតាមការចេញផ្សាយដោយ channelnewsasia ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ជុនយីង (Hua Chunying) បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំងយ៉ាងដូច្នេះថា «ដោយមើលឃើញពីការលំបាកជាក់ស្តែងដែលពលរដ្ឋចិន មកពីខេត្តហ៊ូប៉ី ជាពិសេសប្រជាជនទីក្រុងវូហាន បានប្រឈមនៅក្រៅប្រទេសរដ្ឋាភិបាលចិន បានសម្រេចចិត្តបញ្ជូនជើងហោះហើរធម្មនុញ្ ញដើម្បីនាំពួកគេត្រឡប់មកទីក្រុងវូហាន វិញឱ្យបានឆាប់បំផុត តាមអ្វីដែលអាចធ្វើបាន …»។

គួរបញ្ជាក់ថា ការប្រកាសរបស់ក្រសួងការបរទេសចិនខាងលើនេះ បានកើតមានឡើងបន្ទាប់ពីបណ្តាប្រទេសជាច្រើនរួមមាន សហរដ្ឋអាមេរិក ថៃ សិង្ហបុរី វៀតណាម និងបណ្តាប្រទេសមួយចំនួនទៀតនៅអឺរ៉ុបបានសម្រេចថា នឹងផ្អាកជើងហោះហើរ ទៅ-មកប្រទេសចិន ដោយសារតែការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី កាន់តែធ្ងន់ធ្ងរ ហើយវាក៏បានធ្វើឲ្យជនជាតិចិនជាច្រើនត្រូវជាប់គាំង មិនអាចត្រឡប់មកផ្ទះវិញបានផងដែរ។

បច្ចុប្បន្នយោងតាមរបាយការណ៏របស់អាជ្ញាធរចិន បានបង្ហើបឲ្យដឹងថា អ្នកស្លាប់ដោយសារ វីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ ២១៣នាក់ហើយ និងបានឆ្លងដល់មនុស្ស ៩ ៦៨៩នាក់ នៅប្រទេសចិន និងច្រើនជាង ៩០ករណីទៀតនៅទូទាំងពិភពលោក ៕


ប្រភព៖ channelnewsasia