លោកដូណាល់ ត្រាំ ប្រកាសអាសន្នទូទាំងប្រទេស និងហាមឃាត់មិនឱ្យជនបរទេសណាដែលមកពីចិនចូលក្នុងទឹកដីអាមេរិកឡើយ

29297

វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់ ត្រាំនៅថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសអាសន្នសុខភាពសាធារណៈ ជុំវិញការផ្ទុះឡើងនៃវីរុស កូរ៉ូណា និងបានធ្វើការហាមឃាត់មិនឱ្យជនបរទេសណាដែលមកពីចិនចូលក្នុងទឹកដីអាមេរិកឡើយ។ នេះបើតាមការចុះផ្សាយដោយទី ភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១ ខែកុម្ភៈ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាមេរិក លោក អាឡិច អាហ្សា បានប្រាប់សន្និសីទសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃសុក្រថា ប្រជាជន អាមេរិកដែលបានធ្វើដំណើរទៅកាន់ខេត្តហ៊ូប៉ីប្រទេសចិនកន្លងមក ត្រូវបានគេដាក់ឱ្យនៅឆ្ងាយដាច់ដោយឡែកពីគេក្នុងរយៈពេល ១៤ ថ្ងៃ ដើម្បីតាមដានពីស្ថានភាពពួកគេពីការឆ្លងនូវវីរុសកូរ៉ូណា។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាមេរិករូបនេះ បានបន្ថែមទៀតថា អាមេរិកក៏នឹងកំណត់ការហោះហើរពីប្រទេសចិន នៅឯអាកាសយានដ្ឋាន អាមេរិកចំនួន ៧ ផងដែរ។

លោក អាហ្សា បានមានបញ្ជាក់ផងដែរថា សកម្មភាពដែលអាមេរិកបានធ្វើនឹងបន្តបំពេញបន្ថែមការងារជាមួយប្រទេសចិន និងអង្គការ សុខភាពពិភពលោក ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនូវមេរោគរលាកសួតថ្មីនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក រ៉ូបឺត រេដហ្វៀល នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបាននិយាយថា គិតមកទល់ពេលនេះមានករណីឆ្លងវីរុសកូរ៉ូណានេះចំនួន ៦ ករណីហើយនៅក្នុងសហរដ្ឋអាមេរិក នៅក្នុងនោះមានមនុស្សចំនួន ១៩១ នាក់កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងល្អិតពីសំណាក់ក្រុមគ្រូពេទ្យ។

គួរជម្រាបជូនដែរថា គិតត្រឹមថ្ងៃទី១ ខែកុម្ភៈនេះ មានមនុស្សចំនួន ២៥៩នាក់បានស្លាប់ និងមនុស្សចំនួន ១១,៩៤៦នាក់ ដែលបានផ្ទុក មេរោគរលាកសួតថ្មីកូរ៉ូណាវីរុសនេះ៕

BGAsYHQ/s1600/dmlydxnjb3jvbmffendmag-.jpg” imageanchor=”1″ >

ប្រភព cpc-news