បារមួយ ដែលមើលឃើញទេសភាពអាងបាញ់ទឹក Trevi ក្នុងទីក្រុងរ៉ូមរបស់អ៊ីតាលី និង ភោជនីយដ្ឋានមួយនៅក្នុងប្រទេសវៀតណាមបានហាមឃាត់អតិថិជនចិន ហើយសាលាតន្ត្រីមួយក្នុងប្រទេសអ៊ីតាលីក៏បានប្រាប់សិស្ស
អាស៊ីបូព៌ារបស់ខ្លួនថាមិនបាច់មកចូលរៀនផងដែរ ដែលជាទង្វើបង្ហាញ “ការរើសអើងជាតិសាសន៍” ស្របពេលវីរុសកូរ៉ូណាត្រូវបានប្រកាសជាគ្រោះអាសន្នពិភពលោក។
ដំណឹងនេះកើតឡើងស្របពេលវីរុសកូរ៉ូណារីករាលដាលដល់ប្រទេសចំនួន ២៥ គិតត្រឹមថ្ងៃសុក្រទី៣១មករា ខណៈប្រទេសអង់គ្លេសនិងរុស្ស៊ីរាយការណ៍ករណីទីមួយ និងមនុស្ស ៩.៨៩៨ នាក់បានឆ្លងមេរោគនេះ។
មានករណីកូរ៉ូណាតែ២ប៉ុណ្ណោះនៅក្នុងប្រទេសអ៊ីតាលី ក្រោយអ្នកទេសចរចិន២នាក់ដែលមកលេងនៅទីក្រុងរ៉ូម ធ្វើតេស្តវិជ្ជមានឃើញមានវីរុសកូរ៉ូណា និង ៤ករណីនៅក្នុងប្រទេសវៀតណាម។
រូបភាពដ៏តក់ស្លុតមួយបង្ហោះលើអនឡាញបានបង្ហាញ ភោជនីយដ្ឋានមួយក្នុងប្រទេសវៀតណាមបានដាក់ស្លាកសរសេរថា “សុំទោស យើងមិនអាចទទួលអតិថិជនចិនបានទេ”។
រូបភាពនោះត្រូវបានចែកចាយតគ្នាដោយអ្នកលេង Twitter ម្នាក់ដែលនិយាយថា “រឿងរ៉ាវកាន់តែលែងត្រួតត្រាបានទាក់ទិននឹងការភ័យខ្លាចមនុស្សដែលមកពីចិននិងវីរុសកូរ៉ូណា”។
បារមួយនៅកណ្តាលទីក្រុងរ៉ូមក៏បដិសេធភ្ញៀវចិនដែរ ដោយដាក់ស្លាកសរសេរថា “យោងតាមវិធានការសុវត្ថិភាពជាអន្តរជាតិ មនុស្សទាំងអស់មកពីចិនមិនត្រូវអនុញ្ញាតឱ្យចូលកន្លែងនេះទេ។ យើងសូមទោសចំពោះការលំបាកផ្សេងៗ”៕
ប្រភព ៖ Daily Mail