វៀតណាមសម្រេច «ផ្អាកជើងហោះហើរទាំងអស់ពីប្រទេសចិន» ដើម្បីទប់ស្កាត់ការឆ្លងនៃវីរុសកូរ៉ូណា!

88072

(ហាណយ)៖ អាជ្ញាធរវៀតណាមនៅទីបំផុត បានសម្រេចផ្អាកជើងហោះហើរ ទាំងអស់ពីប្រទេសចិន ដែលនេះជាផ្នែកមួយនៃវិធានការចាំបាច់ ដើម្បីទប់ស្កាត់ ការរីករាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus ឬ 2019-nCoV) ខណៈពិភពលោកទាំងមូលកំពុងស្ថិតក្នុងការប្រកាសអាសន្ន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Times នាល្ងាចថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

សេចក្តីសម្រេចរបស់អាជ្ញាធរវៀតណាមនេះ នឹងត្រូវដាក់ទៅដល់ គ្រប់អាកាសចរណ៍ទាំងអស់ ដែលមានជើងហោះហើរទៅមកចិន-វៀតណាម ធ្វើការអនុវត្តចាប់ពីថ្ងៃសៅរ៍សប្តាហ៍នេះតទៅតែម្តង ហើយវាទំនងជានឹងត្រូវអូសបន្លាយ រហូតដល់ស្ថានការណ៍នានា វិលត្រឡប់ទៅរកសភាពធម្មតាវិញ។

គួរបញ្ជាក់ថា អាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) និងអាកាសចរណ៍វៀតណាមមួយទៀតគឺ Jetstar Pacific បានប្រកាសរួចទៅហើយថា ពួកគេនឹងបញ្ឈប់ការហោះហើរទៅកាន់ចិនដីគោក ក៏ដូចជាទីក្រុងហុងកុង និងកោះតៃវ៉ាន់ផងដែរ។ ក្រៅពីវៀតណាម ប្រទេសផ្សេងទៀតដូចជា សហរដ្ឋអាមេរិក អ៊ីតាលី សិង្ហបុរី និងម៉ុងហ្គោលីក៏ប្រកាសអំពីចំណាត់ការដូចខាងលើនេះដែរ។

ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោក ដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ៖

១៖ ប្រទេសចិនឆ្លង ១១,៨២១ករណី និងបាត់បង់ជីវិត ២៥៩នាក់
២៖ ទីក្រុងហុងកុង ១៣ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៩ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៦ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ១២ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៧ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
២៥៖ រុស្ស៉ី ០២ករណីឆ្លង
២៦៖ ស៊ុយអែត ០១ករណីឆ្លង
២៧៖ អេស្ប៉ាញ ០១ករណីឆ្លង

តួលេខខាងលើ គិតត្រឹមវេលាម៉ោង ៥៖២៥នាទីល្ងាចថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០៕