(ភ្នំពេញ)៖ កាលពីយប់ថ្ងៃសុក្រ ឈាងចូលថ្ងៃសៅរ៍ វេលាម៉ោង ១ និង ៣០នាទី រំលងអធ្រាត្រ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង ក្រុមការងារជំនាញផ្នែកមន្ទីរពិសោធន៍ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល បានសហការជាមួយនាយកដ្ឋានសុខាភិបាល នៃក្រសួងការពារជាតិ បានជោះឈាមពិនិត្យរកមេរោគគ្រុនចាញ់ ជូនកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ចំនួនសរុប ១១៦ នាក់ ( ស្រី ០៥នាក់) ដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសលីបង់។ នេះបើតាមមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ។
សូមរម្លឹកថា ចាប់តាំងពីឆ្នាំ២០០៦ មកទល់ពេលខែបំណាច់ឆ្នាំ២០១៩ កម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវ សរុបចំនួន ៦.៥៥៦ នាក់ (ស្រី្ត ៣៣៨ នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអ.ស.ប នៅតំបន់បេសកកម្មចំនួន ១០ ក្នុងប្រទេស ៩ រួមមាន៖ ឆាដ៍ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិក កណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។
នៅក្នុងឆ្នាំ២០១៩ កម្ពុជាបានបញ្ជូនកងម្លាំងមួកខៀវ ចំនួន ៧៨៨ នាក់ (ស្ត្រី ៦៥ នាក់) ទៅកាន់ប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល និងយេម៉ែន។
នៅក្នុងតំបន់អាស៊ាន កម្ពុជាស្ថិតក្នុងលេខរៀងទី៣ នៃប្រទេស ដែលបានបញ្ជូនកងទ័ពមួកខៀវ ចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប និងស្ថិតក្នុងលេខរៀងទី២ នៃប្រទេស ដែលបានបញ្ជូនកងកម្លាំង ជានារី៕