អបអរសាទរ! ថៃជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូរ៉ូណាម្នាក់ទៀតហើយ ដោយការប្រើប្រាស់ថ្នាំរួមបញ្ចូលគ្នាមួយប្រភេទ

737

(បាងកក)៖ ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសថៃបានអះអាងថា ពួកគេបានព្យាបាលអ្នកជំងឺឆ្លងវីរុសកូរ៉ណាម្នាក់ ឲ្យជាសះស្បើយប្រកបដោយជោគជ័យ ជាមួយការប្រើប្រាស់ថ្នាំរួមបញ្ចូលគ្នាមួយ ដើម្បីប្រឆាំងនឹងវីរុសនេះតែម្តង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមសន្និសីទសារព័ត៌មានដ៏ខ្លីមួយរបស់ក្រសួងសុខាភិបាលថៃ លោក គ្រាងសាក់ អាធិផនវ៉ានិច (Kriangsak Atipornwanich) ជាវេជ្ជបណ្ឌិតម្នាក់មកពីមន្ទីរពេទ្យ រាជាវិធី (Rajavithi Hospital) ក្នុងទីក្រុងបាងកកបាននិយាយថា លោកបានព្យាបាលអ្នកជំងឺវីរុសកូរ៉ូណាជាស្ត្រីម្នាក់មានអាយុ ៧១ឆ្នាំ មកពីប្រទេសចិន ជាមួយថ្នាំរួមបញ្ចូលគ្នាមួយ ដែលធ្លាប់ត្រូវបានប្រើក្នុងការព្យាបាលជំងឺ HIV និងជំងឺផ្ដាសាយ ហើយអ្នកជំងឺរូបនេះទៀតសោត ធ្លាប់ទទួលបានការព្យាបាលដោយប្រើប្រាស់ថ្នាំប្រឆាំង HIV តែមួយមុខប៉ុណ្ណោះ។

លោក Atipornwanich បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានព្យាបាលអ្នកជំងឺម្នាក់ ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ស្ថានភាពអ្នកជំងឺរូបនេះបានប្រសើរឡើង យ៉ាងឆាប់រហ័សក្នុងរយៈពេល ៤៨ម៉ោង ហើយលទ្ធផលនៃការតេស្ដរកវីរុស ក៏បានផ្លាស់ប្ដូរផងដែរ ពីវិជ្ជមានទៅអវិជ្ជមានក្នុងរយៈពេល ៤៨ម៉ោងដូចគ្នា»។

គួរជម្រាបថា បើតាមក្រុមមន្ត្រីថៃដែលបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានខាងលើ ការធ្វើតេស្ដលើកចុងក្រោយបានបង្ហាញថា គ្មានវីរុសកូរ៉ូណានៅក្នុងប្រព័ន្ធផ្លូវដង្ហើម អ្នកជំងឺជាស្ត្រីខាងលើទៀតនោះឡើយ។ តែទោះបីជាយ៉ាងនេះក្ដី លោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) ជានាយកវិទ្យាស្ថានជាតិជំងឺ អាល្លឺជី (Allergy) និងជំងឺឆ្លង នៃវិទ្យាស្ថានជាតិសុខភិបាលអាមេរិក ធ្លាប់បានប្រាប់ CNN កាលពីសប្ដាហ៍មុនថា បច្ចុប្បន្នគ្មានថ្នាំណាមួយអាចព្យាបាលវីរុសកូរ៉ូណាថ្មី (2019-nCoV) បាននៅឡើយទេ ខណៈមន្ទីរពេទ្យចិនមួយចំនួនក្នុងទីក្រុងប៉េកាំង ក៏ត្រូវបានគេរាយការណ៍ដែរថា បានប្រើប្រាស់ថ្នាំបញ្ចូលគ្នាស្រដៀងគ្នានេះ លើអ្នកជំងឺ HIV និង AIDs ជាផ្នែកមួយនៃការរកវិធីការព្យាបាលវីរុសកូរ៉ូណាថ្មី ប៉ុន្តែមិនទាន់មានព័ត៌មានថា ពួកគេបានទទួលជោគជ័យ ឬក៏យ៉ាងណានោះទេ៕