កាលពីថ្ងៃសៅរ៍កន្លងទៅ ស្ត្រីវ័យចំណាស់ម្នាក់ដែលមានឈ្មោះថា Lu Yuejin អាយុ ៥០ ឆ្នាំបានព្យាយាមឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសនៅលើស្ពាននៅតាមដងទន្លេ Yangtze និងចេញពីខេត្ត Hubei ដែលស្ថិតក្នុងការបិទទ្វារ ខណៈពេលដែលប្រទេសចិនកំពុងគ្រប់គ្រងការឆ្លងមេរោគកូរ៉ូណា។ ស្ត្រីឈ្មោះ Lu គឺជា កសិករម្នាក់មកពីភូមិមួយនៅលើស្ពាន Hubei កំពុងព្យាយាមរកផ្លូវឲ្យកូនស្រីរបស់គាត់ឈ្មោះ Hu Ping អាយុ ២៦ ឆ្នាំដែលមានជំងឺមហារីកឈាមបានចេញទៅព្យាបាល។ នាងមិនអាចទទួលការព្យាបាលដោយប្រើគីមីជុំទី ២ នៅក្នុងមន្ទីរពេទ្យនៅរដ្ឋធានី Wuhan ដែលជាចំណុចផ្ទុះវីរុសនេះទេ។
គាត់បាននិយាយនៅឯប៉ុស្តិ៍ត្រួតពិនិត្យថា “កូនស្រីរបស់ខ្ញុំត្រូវទៅមន្ទីរពេទ្យនៅ Jiujiang នាងត្រូវការការព្យាបាល ប៉ុន្តែពួកគេនឹងមិនអនុញ្ញាតឱ្យយើងឆ្លងកាត់នោះទេ” ។ កូនស្រីរបស់គាត់បានអង្គុយនៅលើដីរុំក្នុងភួយមួយ ខណៈពេលដែលលោកស្រី Lu បាននិយាយទាំងទឹកភ្នែកទៅកាន់ប៉ូលិស “សូមយកកូនស្រីរបស់ខ្ញុំទៅ ខ្ញុំមិនចាំបាច់ឆ្លងក៏បាន … សូមឲ្យតែកូនស្រីខ្ញុំបានឆ្លងផុតទៅ” ។ គាត់បានស្រែកអង្វរយ៉ាងខ្លាំងតែគោលការណ៍គឺមិនអាចឲ្យអនុញ្ញាតឱ្យចូលទៅក្នុងទីក្រុង Jiujiang ខេត្ត Jiangxi នៅភាគខាងត្បូងនៃ Yangtze ឡើយ។
ស្ពានមួយនេះត្រូវបានបិទក្នុងគោលបំណងបញ្ឈប់ការរីករាលដាលនៃជំងឺឆ្លងកូរ៉ូណា ដែលបានឆ្លងដល់មនុស្ស ១៤៣៨០ម៉ឺន នាក់ ដែលភាគច្រើននៃពួកគេនៅក្នុងប្រទេសចិននិងបានសម្លាប់មនុស្សជាង ៣០០ នាក់។ មនុស្សរាប់សិបនាក់បានប៉ុនប៉ងឆ្លងកាត់ច្រកប៉ូលិសនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ អ្នកខ្លះបានទទួលជោគជ័យដោយទៅកាន់រថភ្លើងត្រឹមត្រូវ ឬមានសំបុត្រយន្តហោះដែលអាចចាកចេញពី Jiujiang ហើយបានទិញមុនថ្ងៃទី ២៤ ខែមករា ប៉ុន្តែមនុស្សជាច្រើនបានបរាជ័យ។ ដូចជានៅព្រឹកថ្ងៃសៅរ៍កន្លងទៅនេះគឺជាករណីរបស់ស្ត្រីឈ្មោះ Lu ខណៈដែលនាងបានព្យាយាមអង្វរអាជ្ញាធរដើម្បីតែជីវិតកូនស្រីរបស់គាត់។ គាត់និយាយថា “អ្វីដែលខ្ញុំចង់ធ្វើគឺជួយសង្គ្រោះអាយុជីវិតនាង។ ប្រហែលមួយម៉ោងបន្ទាប់ពីគាត់បាននិយាយជាមួយសារព័ត៌មានរ៉យទ័រ នៅប៉ុស្តិ៍ត្រួតពិនិត្យ ប៉ូលិសបានចាប់ផ្ដើមឲ្យគាត់ចេញ។
ពួកគេបានទាក់ទងទៅ រថយន្តសង្គ្រោះបន្ទាន់ហើយអ្នក Lu និងកូនស្រី ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់។ នាង Hu ហាក់ដូចជាគ្មានអ្វីប្លែកឡើយ នៅពេលនាងដើរឆ្លងកាត់ការត្រួតពិនិត្យសីតុណ្ហភាពនៅឯប៉ុស្តិ៍ត្រួតពិនិត្យនិងឆ្ពោះទៅរថយន្តសង្គ្រោះបន្ទាន់ដែលកំពុងរង់ចាំ ៕