អាសន្នធំហើយ! ក្រុមអ្នកវិទ្យាសាស្ត្រចិនថា វីរុសកូរ៉ូណាថ្មី អាចចម្លងតាមរយៈលាមក របស់មនុស្ស

(វូហាន)៖ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានឱ្យដឹងថា ពួកគេបានរកឃើញពីរបៀបឆ្លងថ្មីមួយ របស់វីរុសកូរ៉ូណាថ្មី (2019-nCoV) ដែលមានប្រភពដើមមកពី ទីក្រុងវូហាន នៃខេត្ត Hubei ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

ការចុះផ្យាយរបស់សារព័ត៌មាន CNA ធ្វើឡើងដោយផ្អែកលើសេចក្ដីរាយការណ៍ នៅក្នុងអត្ថបទមួយចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ ដែលបានស្រង់ សម្ដីពីក្រុមអ្នកវិទ្យាសាស្ត្រចិន មកពីមន្ទីរពេទ្យ Renmin Hospital នៃសាកលវិទ្យាល័យ Wuhan University និងមកពីវិទ្យាស្ថានវូហាន សិក្សាពីវីរុស នៃបណ្ឌិត សភាវិទ្យាសាស្រ្តចិន។ ក្រុមអ្នកវិទ្យាសាស្ត្រចិន ឱ្យដឹងថា វីរុសកូរ៉ូណាថ្មី ឬ 2019-nCoV អាចចម្លងតាមរយៈប្រព័ន្ធរំលាយអាហារ និងចូលទៅកាន់លាមករបស់ មនុស្ស។ នៅក្នុងន័យនេះ ការឆ្លងវីរុសកូរ៉ូណា អាចកើតមានឡើង នៅពេលមានការបំពុលដី ឬទឹក ដែលបង្កឡើងដោយការបន្ទោរបង់ គ្មានសណ្ដាប់ធ្នាប់ និយាយជារួម ការខ្វះខាតការអនុវត្តអនាម័យឱ្យបានត្រឹមត្រូវ រួមទាំងការបរិភោគទឹក ឬម្ហូប ដែលមានផ្ទុកវីរុសកូរ៉ូណា ដោយមិនបានចំអិនត្រឹមត្រូវ ក៏អាចមាន លទ្ធភាពឆ្លងបានដែរ។

លើសពីនេះទៅទៀត ក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះ ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីពួកគេរកឃើញថា រោគសញ្ញាដំបូងនៃអ្នកជំងឺមួយចំនួនដែលឆ្លង វីរុសកូរ៉ូណា គឺមានអាការៈរាគរូស ជាជាងក្ដៅខ្លួនដែលជារោគសញ្ញារួម។

គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ៣៦១នាក់ហើយ និង ១៧,២០៩នាក់បានឆ្លង ហើយក្នុងនោះ ៤៧៥នាក់ បានត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ៕