សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ យេីងខ្ញុំទាំងពីរវេជ្ជបណ្ឌិត សុខា ដារាពិសិដ្ឋ ភេទប្រុស និង សុខា អរុណ ភេទប្រុស សមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការ YUNDI ដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសចិន។
ដោយសារកូនមេីលឃេីញពីទុក្ខលំបាករបស់ប្រជាជនចិន និងខ្មែរដែលស្ថិតនៅទីក្រុង វូហាន និងប្រទេសចិនទាំងមូលដែលកំពុងរងការវាយប្រហារពីមេរោគកូរ៉ូណាថ្មីដែលបញ្ហានេះបង្កឲ្យពិភពលោកកំពុងព្រួយបារម្ភជាខ្លាំងការរីករាលដាលនៃជំងឺនេះ។ ក្នុងខណៈនេះ ក្នុងនាមកូនដែលជាគ្រូពេទ្យនៃព្រះរាជាណាចក្រកម្ពុជា
ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល កូនទាំងពីរនាក់មិនអាចឈរអោបដៃមេីលប្រជាជនចិន និងខ្មែរ ដែលកំពុងត្រូវការជំនួយវេជ្ជសាស្ត្រជាបន្ទាន់បានឡេីយ។ ដូចនេះហើយ កូនទាំងពីរនាក់បានសម្រេចចិត្ត ស្នេីសុំគោលការណ៍អនុញ្ញាតពីសម្តេចពុក ដេីម្បីធ្វើជាគ្រូពេទ្យតំណាងឲ្យប្រទេសកម្ពុជាធ្វើដំណើរទៅកាន់ទីក្រុង វូហាន ដេីម្បីចូលរួមជួយព្យាបាលជូនទាំងប្រជាជនចិន និងខ្មែរដែលកំពុងស្ថិតនៅទីនោះ ស្របពេលដែលប្រទេសមួយចំនួនបានជម្លៀសប្រជាជន និងបិទមិនអោយធ្វើដំណើរចេញចូលនិងឆ្លងកាត់។
កូនទាំងពីរនាក់ពិតជាយល់ស្របជាមួយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចពុក ដែលបានលេីកឡេីងថា “ស្រលាញ់គ្នាក្នុងគ្រាក្រ ហេីយក៏មិនរត់ចោលគ្នាក្នុងគ្រាអាសន្នលំបាកឡេីយ កម្ពុជាមិនរត់ចោលចិនឡេីយ”។ សម្តេចពុកហ៊ានប្រយុទ្ធរួមសុខទុក្ខជាមួយគ្នា កូនទាំងពីរនាក់ក៏ស្ម័គ្រចិត្តរួមសុខទុក្ខជាមួយសម្តេចពុកផងដែរ។