និស្សិតខ្មែរ២៣នាក់ កំពុងសិក្សានៅវូហាន ទទួលបានប្រាក់ឧបត្ថម្ភ ៤៦លានរៀល ពីក្រសួងអប់រំ

145

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតគណៈកម្មការ និងចាត់តាំងតំណាង១រូប ដើម្បីទាក់ទងផ្ទាល់ និងសួរសុខទុក្ខនិស្សិតកម្ពុជា ទាំង២៣នាក់ ដែលកំពុងស្នាក់នៅទីក្រុងអ៊ូហាន ខេត្តហូប៉ី ជាប់ជាប្រចាំថ្ងៃ ដោយក្នុងនោះ ក្រសួងបានផ្តល់ថវិកាសរុបចំនួន ៤៦,០០០,០០០រៀល ដោយនិស្សិតម្នាក់ៗ ទទួលបាន ២,០០០,០០០ រៀល (ពីរលានរៀល) ដើម្បីជួយឧបត្ថម្ភដល់ការរស់នៅប្រចាំថ្ងៃ របស់និស្សិតទាំង២៣រូបខណៈ ថវិកានេះត្រូវបានផ្ទេរ ជូនតាមរយៈតំណាង និស្សិតកម្ពុជានៅទីនោះ គឺលោក ប៉ែន បារាំង ដើម្បីចាត់ចែងបន្ត ទៅដល់និស្សិតផ្សេងៗទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០បានអះអាងថា បច្ចុប្បន្នភាពនៃសុខុមាលភាព របស់និស្សិតខ្មែរ ដែលកំពុងស្នាក់ទីក្រុងវូហាន ប្រទេសចិន កន្លែងដែលផ្ទុះឡើង នូវជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណា។ និស្សិតសិក្សានៅទីក្រុងវូហាន ខេត្តហូប៉ី សរុបចំនួន៨៩នាក់ និងកំពុងសិក្សា នៅតាមសាកលវិទ្យាល័យ ចំនួន៧កន្លែងផ្សេងៗគ្នា ក្នុងនោះមាននិស្សិតចំនួន២៣នាក់ ដែលកំពុងមានវត្តមាននៅទីក្រុងវូហាន មកទល់ពេលនេះ មានសុខភាពរឹងមាំ និងមិនមាននិស្សិតណាម្នាក់ ឆ្លងជំងឺរលាកសួតប្រភេទថ្មីនេះទេ ដោយសារទទួលបាន ការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសមាគមនិស្សិតនៅទីនោះ។

ក្រសួងអប់រំបន្តថា និស្សិតមួយចំនួនទទួល បានអាហារពីសាកលវិទ្យាល័យ ជារៀងរាល់ថ្ងៃ ក្នុង១ថ្ងៃ៣ពេល ដោយភាគីខាងសាកលវិទ្យាល័យ បានយកអាហារមកផ្គត់ផ្គង់ ដល់បន្ទប់ ស្នាក់នៅរបស់និស្សិត និងនិស្សិតមួយចំនួនទៀត ត្រូវទិញអាហារដោយខ្លួនឯង ពីកន្លែងលក់ទំនិញ ដោយចំណាយពេល១៥នាទី (ការទិញមួយដងអាចទទួលទាន បានរយៈពេល៣ទៅ៤ថ្ងៃ)។ ចំពោះនិស្សិតចំនួន៦៦នាក់ផ្សេងទៀត បានត្រឡប់មកប្រទេសកម្ពុជា នាដើមខែមករា ឆ្នាំ២០២០នេះ ក្នុងគោលបំណងមកលេងស្រុកកំណើត ក្នុងខណៈវិស្សមកាលរដូវរងា ដូចរៀងរាល់ឆ្នាំ និងទទួលបានការអនុញ្ញាតឱ្យឈប់ សម្រាកត្រឹមត្រូវ ដោយសាកលវិទ្យាល័យនីមួយៗ។ សាកលវិទ្យាល័យ បានពន្យារពេលវិស្សមកាលនេះ និងបានជូនដំណឹងទៅនិស្សិតអំពី កាលបរិច្ឆេទចូលរៀនវិញ នៅពេលក្រោយ។

សូមរំលឹកថា បន្ទាប់ពីក្រសួងការបរទេសចិន ឆ្លើយតបមិនអាចរៀបចំ ការធ្វើដំណើរទៅកាន់ទីក្រុងវូហានឲ្យសម្ដេច ព្រោះទីក្រុងនេះ បានប្រកាសភាពអាសន្នបិទ មិនឲ្យមានចរាចរណ៍ឆ្លងកាត់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៥ខែកុម្ភៈនេះ នឹងអញ្ជើញធ្វើដំណើរ ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបសម្តែងការគួរសម ជាមួយភាគី មិត្តចិន និងបានស្វែងយល់អំពីការយកចិត្តទុក ដាក់របស់រដ្ឋាភិបាល ចិនចំពោះសិស្សនិស្សិតខ្មែរ ដែលកំពុងសិក្សា នៅក្នុងទីក្រុងវូហាន៕