គ្រូពេទ្យម្នាក់ទៀតស្លាប់បាត់បង់ជីវិត ខណះម្នាក់ទៀតបានឆ្លងវីរុសកូរ៉ូណា ក្រោយប្រឹងប្រែងព្យាបាលអ្នកជំងឺអស់ពីលទ្ធភាព

4638

​​​​នៅក្នុងការព្យាបាល និង មើលថែទាំអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាដ៏កាចសាហាវ ដែលជាជំងឺផ្លូវដង្ហើមប្រភេទថ្មី ហើយមិនទាន់ត្រូវបានគេរកឃើញនូវវ៉ាក់សាំងការពារ និងថ្នាំព្យាបាលនៅឡើយនោះ វាត្រូវការការចូលរួមពីក្រុមគ្រូពេទ្យជាច្រើនដែលហ៊ានពលីដើម្បីប្រជាជនរបស់ខ្លួន ។

ជាមួយគ្នានោះដែរ គ្រូពេទ្យវ័យក្មេងមួយរូបអាយុ២៨ឆ្នាំ ឈ្មោះ Song Yingjie ត្រូវបានដួលស្លាប់បន្ទាប់ពីធ្វើការខ្លាំងពេករយៈពេល១០ថ្ងៃជាប់គ្នា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយវីរុសកូរ៉ូណានោះ ។ លោកត្រូវបានមិត្តរួមការងារ ប្រទះដេកស្លាប់ នៅក្នុងបន្ទប់របស់លោកស្នាក់នៅ កាលពីថ្ងៃទី៣ ខែកុម្ភៈបន្ទាប់ពីបញ្ចប់ការងារនៅម៉ោង ១២ យប់ ។ គួរឱ្យដឹងដែរថា លោក Song Yingjie បានចូលបម្រើការនៅមជ្ឈមណ្ឌលសុខភាព Henshang តាំងពីឆ្នាំ ២០១៦ ហើយចូលរួមជាមួយផ្នែកទប់ស្កាត់វីរុស ដែលលោកចាប់ផ្តើមធ្វើការធ្ងន់ធ្ងរជាមួយក្រុមតាំងពីថ្ងៃទី ២៥ ខែមករា រហូតមកដល់ថ្ងៃដែលលោកទទួលមរណភាព ។

ចំណែកឯលោក Li Wenliang គឺជាវេជ្ជបណ្ឌិតមួយរូបដែលត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា បន្ទាប់ពីចេញរោគសញ្ញាកាលពីថ្ងៃទី ១ខែកុម្ភៈកន្លងទៅនេះ ។

សូមបញ្ជាក់ថា លោក Li Wenliang ត្រូវបានគេហៅថាវីរៈបុរសម្នាក់ផងដែរ ព្រោះលោកជាមនុស្សដំបូងដែលបានដឹងពីវីរុសប្រភេទថ្មីនេះ ហើយឱ្យមិត្តរួមការងារទាំងអស់មានការប្រុងប្រយ័ត្ន ប៉ុន្ដែលោកក៏ត្រូវបានចាប់ខ្លួនយកទៅណែនាំផងដែរបន្ទាប់ពីចោទលោកបានផ្សព្វផ្សាយព័ត៌មានមិនពិតនូវវីរុសនេះទៅកាន់សាធារណៈជាលើកដំបូង ។ ប៉ុន្ដែលោកមិនបានអាក់អន់ស្រពន់ចិត្តអ្វីឡើយ ពោលគឺលោកនៅតែបន្ត ព្យាបាលអ្នកជំងឺឥតស្រាកស្រាំរហូតដល់ឈានទៅដល់ការឆ្លងបែបនេះ ។ ពេលនេះលោកក៏កំពុងត្រូវបានសម្រាក និង ទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់នៅក្នុងមន្ទីរពេទ្យប្រទេសចិន ៕