ចំនួនអ្នកស្លាប់ដោយសារមេរោគរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (2019-nCoV) ឡើងដល់៦៣៥៦នាក់ បើគិតត្រឹមម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃសុក្រ ទី៧ ខែកុម្ភៈនេះ ខណៈតុល្យការអ្នកស្លាប់កាលពីម្សិលមិញ គឺ៥៦៦នាក់ ក្នុងនោះ១ករណីស្ថិតក្នុងទឹកដីហ្វីលីពីន។ ក្រៅពីករណីនៅហ្វីលីពីន អ្នកស្លាប់ទាំងអស់គឺស្ថិតក្នុងប្រទេសចិន ដោយហុងកុងដែលជាតំបន់រដ្ឋបាលពិសេសក៏មានស្លាប់១ករណីផងដែរ។
ទិន្នន័យ Tracking Coronavirus របស់ BNO News ក៏បានបង្ហាញផងដែរថា អ្នកជំងឺឡើងដល់ជាង៣ម៉ឺននាក់ ដោយក្នុងនោះ ខេត្ត Hubei តែមួយ កើនជាង២០០០ករណីក្នុង១ថ្ងៃ។ ជាមួយគ្នានេះ អ្នកជំងឺជាង១៦០០នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៤ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ថៃ ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេស្ប៉ាញ និងបែលហ្ស៊ិក៕