ក្តៅៗ! លោក សម រង្ស៊ី ប្តេជ្ញាចូលទឹកដីកម្ពុជាឱ្យបានជោគជ័យម្តងទៀតក្នុងឆ្នាំ២០២០​នេះ

657

លោក សម រង្ស៊ី ប្រកាសថា នឹងត្រៀមរៀបចំធ្វើមាតុភូមិនិវត្តន៍ចូលមកទឹកដីកម្ពុជាម្ដងទៀតនៅក្នុងឆ្នាំ២០២០នេះ​ ដោយអះអាងថា មាតុភូមិនិវត្តន៍កាលពីឆ្នាំមុនជាជោគជ័យមួយរបស់លោក​ បើទោះជាមិនបានជាន់​ទឹកដីកម្ពុជាក៏ដោយ។

លោក សម រង្ស៊ី សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក​កាលពីម្សិលមិញ​ថា​​ ក្រុមការងារ​អតីតគណបក្សរបស់​លោក​ កំពុង​រៀបចំគម្រោង​វិលចូល​ប្រទេស​កម្ពុជា​ជាថ្មីម្តងទៀតនៅឆ្នាំ២០២០។ ទោះយ៉ាងណាក៏ដោយក្នុងសំណេរនោះ​ លោក សម រង្ស៊ី មិនបានបញ្ជាក់ពីពេលវេលាដែលត្រូវត្រឡប់មកកម្ពុជាវិញនោះទេ។

មេដឹកនាំអតីតគណបក្សប្រឆាំង​ដែល​កំពុងនិរទេសខ្លួន​នៅបរទេស​រូបនេះ នៅតែអះអាង​ថា​ គម្រោង​វិល​ត្រលប់​ចូល​ទឹក​ដី​កម្ពុជា​វិញ​កាល​ពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជា​ជោគជ័យ​ បើ​ទោះ​ណា​ជាលោកមិន​បាន​ជាន់​ទឹក​ដី​កម្ពុជា​យ៉ាងណាក្តី​។

លោក សម រង្ស៊ី ថាវាជាជ័យជំនះ​ព្រោះបង្ហាញពីភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់លោក ហើយបង្ហាញ​ពីភាព​ភ័យខ្លាចរបស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បិទគ្រប់​ច្រក​ល្ហក​មិន​ឱ្យលោកចូលកម្ពុជា រួម​ទាំងរបៀប​របបនៃការដឹកនាំរបស់​លោក​ ហ៊ុន​ សែន ផងដែរ។ លោក បន្ត​ថា វាក៏ជា​ជ័យជំនះសម្រាប់លោកលើ​ផ្លូវនយោបាយ និងចិត្តសាស្ត្រក្នុង​សមរភូមិសារព័ត៌មាន និងសាធារណៈមតិអន្តរជាតិ ក៏ដូច​ជា​ជ័យជំនះផ្នែកទូតនៅក្នុងសហគមន៍អាស៊ានផងដែរ។ ក្រៅ​ពី​នេះ​ លោក សម រង្ស៊ី​ ក៏មាន​សុទិដ្ឋិនិយម​ផងដែរថា ​ព្រឹត្តិការណ៍ថ្ងៃ៩ ខែវិច្ឆិកា ជាការបង្ហាញ​ថា​ អតីតគណបក្សសង្រ្គោះជាតិនៅ​តែរឹងមាំ បើ​ទោះបី​ជាត្រូវបាន​រំលាយ​ចោល​ហើយ​យ៉ាងណាក្តី។​

លោក សម រង្ស៊ី លើកឡើង​ថា ​កត្តាទាំងអស់​នេះ​ហើយជា​មូល​ហេតុ​ជំរុញឱ្យ​ក្រុម​របស់លោក​ត្រៀមរៀបចំមាតុភូមិនិវត្តន៍ម្តងទៀត ដោយ​ថា​នឹងសម្រេចឱ្យទាល់តែបានក្នុងឆ្នាំ២០២០នេះ។

ក្នុងគម្រោងវិល​ត្រលប់​ចូល​ប្រទេសកម្ពុជា​វិញ​កាល​ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ី មិន​បាន​ឈាន​ជើងជាន់ទឹក​កម្ពុជានោះទេ លោកបាន​ត្រឹម​តែ​ចូល​ក្នុងប្រទេស​ជាសមាជិក​អាស៊ានមាន ម៉ាលេស៊ី និងឥណ្ឌូនេស៊ី​ តែប៉ុណ្ណោះ។ លោក សម រង្ស៊ី ថាកាលពីពេលនោះ លោកមានគម្រោង​ឆ្លងកាត់​ទឹកដី​ថៃដើម្បី​ធ្វើដំណើរបន្តមក​ចូល​មក​កម្ពុជា ប៉ុន្តែ លោក​ថា រដ្ឋាភិបាលថៃត្រូវរ៉ូវ​ជាមួយរដ្ឋាភិបាល​កម្ពុជា ​មិនឱ្យលោកប្រើប្រាស់​ទឹក​ដី​ខ្លួន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍យ៉ាងខ្លីថា មិនមានអ្នកណាចាប់អារម្មណ៍នឹងលោក សម រង្ស៊ី នោះទេ ដោយសារលោក​និយាយភូតប្រជាពលរដ្ឋច្រើនដងហើយ​។

លោកមានប្រសាសន៍ថា៖ «​មនុស្សហ្នឹងភូត ដូច្នេះហើយគ្មានអ្នកណាចាប់អារម្មណ៍ជាមួយគាត់ទេ ខ្ញុំអត់និយាយដល់មនុស្សហ្នឹង [លោក សម រង្ស៊ី] ពីព្រោះមនុស្សហ្នឹងត្រូវសង្គមកម្ពុជា ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសគេបដិសេធហើយ មិនស្វាគមន៍ទេ ចប់ហើយ អត់មានអ្នកណាគិតគូរគាត់ទេ សូមកុំសួររឿងហ្នឹង»។

អ្នកវិភាគ​នយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ការប្រកាសធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ជាថ្មីទៀតនោះ ដោយសាររូបលោកបានធ្វើការងារទូតជាមួយប្រទេសមហាអំណាចមួយចំនួនរួចហើយ។ លោកបន្តថា បើលោក សម រង្ស៊ី ត្រឡប់មកកម្ពុជា នឹងចំនេញផ្នែកនយោបាយ។

លោកថា៖ «បើគាត់មក គាត់ចំនេញ [នយោបាយ] ពាក់ព័ន្ធនឹងការផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋដែលគាំទ្របក្សប្រឆាំងឱ្យកាន់តែសកម្មជាងមុន បើសិនជាគាត់មិនមកទេ ពលរដ្ឋដែលគាំទ្រគាត់ មិនសូវសកម្ម»។

ក្នុងគម្រោង​មាតុភូមិ​និវត្តន៍របស់លោក សម រង្ស៊ី សកម្ម​ជន និងអតីតមន្រ្តីគណបក្សសង្រ្គោះ​ជាតិ​មួយចំនួន​ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួន​ដោយសារ​តែពួកគេ​ចូល​រួម និងគាំទ្រ​គម្រោង​នេះ។ គិតត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង ៨០នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ «រួមគំនិត» នៅក្នុងអ្វីដែលអាជ្ញាធរកម្ពុជាហៅថា «ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល» ប៉ុន្តែ ពួកគេទាំងនោះ​ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំដដែល៕