Update! អ្នកស្លាប់​កើន​ដល់​៧១៩​នាក់​ និងអ្នកឆ្លងកើនដល់៣៥០០០​នាក់ ដោយសារវីរុសកូរូណា!

54450

​មនុស្ស​៨០​នាក់​បន្ថែមទៀត​ត្រូវបាន​ប្រកាសថា ស្លាប់​នៅ​ខេត្ត Hubei ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​ដោយសារ​មេរោគ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ឡើងដល់​៧១៩​នាក់ បើ​គិត​ត្រឹម​ម៉ោង​៦ និង​៤០​នាទី ព្រឹក​ថ្ងៃ​សៅរ៍ ទី​៨ ខែកុម្ភៈ​នេះ ខណៈ​តុល្យការ​អ្នកស្លាប់​កាលពី​ម្សិលមិញ គឺ​៦៣៩​នាក់ ក្នុងនោះ​១​ករណី​ស្ថិតក្នុង​ទឹកដី​ហ្វីលីពីន​។ ក្រៅពី​ករណី​នៅ​ហ្វីលីពីន អ្នកស្លាប់​ទាំងអស់​គឺ​ស្ថិតក្នុង​ប្រទេស​ចិន ដោយ​ហុងកុង​ដែលជា​តំបន់​រដ្ឋបាល​ពិសេស​ក៏មាន​ស្លាប់​១​ករណី​ផងដែរ​។​

​ទិន្នន័យ Tracking Coronavirus របស់ BNO News ក៏បាន​បង្ហាញ​ផងដែរ​ថា អ្នកជំងឺ​ឡើងដល់​៣៥ ០០០​នាក់ ដោយ​ក្នុងនោះ ខេត្ត Hubei តែមួយ កើន​ជិត​៣០០០​នាក់ បើ​ប្រៀបធៀប​កាលពី​ម្សិលមិញ​។ ក្នុងចំណោម​អ្នកជំងឺ​៨៦​នាក់​នៅ​ជប៉ុន មាន​ដល់​ទៅ​៦១​នាក់ ស្ថិតក្នុង​នាវា​ទេសចរណ៍ “Diamond Princess” ដែល​ប្រមូលផ្តុំ​ដោយ​ជាតិ​សាសន៍​ផ្សេងៗ​។​

​ជាមួយគ្នានេះ​ផងដែរ អ្នកជំងឺ​ជិត​២០០០​នាក់​ហើយ ដែល​បាន​ធូរស្បើយ ហើយ​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ខណៈ​ជិត​៦០០០​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ នេះ​បើតាម​បច្ចុប្បន្នភាព​នៃ​ទិន្នន័យ​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ជាតិចិន​។​

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៤​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ជប៉ុន ថៃ សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេ​ស្ប៉ា​ញ និង​បែលហ្ស៊ិក​៕