ក្រុម​អ្នក​ស្រាវជ្រាវ​ចិន​រក​ឃើញ​ថា សត្វ​ពង្រូល អាច​ជា​ប្រភព​ដើម​នៃ​វីរុស​កូ​រ៉ូ​ណា

2924

ទីក្រុង​ហ្គ័​ង​ចូ​វ ៖ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​កសិកម្ម​ចិន​ខាងត្បូង និង​មន្ទីរពិសោធន៍​ទំនើប លី​ន​ណា​ន​ក្វា​ង​ទុង បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​៧ កុម្ភៈ​នេះ ប្រកាស​ថា ពួក​គេ​បាន​រក​ឃើញ​នូវ​របកគំហើញ​ដ៏​សំខាន់​មួយ អាច​ជា​ប្រភព​ដើមនៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី កូ​រ៉ូ​ណា​វីរុសនេះ​ បើ​តាម​ព័ត៌មាន​ចិន ស្សិន​ហួរ ។​

​តាម​ការ​សិក្សា​ជីវសាស្ត្រ​មួយ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ចិន បាន​សង្កេត​មើល​រចនាសម្ព័ន្ធ​របស់​វា​ជាមួយ​មីក្រូ​ទស្សន៍​អេ​ឡិច​ត្រុ​ង បាន​រក​ឃើញ​ថា ប្រភេទ​ហ្សែ​ន​ដែល​បំបែក​ចេញពី​សត្វ​ពង្រូល គឺ​ប្រហាក់ប្រហែល​គ្នា ៩៩​ភាគរយ នឹង​លទ្ធផល​នៃ​ការ​វិភាគ​ហ្សែ​ន​របស់​មេរោគ​ដែល​កំពុង​ឆ្លង​មនុស្ស 2019-nCoV ដែល​បង្ហាញ​ថា សត្វ​ពង្រូល​អាច​ជា​ប្រភព​ដើមនៃ​វីរុស​ថ្មី​នេះ ។​

​យោង​តាម​សាស្ត្រាចារ្យ សិន យ៉ុ​ង​យី អ្នក​ស្រាវជ្រាវ​ម្នាក់ មក​ពី​សាកលវិទ្យាល័យ​កសិកម្ម​ចិន​ខាងត្បូង បាន​និយាយ ក្រុម​ស្រាវជ្រាវ​បាន​វិភាគ​សំណាក​សត្វព្រៃជាង​១.០០០​ប្រភេទ ដែល​បាន​ប្រមូល​មកពីផ្សារ​លក់​សត្វ​រស់​មួយ​កន្លែង​ក្នុង​ទីក្រុង​វូ​ហាន និង​បាន​រក​ឃើញ​ថា ម៉ូលេគុល​ក្នុង​សត្វ​ពង្រូល មាន​អត្រា​វិជ្ជមាន​នៃ​វីរុស​កូ​រ៉ូ​ណា គឺ​៧០​ភាគរយ ។​

ទោះជាយ៉ាងណា​លោក​សាស្ត្រាចារ្យ សិន អះអាងថា ប្រហែលជា សត្វ​ពង្រូល ​មិនមែន​ជា​ប្រភព​ចម្លង​វីរុស​តែ​មួយ​ទេ គឺ​មាន​សត្វព្រៃដទៃ​ទៀត​ផង​ដែរ ។ លោក​សាស្ត្រាចារ្យលើក​ឧទាហរណ៍​ថា ជំងឺ SARS ក្រៅពី​«​សត្វ​ប្រចៀវ​» គឺ​មានសត្វ​ចិញ្ចឹម​ក្នុងស្រុក​ដទៃ​ទៀត ក៏​អាច​ជា​ប្រភព​នៃ​ការ​រីក​រាលដាល​នៃ​វីរុស SARS ​ផង​ដែរ ។​

ដោយឡែកនៅប្រទេសកម្ពុជាវិញ បើ​តាម​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បញ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ជា​បន្ទាន់ ដើម្បី​ចៀសវាង​ការ​ឆ្លង​​ជំងឺ​ប្រភេទថ្មី​ៗ ពិសេស​មេរោគ​កូ​រ៉ូ​ណា​ថ្មី តែម្តង ព្រោះថា​វីរុស​នេះ​ឆ្លង​មក​ពី​ប្រភព​សត្វព្រៃ ៕