បុគ្គលិកអាកាសចរណ៍ចិនជាង ២៧០០០នាក់ បង្ខំចិត្តឈប់ធ្វើការ ដោយសារវីរុសកូរ៉ូណា

3632

ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានធ្វើឲ្យបុគ្គលិកអាកាសចរណ៍ចិនប្រមាណជា ២៧០០០នាក់ ត្រូវបង្ខំចិត្តឈប់ពីការងាររយៈពេលបីសប្តាហ៍ដោយគ្មានប្រាក់ខែនោះឡើយ។ហើយក្រុមហ៊ុនដែលកំពុងបានផ្អាកការងារបណ្តោះអាសន្ននេះមានឈ្មោះថា Cathay Pacific ។

យោងតាមការចុះផ្សាយរបស់ South China Morning Post បានឲ្យដឹងថា លោក Cathay នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍មួយនេះបានប្រាប់ទៅកាន់បុគ្គលិករបស់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍មុនថា “ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific កំពុងតែមានបញ្ហាដោយសារតែការហោះហើរមានការថយចុះ ព្រោះតែការផ្ទុះឡើងនៃជម្ងឺរលាកសួតប្រភេទថ្មីនេះ ហេតុនេះហើយក្រុមហ៊ុនត្រូវស្នើរឲ្យបុគ្គលិកទាំងអស់ឈប់សម្រាកក្នុងរយៈពេល ៣សប្តាហ៍ដោយពុំមានប្រាក់ខែ រហូតដល់ស្ថានជម្ងឺនេះមានភាពស្ងប់ស្ងាត់ទៅវិញសិន”។

លោកបានបន្តថា ស្ថានភាពរបស់ក្រុមហ៊ុននៅពេលនេះកំពុងទទួលរងស្ថានភាពធ្ងន់ធ្ងរណាស់ រួមទាំងវិបត្តិហិរញ្ញវត្ថុដែលបណ្តាមកពីការកាត់បន្ថយជើងហោះហើរនេះផងដែរ។ហេតុដូច្នេះហើយក្រុមហ៊ុនរបស់លោកត្រូវតែធ្វើការរក្សាស្ថេរភាពសាច់ប្រាក់នៅក្នុងក្រុមហ៊ុនឲ្យបានល្អដើម្បីការពារលំនឹងអាជីវកម្មរបស់ខ្លួន ទំរាំតែស្ថានការណ៍អាចស្ងប់ស្ងាត់ទៅវិញបាន។លោកបានមានប្រសាសន៍ទៀតថាលោកចង់ឲ្យបុគ្គលិកឈប់សម្រាកពីការងារដោយស្ម័គ្រចិត្តនៅចន្លោះខែមីនានិងខែមិថុនាហើយសង្ឃឹមថាបុគ្គលិកទាំងអស់គ្នាអាចចូលរួមក្នុងគម្រោងមួយនេះ។

គួររំលឹកផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានជួបបញ្ហាដោយសារតែការរីករាលដាលនៃវីរុសដែលបានកើតចេញពីទីក្រុង Wuhan នៃភាគកណ្តាលប្រទេសចិន។វាបានធ្វើឲ្យមានភាពអន្តរាយដល់ការធ្វើដំណើរតាមផ្លូវអាកាស ដោយអ្នកដំណើរទាំងអស់លុបការហោះហើរទៅកាន់គោលដៅ ដោយសារតែការរងផលប៉ះពាល់និងការរឹតត្បិតព្រំដែននៅជុំវិញពិភពលោកមកលើប្រជាជនដែលមកលេងប្រទេសចិនដីគោក៕

ប្រភព៖ business-cambodia