ប្រទេសថៃ «ហាមកប៉ាល់ដឹកមនុស្ស២,២០០នាក់ចូលចត» ព្រោះតែខ្លាចនៅលើនោះមានអ្នកផ្ទុកវីរុសកូរ៉ូណា

179

(បាងកក)៖ រដ្ឋមន្រ្តីសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) នាថ្ងៃអង្គារនេះបាននិយាយថា ប្រទេសថៃនឹងមិនអនុញ្ញាតឲ្យកប៉ាល់ទេសចរណ៍មួយគ្រឿង ចូលចត និងដាក់អ្នកដំណើរនៅឯកំពង់ផែក្រុង ឡេមឆាបាង (Laem Chabang) នោះឡើយ ព្រោះតែខ្លាចនៅលើនោះមានអ្នកផ្ទុកវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី ដែលមិនទាន់មានការពិនិត្យត្រឹមត្រូវ។ នេះបើតាមការដកស្រង់ការផ្សាយ ពីសារព័ត៌មានបាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Anutin បានបង្ហោះសារខ្លីមួយលើបណ្តាញសង្គម Facebook ដោយបញ្ជាក់ថា លោកបានបង្គាប់អាជ្ញាធរថៃ «មិនឲ្យអនុញ្ញាត» ឲ្យកប៉ាល់ទេសចរណ៍ឈ្មោះ វែស្ទឺរដាម (Westerdam) ចូលចតនៅប្រទេសថៃដាច់ខាត។ សាររបស់លោករដ្ឋមន្រ្តីសុខាភិបាលថៃ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រតិបត្តិកររបស់កប៉ាល់នោះ បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា កប៉ាល់នឹងឲ្យអ្នកដំណើរចុះនៅទីក្រុង Laem Chabang នៃខេត្ត ឈុនបុរី (Chon Buri) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយពីទទួលការបដិសេធពីជប៉ុនមិនឲ្យចូលចតនោះ។

គួរជម្រាបថា កប៉ាល់ទេសចរណ៍ខាងលើមានដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ ហើយវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិកហូឡេនដ៍ (Holland America) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

កប៉ាល់ទេសចរណ៍នោះបានចាកចេញពីទីក្រុងហុងកុងប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែវាត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (2019-nCoV) ខណៈឧទាហរណ៍ជាក់ស្តែងមួយ បានកើតមានឡើងចទៅហើយ នៅលើនាវាទេសចរណ៍ Diamond Princess ដែលកំពុងចតនៅកំពង់ផែ យ៉ូកូហាម៉ា (Yokohama) របស់ជប៉ុន ជាមួយអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ១៦១នាក់ ក្នុងចំណោម ៣,៧០០នាក់ដែលជិះនៅលើនោះ៕