ទីបំផុត! វីរុសកូរ៉ូណា ត្រូវបានដាក់ឈ្មោះឲ្យជាផ្លូវការថា «Covid-19»

191

(ហ្សឺណែវ)៖ វីរុសកូរ៉ូណាថ្មីដែលបានផ្ទុះឡើងដំបូងចេញពីទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ ទីបំផុតត្រូវបានដាក់ឈ្មោះឲ្យជាផ្លូវការហើយ គឺហៅថា «Covid-19»។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅយប់ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នាថ្ងៃអង្គារនេះ បានប្រកាសអំពីការដាក់ ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាប្រភេទថ្មី ដែលកន្លងមកមានត្រឹមឈ្មោះសម្គាល់បណ្តោះអាសន្នថា 2019-nCoV។ បើតាមលោក Tedros ក្នុងនោះ Co និង Vi គឺតំណាងឲ្យពាក្យ «កូរ៉ូណាវីរុស (Coronavirus) ឬ វីរុសកូរ៉ូណា» រីឯ D តំណាងឲ្យពាក្យថា «ជំងឺ (Disease)» ហើយលេខ 19 តំណាងឲ្យឆ្នាំ២០១៩ ជាពេលដែលវីរុសកូរ៉ូណាថ្មីនេះ ត្រូវបានរកឃើញជាលើកដំបូង។

លោកប្រមុខអង្គការ WHO បានគូសបញ្ជាក់ថា ឈ្មោះផ្លូវការ «Covid-19» នេះ គឺមិនមានភ្ជាប់ទៅនឹងទីតាំងភូមិសាស្រ្ត សត្វ ក្រុមបុគ្គល ឬជាតិសាសន៍ណាមួយឡើយ ដែលវាជាកត្តាប្រសើរបំផុត ហើយងាយស្រួលហៅថែមទៀតផងគឺ «ខូវីដ-១៩»៕