ក្តៅៗ! ខណះនេះភ្ញៀវ​ទេសចរ​នៅ​លើ​កប៉ាល់​westerdam២០​នាក់ រក​ឃើញ​ថា​មាន​អាការៈ​ក្ដៅ ​ខណៈ​ភ្ញៀវ​ផ្សេង​ទៀត​ នឹង​បន្ត​ដំណើរ​មក​ភ្នំពេញ

20609

ភ្នំពេញ ​៖ ​គណៈប្រតិភូ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ ដោយ​រង់ចាំ​នៅ​លើ​កំពង់ផែ​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​លើ​កប៉ាល់​ ដែល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ចូល​ចត​នោះ ហើយ​ក្នុងចំណោម​ពួកគេ ​មាន​២០​នាក់​រក​ឃើញ​ថា ​មាន​អាកា​រៈ​ក្ដៅ តែ​មិនទាន់​បញ្ជាក់​ថា​មាន​ផ្ទុក​ជំងឺ​ឬ​យ៉ាងណា​នៅឡើយ​ទេ។

គណៈប្រតិភូ​កម្ពុជា​នោះ រួមមាន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ។

តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ទាំងនោះ នឹង​ត្រូវ​ឡើង​ជិះ​រថយន្តក្រុង ទៅ​ព្រលាន​យន្តហោះ​កងកេង ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​ដំណើរ​តាម​យន្តហោះ ទៅកាន់​រាជធានី​ភ្នំពេញ។ ទោះយ៉ាងណា មុននឹង​អញ្ញាត​ឲ្យ​ឡើង​មក​លើគោក​នោះ ក្រុមគ្រួសារ ដែល​ពាក់ព័ន្ធ​ជាង​១០​នាក់ បាន​ឡើង​ទៅលើ​នាវា​ដើម្បី​ពិនិត្យ​សុខភាព​ ហើយ​ភ្ញៀវ​ទេសចរ​ជាង​៥០០​នាក់ ដែល​មាន​ប៉ាសស្ព័រ​នោះ ​នឹង​ចុះ​ពីលើ​នាវា​បន្ត​ឡើង​ឡានក្រុង​ទៅកាន់​គោលដៅ​ដែល​កំណត់។

សេចក្ដីរាយការណ៍​បន្ត​ថា ដោយឡែក​ភ្ញៀវ​ទេសចរ ដែល​នៅ​សេសសល់ នឹង​ត្រូវ​ទៅជា​បន្តបន្ទាប់​ទៀត ក្នុង​នោះ​តាម​ការ​អះអាង​របស់​ក្រុមគ្រូពេទ្យ បាន​បញ្ជាក់​ថា មាន​២០​នាក់ ដែលមាន​អាកា​រៈ​ក្ដៅ តែ​មិនទាន់​បញ្ជាក់​ថា​គាត់​មាន​ជំងឺ ឬ​យ៉ាងណា​នៅឡើយ​ទេ​។ ប៉ុន្តែ​ពួកគាត់​នៅ​លើ​កប៉ាល់​នៅឡើយ​ទេ ហើយ​កប៉ាល់​នេះ អាច​បន្ត​ចត​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​រយៈពេល​យូរថ្ងៃ​ទៀត។

បើតាម​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា បើសិនជា​គេ​រក​ឃើញ​ថា​ភ្ញៀវ​ទេសចរ​មាន​បញ្ហា​អ្វីមួយ​ធ្ងន់ធ្ងរ គេ​នឹង​រៀប​ចាំ​ដាក់​មក​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​ដើម្បី​តាមដាន និង​ព្យាបាល​ពួកគាត់​។ ដោយឡែក​មួយ​ចំនួនទៀត​ប្រសិនបើ​ដាក់​អត់​អស់ នៅ​លើ​កប៉ាល់​ក៏​មាន​បន្ទប់​ដាច់ដោយឡែក​ផងដែរ។

គួរ​បញ្ជាក់ថា កប៉ាល់​ទេសចរណ៍ Westerdam មាន​ដឹក​មនុស្ស​សរុប​ជាង ២,២០០​នាក់ ក្នុងនោះ​អ្នកដំណើរ ១,៤៥៥​នាក់ និង​បុគ្គលិក​កប៉ាល់​ចំនួន ៨០២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​វា​ត្រូវបាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និង​កោះ​ហ្គាំ (​អាមេរិក​) បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយសារតែ​ការព្រួយបារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​នៅលើ​នោះ អាចមាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19)​។ ស្រប​ពេលដែល​ប្រទេស និង​កោះ​មួយចំនួន​បដិសេធ​នោះ រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ម្សិលមិញ បានអនុញ្ញាត​ឲ្យ​នាវា​នោះ​ចូល​សំចត​នៅ កំពង់ផែ ខេត្ត​ព្រះសីហនុ៕