ក្តៅៗ! វៀតណាមប្រកាសបិទសង្កាត់មួយដែលមានពលរដ្ឋជាង១ម៉ឺននាក់ ក្រោយរកឃើញមានអ្នកផ្ទុកវីរុស COVID-19 ៥នាក់

42575

(ហាណូយ)៖ អាជ្ញាធរនៅខេត្ត Vinh Phuc ភាគខាងជើងប្រទេសវៀតណាម នាថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបិទការចេញ-ចូលនៅឃុំមួយ​ដែលមានប្រជាជនរស់នៅជាង១០,០០០នាក់ ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុសកូរ៉ូណា COVID-19។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា អាជ្ញាធរខេត្ត Vinh Phuc បានសម្រេចបិទ​​​ការចេញ-ចូលនៅឃុំ Sol Loi ដែលស្ថិតក្នុងស្រុក Binh Xuyen សម្រាប់រយៈពេល២០ថ្ងៃ។ ឃុំ Sol Loi មានមនុស្សរស់នៅ១០,៦០០នាក់ ហើយកំឡុងពេល២០ថ្ងៃនេះ អាជ្ញាធរវៀតណាម​នឹង​ផ្តល់ការផ្គត់ផ្គង់ដែលចាំបាច់ផ្សេងៗ។

គួរជម្រាបថា បច្ចុប្បន្នករណីអ្នកឆ្លងវីរុស COVID-19 នៅក្នុងប្រទេសវៀតណាមមានចំនួន១៦ករណី ក្នុងនោះ១១ករណីស្ថិតក្នុងខេត្ត Vinh Phuc ហើយក្នុងនោះទៀតសោតមាន៦ករណីនៅក្នុងឃុំ Sol Loi រីឯ៥ករណីទៀត គឺ៣ករណីនៅទីក្រុងហូជីមិញ ១ករណីនៅខេត្ត Khanh Hoa និង១ករណីនៅទីក្រុង Thanh Hoa៕