ថៃពន្យល់ពីមូលហេតុដែរមិនឲ្យនាវាWesterdam ចូលចត បន្ទាប់ពី​កម្ពុជា​អនុញ្ញាតឱ្យ​ចូលចត!

3694

រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បាននិយាយនៅសប្តាហ៍នេះថា រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យនាវាទេសចរណ៍ចំនួនពីរគឺ Seabourn Ovation និង Quantum of the Seas ចូលចតនៅភូកេត ព្រោះភាគច្រើននៃអ្នកដំណើរ ២០០០នាក់ដែលជិះលើនាវានីមួយៗគឺជាជនជាតិអឺរ៉ុប។ ក៏ប៉ុន្តែនាវាមានឈ្មោះ Westerdam ត្រូវបានបដិសេធមិនអនុញ្ញាតឱ្យចូលចតនៅកំពង់ផែ Laem Chabang ក្នុងខេត្តឈុនប៊ុរី ដោយសារតែអ្នកដំណើរភាគច្រើនលើនាវានោះគឺមកពីហុងកុងនិងចិនដីគោក ដែលកំពុងតែប្រឈមមុខខ្លាំងនឹងការផ្ទុះវីរុសកូរ៉ូណា COVID-19។

លោក Anutin ដែលត្រូវបានដកស្រង់សម្ដីដោយកាសែតថៃ The Nation បាននិយាយថា ការស្នាក់នៅរបស់នាវា Ovation និង Quantum នៅភូកេតគឺមានរយៈពេលត្រឹមតែ ១០ ម៉ោងប៉ុណ្ណោះ ហើយអ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Trisulee Trisaranakul បាននិយាយថា ពេទ្យលើនាវា Ovation បានរាយការណ៍ថា គ្មានអ្នកដំណើរណាម្នាក់បានបង្ហាញរោគសញ្ញានៃវីរុសកូរ៉ូណានោះទេតាំងពីចេញដំណើរមក។

លោក Anutin បន្ថែមថា ប្រទេសថៃមិនមានវិធានការរឹតត្បិតការធ្វើដំណើររបស់កប៉ាល់ដឹកអ្នកដំណើរទេ ប៉ុន្តែក្រសួងមានកាតព្វកិច្ចអនុវត្តតាមនីតិវិធីសុវត្ថិភាព និងដើម្បីទទួលបានទំនុកចិត្តពីសាធារណជន។

គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Westerdam មានដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែវាត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ ស្របពេលដែលប្រទេស និងកោះមួយចំនួនបដិសេធនោះ រាជរដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញ បានអនុញ្ញាតឲ្យនាវានោះចូលសំចតនៅ កំពង់ផែ ខេត្តព្រះសីហនុ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ១២ ខែកុម្ភៈ បានអនុញ្ញាតឱ្យនាវាទេសចរអាមេរិក ចូលចតនៅកម្ពុជានេះ ព្រោះចង់លុបបំបាត់ជំងឺភ័យខ្លាចជំងឺរលាកសួតនៃវីរុសកូរ៉ូណា (Covid-19) នៅទូទាំងពិភពលោក។ សម្ដេច ហ៊ុន សែន បាននិយាយថា ការផ្ដល់ទីតាំងឱ្យនាវាអាមេរិកចតនេះ គឺដើម្បីជួយសង្រ្គោះមនុស្សនៅជាប់លើនាវាដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ។ បើតាមនាយករដ្ឋមន្រ្តីកម្ពុជា ទង្វើរបែបនេះបង្ហាញពីការងារមនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជា សម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ៖«ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។

ទាក់ទងនឹង​បញ្ហានេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានកោតសរសើរកម្ពុជាដែលបានអនុញ្ញាតឲ្យនាវា MS Westerdam របស់ក្រុមហ៊ុន Holland America Line ចូលចតនៅផែព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ។ តាមរយៈ Twitter របស់ខ្លួន លោក Murphy បានបញ្ជាក់ថា នាវាដែលមានពលរដ្ឋអាមេរិកជិះផងដែរនោះ មិនមានរបាយការណ៍ទាក់ទងនឹងករណីជំងឺរលាកសួត COVID-19 នោះឡើយ ខណៈក្រុមការងារពេទ្យនៅលើនាវា កំពុងតាមដានពិនិត្យយ៉ាងដិតដល់។ លោកទួតបានបន្ថែមថា ទូតអាមេរិក បានបញ្ជូនក្រុមការងារមួយទៅខេត្តព្រះសីហនុ ដើម្បីធ្វើការជាមួយ Westerdam និងអាជ្ញាធរកម្ពុជា ដើម្បីជួយពលរដ្ឋអាមេរិក ឲ្យបានចាកចេញ និងឲ្យពួកគេវិលទៅកាន់គោលដៅនានារៀងៗខ្លួន៕

ប្រភព kampucheathmey