ប្រធានាធិបតីអាមេរិក ដូ​ណា​ល់ ត្រាំ​៖ អរគុណ​កម្ពុជា​ដ៏​ស្រស់ស្អាត​ដែល​ឲ្យ Westerdam ចូល​សំចត​

714

លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ តាមរយៈ Twitter របស់ខ្លួន បាន​សរសេរ​អរគុណ​ដល់​កម្ពុជា​ដែល​ព្រម​ទទួល​ការ​ចុះចត​នាវា Westerdam នៃ​ក្រុមហ៊ុន​អាមេរិក Carnival Corp កាលពី​ល្ងាច​ថ្ងៃទី​១២ ខែកុម្ភៈ បន្ទាប់ពី​ជប៉ុន តៃវ៉ាន់ ហ្គា​ម ហ្វីលីពីន និង​ថៃ បាន​បដិសេធ ដោយសារ​ព្រួយបារម្ភ​ពី​ករណី​អ្នកដំណើរ​មាន​ជំងឺ​រលាក​សួត COVID-19​។​

«​សូម​អរគុណ កម្ពុជា​ដ៏​ស្រស់ស្អាត​ដែល​ទទួលយក​ការ​សំចត​នាវា Westerdam របស់​ក្រុម Carnival ចូលក្នុង​ផែ​របស់​អ្នក​។ សហរដ្ឋអាមេរិក​នឹង​ចងចាំ​នូវ​អំពើ​ល្អ​របស់​អ្នក​!»​។ ប្រមុខ​សេត​វិមាន ក៏បាន Tag ឈ្មោះ​លោក Micky Arison ប្រធាន​ក្រុមហ៊ុន Carnival Corp នៅលើ​សារ Twitter របស់​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ផងដែរ​។

នៅពេល​ទៅស្វាគមន៍​ក្រុម​អ្នកដំណើរ​ផ្ទាល់​នៅ​នាវា Westerdam ដែល​សំចត​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អះអាង​ផងដែរ​ថា សម្តេច​ទទួលបាន​សំណើរ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​

​មូល​ហេតុដែល​រដ្ឋាភិបាល​សម្រេច​ឱ្យ​នាវា​អាមេរិក​ចូល​ចត​នេះ ក្រោម​ហេតុផល​ថា ជួយសង្គ្រោះ​មនុស្សជាតិ និង​បង្ហាញ​ពី​សកម្មភាព​មនុស្សធម៌ ជាពិសេស​លុបបំបាត់​ភាពភ័យខ្លាច​របស់​ពល​រដ្ឋ លើ​បញ្ហា​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19​។​

​មនុស្ស​នៅលើ​នាវា​នោះ មាន​២២៥៧​នាក់ ក្នុងនោះ​អ្នកដំណើរ​១៤៥៥​នាក់ មាន​៤១​សញ្ជាតិ និង​បុគ្គលិក​បម្រើ​ការងារ​តាម​ផ្នែក​លើ​នាវា ៨០២​នាក់​។ អ្នកទេសចរ​ដែល​ច្រើនជាងគេ​មាន អាមេរិក​មាន​៦៥១​នាក់ កាណាដា ២៧១​នាក់ អង់គ្លេស ១២៧​នាក់ ហូ​ឡង់​៩១​នាក់ អូស្ត្រាលី​៧៩​នាក់ អាល្លឺម៉ង់​៥៧​នាក់​…។

ដោយសារតែមិនអាច​ធ្វើ​ដំណើរត្រឡប់ទៅវិញតាមរយៈនាវាបាន អ្នកដំណើរ​ត្រូវបាន​រដ្ឋាភិបាលកម្ពុជា ក្រោម​កិច្ចសហការជាមួយ​បណ្តាស្ថានទូតពាក់ព័ន្ធ ជាពិសេសទូតអាមេរិក បាន​រៀបចំ​សម្រួលឲ្យពួគេធ្វើ​ដំណើរ​ចេញពី​ផៃព្រះសីហនុ ឆ្ពោះទៅអាកាសយានដ្ឋាន​កងកេង បន្តមកអាកាសដ្ឋាន​អន្តរជាតិភ្នំពេញ ហើយបន្តទៅកាន់ប្រទេសកំណើតខ្លួន​ជាបន្ត​បន្ទាប់។ អ្នក​ដំណើរទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាព ខណៈមនុស្ស​២០នាក់ដែលមានអាការមិនស្រួល ត្រូវបាន​វិទ្យាស្ថានប៉ាស្ទ័រ អះអាងថា មិនមាន​ករណី COVID-19 ឡើយ។

ក្នុង​សេចក្តី​ថ្លែង​ការ​របស់ខ្លួន លោក Stein Kruss អគ្គនាយក​ក្រុមហ៊ុន Holland America Group និង Carnival UK អរគុណ​ជាពិសេស​ដល់​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក François-Philippe Champagne រដ្ឋមន្ត្រីការបរទេស​កាណាដា និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ប្រទេស​ផ្សេងទៀត​ដែល​បាន​ជួយ​ជ្រោមជ្រែង ចំពោះ​ប្រតិបត្តិ​ការដែល​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​បាន​ចុះ​ពី​នាវា ក្រោយ​ស្ថិតនៅ​តែលតោល​លើ​សមុទ្រ​អស់​រយៈពេល​២​សប្តាហ៍​៕​