ក្តៅៗ! អាជ្ញាធរម៉ាឡេស៊ីថា អ្នកដំណើរអាមេរិកម្នាក់ចេញពីកម្ពុជាមានផ្ទុក COVID-19

6851

ក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងនៅល្ងាចថ្ងៃសៅរ៍នេះថាស្ត្រីជនជាតិអាមេរិកម្នាក់ជាអ្នកដំណើរលើនាវា MS Westerdam ដែលបានទៅដល់ប្រទេសម៉ាឡេស៊ីបន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជា ត្រូវបានធ្វើតេស្ត៍រកឃើញថាមានផ្ទុកវីរុសកូរ៉ូណា COVID-19។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South Morning China Post និង Channel News Asia។

ស្ត្រីវ័យ ៨៣ឆ្នាំ និងស្វាមីវ័យ ៨៥ឆ្នាំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ប្រទេសម៉ាឡេស៊ី ប៉ុន្តែលទ្ធផលរបស់ស្វាមីគឺមិនរកឃើញថាមានផ្ទុកវីរុសនោះទេ។

ពួកគេស្ថិតក្នុងចំណោមអ្នកដំណើរ ១៤៥ នាក់ដែលបានជិះយន្តហោះទៅកាន់ទីក្រុងកូឡាឡាំពួកាលពីថ្ងៃសុក្របន្ទាប់ពីកប៉ាល់ទេសចរណ៍ Westerdam បានចូលចតនៅកម្ពុជា។ ស្ត្រីរូបនេះត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពប្រក្រតី ហើយកំពុងត្រូវបានព្យាបាលនៅបន្ទប់ដាច់ដោយឡែក ។

អគ្គនាយកនៃក្រសួងសុខាភិបាលម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត Noor Hisham Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាជនរងគ្រោះនិងស្វាមីបានបង្ហាញរោគសញ្ញានៅពេលពួកគេត្រូវបានពិនិត្យនៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sungai Buloh ហើយក៏បានធ្វើតេស្ត៍ឃើញលទ្ធផលវិជ្ជមាននៅទីនោះ។

នាវាទេសចរណ៍ MS Westerdam បានជាប់គាំងនៅលើសមុទ្រអស់រយៈពេល ២ សប្តាហ៍បន្ទាប់ពីត្រូវបាន ប្រទេសនិងកោះចំនួន ៥ មានជប៉ុន តៃវ៉ាន់ ថៃ ហ្វីលីពីន និងទឹកដីកោះហ្គាមរបស់សហរដ្ឋអាមេរិក បដិសេធមិនឲ្យចូលចតដោយសារការភ័យខ្លាចចំពោះមេរោគឆ្លងមុនពេលចូលចតនៅប្រទេសកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍។

អ្នកដំណើរទាំងអស់បានចុះពីកប៉ាល់នៅខេត្តព្រះសីហនុនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍។

នាវា MS Westerdam ដែលមានអ្នកដំណើរចំនួន ១៤៥៥ នាក់និងនាវិក ៨០២ នាក់បានទៅដល់កំពង់ផែ ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ដើម្បីអនុញ្ញាតឱ្យមន្រ្តីកម្ពុជាអាចឡើងទៅប្រមូលសំណាកពីអ្នកដំណើរដែលមានរោគសញ្ញានៃជំងឺកូរ៉ូណា ឬរោគសញ្ញាដូចគ្រុនផ្តាសាយ។

ក្រសួងសុខាភិបាលបាននិយាយថាសំណាកវត្ថុរាវទាំងអស់ដែលបានយកពីមនុស្ស ២០ នាក់និងដឹកតាមឧទ្ធម្ភាគចក្រមករាជធានីភ្នំពេញសម្រាប់ការធ្វើតេស្ត៍ គឺមានលទ្ធផលអវិជ្ជមាន ពោលគឺមិនមានអ្នកណាម្នាក់ផ្ទុកវីរុស COVID-19 ទេ។

គិតត្រឹមថ្ងៃសៅរ៍នេះ ម៉ាឡេស៊ីបានរកឃើញករណីអ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​របស់​ខ្លួន​ចំនួន ២២ករណី ដោយក្នុងនោះ ១៥ នាក់ជាជនជាតិចិន ៦ នាក់ជាជនជាតិម៉ាឡេស៊ី និងម្នាក់ជាពលរដ្ឋអាមេរិក ៕

ប្រភព kampucheathmey