ក្តៅៗ! អ្នក​ដំណើរ​និង​បុគ្គលិក​​ក្នុងនាវា Westerdam ដែលចតក្នុងប្រទេសកម្ពុជា ទាំងអស់មិនត្រូវអនុញ្ញាតឲ្យ​ចេញ​ពីនាវាចាប់​ពី​ពេល​នេះ

78442

ខេត្តព្រះសីហនុ៖ អ្នកដំណើរ​និង​បុគ្គលិកនាវា​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​នាវា​កម្សាន្ត​អន្តរជាតិ ​MS Westerdam ដែល​ចត​នៅ​ក្រុង​ព្រះសីហនុនោះ​ទេនៅ​ព្រឹក​ថ្ងៃ​អាទិត្យ​​ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោយ​មាន​ព័ត៌មាន​ថា​ អ្នក​ដំណើរ​ជនជាតិ​អាមេរិកកាំង​ម្នាក់បាន​ផ្ទុក​វីរុសកូរ៉ូណា ដោយ​ត្រូវបាន​រក​ឃើញ​នៅ​ប្រទេស​ម៉ាឡេស៊ី។

កាលពី​យប់​ថ្ងៃ​សៅរ៍ អាជ្ញាធរ ​និង​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ីបាន​រក​ឃើញ​ថា អ្នក​ដំណើរ​ម្នាក់​តាម​នាវា​ MS Westerdam ដែល​បាន​ចុះចត​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍មាន​ផ្ទុក​មេរោគ​កូរ៉ូណា​វីរុស Covid-19 បន្ទាប់​ពី​ស្រ្តីវ័យ ៨៣ឆ្នាំ​ ជនជាតិ​អាមេរិកកាំង បាន​ធ្វើដំណើរ​តាម​យន្តហោះ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ម៉ាឡេស៊ី។

មន្ត្រី​សុខាភិបាលម៉ាឡេស៊ី លោក​ Noor Hisham Abdullah ត្រូវបាន​ដក​ស្រង់​សម្តី​តាម​សារព័ត៌មាន Malaysiakini ថា ការ​ត្រួតពិនិត្យសុខភាព​នៅ​អាកាសយានដ្ឋាន​កូឡាឡាំពួរបាន​រកឃើញ​ថា អ្នកធ្វើដំណើរ​ពីររូប​ ក្នុងនោះរួមមានស្ត្រីជនជាតិអាមេរិកាំងម្នាក់ដែលធ្វើដំណើរពីកម្ពុជា មាន​អាការៈ​សុខភាពដែលអាច​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា​វីរុស។

លោក​បាន​ថ្លែង​ថា៖ «ការ​ធ្វើ​តេស្ត​ពិនិត្យ​រក​មេរោគ Covid-19 ត្រូវបាន​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ “Institute for Medical Research” ហើយ​ស្ត្រី​ [ជនជាតិ​អាមេរិក]​ម្នាក់​នោះ​ត្រូវបាន​រកឃើញ​ថា​ មាន​ផ្ទុក​មេរោគ​នេះ នៅ​ថ្ងៃទី១៥ ខែកុម្ភៈ​»។​

ស្ត្រី​អាមេរិកាំង​រូប​នេះគឺជា​ អ្នក​ដំណើរ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដំណើរ​ចំនួន ជាង ២០០០នាក់តាមនាវាកម្សាន្ត Westerdam របស់​ក្រុមហ៊ុន Holland ​America Line ដែល​រដ្ឋាភិបាល​ចំនួន​បួន រួមមាន​ជប៉ុន តៃវ៉ាន់ ហ្វីលីពីន និងថៃ ​បដិសេធ​មិន​ឲ្យ​ចូលចត​ ដោយសារ​បារម្ភថា អ្នក​ដំណើរ​ទាំង​នោះ​អាច​មាន​មេរោគ​កូរ៉ូណា។

សារព័ត៌មាន​ក្នុងស្រុក​របស់​ម៉ាឡេស៊ី​ដដែល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាមេរិកាំង​រូបនេះកំពុង​ទទួល​ការ​ព្យាបាល​នៅមន្ទីរពេទ្យ Sungai Buloh ក្នុងប្រទេស​ម៉ាឡេស៊ី។ រីឯ​ស្វាមី​របស់​ស្ត្រី​អាមេរិកាំង​រូបនេះត្រូវបាន​រាយការណ៍​ថា មិន​មាន​ផ្ទុក​មេរោគ កូរ៉ូណា​វីរុសទេ ប៉ុន្តែកំពុង​ត្រូវបាន​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី​តាមដាន​ស្ថានភាព​សុខភាព ៕