មុននេះបន្តិច! គ្រឿងចក្រឈូសដី បើកឆ្លងផ្លូវដែកមិនប្រយ័ត្ន ត្រូវរថភ្លើងបុករបួសធ្ងន់ម្នាក់

636

​បន្ទាយមានជ័យ​ ៖​ មនុស្សម្នាក់រងបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវដែក ដោយរថភ្លើងបុកគ្រឿង ចក្រឈូសដី(សាសើ)​របស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥(ហាយវេ)

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៧ និង ៥៥នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅមុខរោងម៉ាស៊ីនកិនស្រូវឥណ្ឌា ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថភ្លើងបានធ្វើដំណើរ ក្នុងទិសដៅពីលិច​ទៅកើត ពេលមកដល់ចំណុចកើតហេតុ មានគ្រឿងចក្រឈូសដី(សាសើ) បានបើកឆ្លងកាត់ផ្លូវរថយន្តភ្លើង បណ្តាលឲ្យរថយន្តបុកក្រឡាប់ គ្រឿងចក្រឈូសដី សង្កត់អ្នកបើកបរគ្រឿងចក្ររបួសធ្ងន់។

ជនរងគ្រោះមានឈ្មោះ រឿង វាសនា ភេទប្រុសអាយុ ៣២ឆ្នាំ នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកកំពង់ធំ ខេត្តកំពង់ធំ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុន នៅស្រុកមង្គលបូរី ។ចំណែក​គ្រឿងចក្រឈូសដី និងរថភ្លើងរងនូវការខូចខាតធ្ងន់ទាំង ២គ្រឿង ។

ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍បណ្តាលឲ្យថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយគ្រឿង ចក្រឈូសដី(សាសើ) បើកបំពានរំលោភសិទ្ធអាទិភាពរបស់រថភ្លើង។ ករណីនេះ ភាគីតំណាងក្រុមហ៊ុនទាំង សងខាងបានសម្របសម្រួលដោះស្រាយគ្នានៅកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿង៕