ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា នឹងកាត់បន្ថយការនាំបន្លែ និង សាច់ពីប្រទេសខាងក្រៅ ហើយងាកមកបង្កើនការដាំដុះ និងការចិញ្ចឹមនៅក្នុងស្រុកដោយមិនតម្រូវឲ្យប្រើគីមីច្រើន ។ សម្ដេចនាយករដ្ឋមន្ត្រីបានប្រកាសបែបនេះស្របពេលដែលបច្ចុប្បន្ននេះ បន្លែ និងភោគផលមួយចំនួនរបស់កសិករខ្មែរកំពុងធ្លាក់តម្លៃ និងមួយចំនួនត្រូវបាននាំចូលពីបណ្ដាប្រទេសជិតខាងដូចជា វៀតណាម និងថៃជាដើម ។
ការប្រកាសកាត់បន្ថយការនាំចូល និងមកបង្កើន លើកស្ទួយផលិតផលក្នុងស្រុកនេះបានធ្វើឱ្យមានការសាទរជាខ្លាំងពីប្រជាកសិករ និងប្រជាពលរដ្ឋខ្មែរ ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាចាប់ពីពេលនេះតទៅ នឹងត្រូវបំផុសឱ្យប្រជាពលរដ្ឋខ្មែរធ្វើការដាំដុះដោយមិនឲ្យប្រើសារធាតុគីមី និងត្រូវកាត់បន្ថយ ការនាំចូលពីប្រទេសខាងក្រៅដែលបានប្រើប្រាស់គីមីច្រើន ៕