ព្រឹកមិញ​ហៅមកអប់រំម្តងហេីយ​ បន្ទាប់ពីត្រឡប់ទៅវិញ​ នៅតែផ្គេីន​សមត្ថកិច្ចបានហៅមកធ្វើកិច្ចសន្យាជាលើទី២

7573

(ភ្នំពេញ)៖ ស្ត្រីរកស៊ីម្នាក់ដែលតែងផ្សាយ Live លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនមកវិញ ក្រោយពេលដែលទើបធ្វើកិច្ចសន្យាហើយ បែរជាល្មើសនឹងកិច្ចសន្យា និងបន្តប្រព្រឹត្តអំពើឥតអៀនខ្មាស់នោះម្តងទៀត ជាពិសេសនោះបានរិះគន់មន្រ្តីអាជ្ញាធរនៅលើបណ្តាញសង្គម Facebook ទៀតផង។

ស្ត្រីអាយុ៣៩ឆ្នាំ ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ត្រូវគេស្គាល់ថា ជាស្ត្រីលក់ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គម ដោយបានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួន ដែល អំពើទាំងនោះ បានរងការរិះគន់យ៉ាងក្រៃលែង។ ស្ត្រីរកស៊ីម្នាក់នោះ មានទីលំនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្រ្តីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានថា ក្រោយស្រ្តីរូបនេះ បានបង្ហោះសាររិះគន់ចំពោះចំណាត់ការរបស់សមត្ថកិច្ចនោះ ហើយមិនព្រមធ្វើតាមកិច្ចសន្យារបស់ខ្លួន កម្លាំងនគរបាលក៏បានទៅឃាត់ស្រ្តីរូបនេះ ដើម្បីបន្តការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ថៃ ស្រីនាង ដែលមហាជនតែងតែឃើញសកម្មភាពលក់ផលិតផលតាម Facebook ជាមួយការស្លៀកពាក់មិនសមរម្យខ្លាំង ឬ Sexy និងត្រូវបានអ្នកលេង Facebook នាំគ្នារិះគន់ខ្លាំងៗនោះ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ និងសមត្ថកិច្ចទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំង Live Video សុំទោសជាសាធារណៈចំពោះការ ស្លៀកពាក់របស់ខ្លួនកន្លងមក។

សម្រាប់ករណីនេះ កម្លាំងសមត្ថកិច្ច នឹងបន្ដចាត់វិធានចំពោះអ្នកលក់ផលិតផលតាមអនឡាញលើបណ្តាញសង្គម Facebook ដទៃទៀត ដែលបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសហួសហេតុ ដើម្បីតែទាក់ទាញចំណាប់អារម្មណ៍អ្នកទិញ។

ក្នុងកិច្ចសន្យារបស់ ថៃ ស្រីនាង មានខ្លឹមសារយ៉ាងដូច្នេះថា៖

* នាងខ្ញុំបាន Live លក់ផលិតផល និងសំលៀកបំពាក់លក់តាម On Line រយៈពេលកន្លងមក នាងខ្ញុំបានស្លៀកពាក់មានភាពស៊ីចស៊ី លិចលើខើចក្រោម ដែលធ្វើឲ្យប៉ះពាល់ដល់តំលៃ និងកិត្ដិយសរបស់ស្ដ្រីខ្មែរ វប្បធម៌ប្រពៃណីជាតិ និងច្បាប់ជាធរមាន
* នាងខ្ញុំសូមសន្យា ដកចេញនូវរាល់រូបភាពស៊ិចស៊ី អាក្រាត ក្នុង Page របស់នាងខ្ញុំផុតកន្លងមក។
* នាងខ្ញុំសូមសន្យាថាឈប់បង្ហោះរូបភាព ស៊ិចស៊ី អាក្រាត ដែលនាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរទំនៀមទំលាប់ប្រពៃណីខ្មែរទៀតឡើយ ប្រសិនជាថ្ងៃក្រោយ នាងខ្ញុំមិនគោរពតាមកិច្ចសន្យាខាងលើ នាងខ្ញុំសុខចិត្ដទទួលខុសត្រូវចំពោះមុខច្បាប់ ទាំងស្រុង ចាប់ពីថ្ងៃនេះតទៅ។

ប្រតិបត្ដិការ និងចំណាត់ការរបស់អាជ្ញាធរយ៉ាងដូច្នេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការមិនសប្បាយចិត្តចំពោះការផ្សាយ «Live» លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឲ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផល ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ ចំណែកអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាស់មិនអីនោះទេ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រី ក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឲ្យកើតមានករណី ចាប់រំលោភផងដែរ។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី កាលពីពេលថ្មីៗកន្លងទៅនេះ៕