មហាជននៅក្នុងបណ្តាញសង្គម កំពុងមានការរំជួលចិត្ត ចំពោះការស្លាប់ របស់លោកតាធាក់ស៊ីក្លូម្នាក់ ដែលមានជីវភាពក្រលំបាក ហើយត្រូវបានរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស មិនចាំស្លាកលេខ បើកមកពីក្រោយយ៉ាងលឿន បុកចំពេញទំហឹង បណ្ដាលឲ្យកិនអូសលោកតាជាង១០០ម៉ែត្រ ស្លាប់ភ្លាមៗនៅក្បែរភូមិគ្រឹះរបស់សម្តេចនាយករដ្ឋមន្ត្រី ហើយរត់គេចខ្លួនបាត់ ។
ទន្ទឹមនឹងនោះ សូមអរគុណឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងករណីនេះជាមួយ ប៉ូលិសខណ្ឌដូនពេញ ក្នុងការដុតដៃដុតជើង សហការស្រាវជ្រាវ ក្នុងករណីបុកផ្តាច់ជីវិតលោកតាធាក់ស៊ីក្លូ កាលពីវេលាម៉ោង១ យប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយពេលនេះក្រុមគ្រួសារលោកតាស៊ីក្លូ សង្ឃឹមថាសមត្ថកិច្ចនឹងតាមស្រាវជ្រាវតាមចាប់រថយន្តនឹងអ្នកបើករថយន្តបង្កហេតុឃើញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអោយលោកតាស៊ីក្លូ អាចបិទភ្នែកទៅជិតក្រោយទទួលបានយុត្តិធម៌។ អ្វីដែលសែនរំជួលចិត្តនោះ ពិតជាទុក្ខជាន់ទុក្ខណាស់ កូនប្រុសទើបតែស្លាប់មិនទាន់បាន១០០ថ្ងៃផង បែរជាលោកតាអាយុ៧៧ឆ្នាំ ដែលប្រកបរបរធាក់ស៊ីក្លូស្ទើរតែមួយជីវិតហើយនោះ ដោយរត់ស៊ីក្លូពេលថ្ងៃ និងរើសអេតចាយពេលយប់ បានលាចាកលោកទៅទៀត នៅសល់តែម្តាយនិងកូនមួយកំព្រា តស៊ូវេទនានៅលើលោកីយ៍នេះ។
សូមជម្រាបផងដែរថា សពរបស់លោកតាស៊ីក្លូ ត្រូវបានបូជារួចចប់សព្វគ្រប់ហើយ និងរៀបចំបន្តធ្វើបុណ្យ៧ថ្ងៃ នៅឯស្រុកកំណើត ។ ក្នុងនោះ ដោយមើលឃើញពីទុក្ខលំបាក និងការអាណិតអាសូរជាពន់ពេកចំពោះលោកតាស៊ីក្លូ លោកឧកញ៉ា ឌួង ឆាយ ក្រោយបានមើលការឡាយរបស់TVFB លោកឧកញ៉ា បានទាក់ទងមកកាន់លោក សុវណ្ណរិទ្ធី ផ្ទាល់នៅមុននេះបន្តិចថា លោកឧកញ៉ា នឹងធ្វើការធានាចេញរាល់ការចំណាយទាំងស្រុង នៃបុណ្យសព៧ថ្ងៃរបស់លោកតា ដើម្បីជួយសម្រាលទុកលំបាកដល់គ្រួសាររបស់លោកតាស៊ីក្លូនាពេលនេះ ។ ក្នុងនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានចូលបុណ្យលោកតាស៊ីក្លូ ចំនួន២លានរៀល រួមជាមួយនិងគ្រឿងឧបភោគ បរិភោគផងដែរ។
ដូច្នេះបើប្រិយមិត្តមានចិត្តអាណិតអាសូរដល់គាត់ ចង់បរិច្ចាគថវិកាដើម្បីជួយសម្រាលទុក្ខរបស់គាត់ អាចទំនាក់ទំនងតាមរយៈលេខ៖ 093 697 923 ៕
ប្រភព TVFB