សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំរុញឲ្យនគរបាលចរាចរណ៍ ហ៊ានចាប់គ្រប់មនុស្ស ដែលបើកបរខុសច្បាប់ មិនថាបុគ្គលនោះ មានឋានៈខ្ពស់កម្រិតណាឡើយ។ សម្តេចរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា សូម្បីនគរបាលចរាចរណ៍ មានឋានៈត្រឹមព្រឹទ្ធបាលត្រី ក៏អាចចាប់យោធា-នគរបាលផ្កាយបួន តំណាងរាស្ត្រ ឬ រដ្ឋមន្ត្រី បានដែរ ឲ្យតែពួកគេ បើកបរខុសច្បាប់។
អញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ទីចាត់ការ អគារដ្ឋបាលឃុំ និង សមិទ្ធផលនានា នៅស្រុកកម្ចាយមារ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់៖«ទាំងអស់គ្នា នៅក្រោមច្បាប់… អត់មានលើកលែងឲ្យអ្នកណាទេ ឲ្យតែខុសច្បាប់»។
បន្ទាប់មក រដ្ឋមន្ត្រី ដែលមានសិទ្ធិអំណាចលើកម្លាំងនគរបាលរូបនេះ ប្រកាសចេញមុខការពារនគរបាលចរាចរណ៍ដូច្នេះថា៖«…សូមឲ្យអស់លោកប៉ូលិស ធ្វើទៅ ហើយបើមាន [រឿង] អី ឆ្លើយដាក់ខ្ញុំមក ខ្ញុំការពារ ព្រោះបើមិនអ៊ីចឹង គ្នា អត់ហ៊ានធ្វើ…»។
ប្រភព thmeythmey