ទឹកកកនៅទ្វីបអង់តាកទិចប្រែជាក្រហមដូចឈាម ជាសញ្ញាព្រមានពីការកើនកម្តៅលើផែនដី

359

ដោយសារតែឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យរដូវក្តៅនៅទ្វីបអង់តាកទិចមានការខុសប្លែក គួរជាទីព្រួយបារម្ភ ដោយសារតែព្រិល និង ផ្ទាំងទឹកកកបានគ្រប់ដណ្តប់ដោយពណ៌ក្រហមដូចជាឈាម ។ យោងតាមរបាយការណ៍ចេញពីអ្នកស្រាវជ្រាវ នៅក្នុងតំបន់នោះផ្ទាល់បានហៅឈ្មោះព្រិលនេះថា ព្រិល Raspberry ហើយពួកគេជឿជាក់ថា មូលហេតុដែលបណ្តាលឱ្យផ្ទាំងទឹកកកទៅជាពណ៌ក្រហមបែបនេះ គឺដោយសារការរីកលូតលាស់យ៉ាងឆាប់រហ័សនូវប្រភេទសារាយម្យ៉ាងដែលដុះបាននៅពេលដែលសីតុណ្ហភាពមានការកើនឡើងប៉ុណ្ណោះ ។

លើសពីនេះទៅទៀតវាមិនមានអ្វីពាក់ព័ន្ធជាមួយការរីករាលដាលនៃវីរុសកូរ៉ូណានោះឡើយ ប៉ុន្តែវាហាក់បីដូចជាការប្រមាណពីធម្មជាតិ ។ គួរបញ្ជាក់ថា នៅក្នុងរដូវក្តៅក្នុងទ្វីបអង់តាកទិច ដែលមានរយៈពេលចាប់ពីខែតុលា ដល់ខែកុម្ភៈ ត្រូវបានរងការវាយប្រហារយ៉ាងខ្លាំងពីការកើនកម្តៅខុសពីធម្មតា ដែលបានចាត់ទុកថាក្តៅខ្លាំងជាងគេក្នុងប្រវត្តិសាស្រ្តជាមួយ សីតុណ្ហភាព ១៨.៣អង្សារសេ ។ ជាលទ្ធផល ក៏មានការប្រែប្រួលក៏ដូចជាកកើតឡើងនូវភាវៈប្លែកៗជាច្រើនដូចជាសារាយក្រហមនេះជាដើម ។

អ្នកវិទ្យាសាស្រ្តក៏បានបន្ថែមទៀតថា ព្រិលទឹកកកពណ៌ក្រហមនេះគឺវាមិនល្អនោះទេសម្រាប់អង់តាកទិច ព្រោះមានតែព្រិលពណ៌សប៉ុណ្ណោះដែលអាចជះទៅវិញនូវពន្លឺព្រះអាទិត្យ ។ សម្រាប់ពណ៌ស្រអាប់ៗផ្សេងទៀតដូចជាពណ៌ក្រហមនេះជាដើមវាស្រូបពន្លឺខ្លាំងដែលជាហេតុធ្វើឱ្យទឹកកកនឹងងាយរលាយជាងមុន ។ យ៉ាងណាមិញសារាយក្រហមនេះវាកើតឡើងដោយធម្មជាតិ មានន័យថាប្រសិនបើអាកាសធាតុចុះត្រជាក់ឡើងវិញនោះពណ៌របស់វាក៏នឹងបាត់បង់ទៅតាមនោះដែរ ៕

ប្រភព popular