ជនជាតិជប៉ុនម្នាក់ដែលបានចេញពីកម្ពុជាតាមព្រលានយន្តហោះខេត្តសៀមរាបទៅក្រុងហូជីមីញ មុននឹងផ្ទេរជើងយន្តហោះទៅប្រទេសកំណើត ត្រូវបានពិនិត្យឃើញមានផ្ទុកមេរោគកូរ៉ូណាថ្មី ឬកូវីដ១៩។ នេះបើយោងតាមប្រភពពីសារព័ត៌មានក្នុងស្រុករបស់វៀតណាម។
យោងតាមសារព័ត៌មាន Vietnam Express ចេញផ្សាយនៅថ្ងៃម្សិលមិញ បានឱ្យដឹងថា អ្នកដំណើរជាបុរសជនជាតិជប៉ុនរូបនោះ បានជិះយន្តហោះក្រុមហ៊ុនអាកាសចរណ៍វៀតណាម ចេញពីព្រលានយន្តហោះខេត្តសៀមរាប ទៅកាន់ព្រលានយន្តហោះ Tan Son Nhat ក្រុងហូជីមីញ នៅថ្ងៃអង្គារ មុនពេលបន្តដំណើរទៅព្រលានយន្តហោះ Nagoya ប្រទេសជប៉ុន តាមជើងហោះហើរក្រុមហ៊ុនដដែល។
ក្រោយពេលចុះចតនៅព្រលានយន្តហោះ Nagoya អ្នកដំណើរដែលមិនត្រូវបានបង្ហាញអត្តសញ្ញារូបនោះ បានលេចចេញអាការៈផ្តាសាយធ្ងន់ធ្ងរ ហើយត្រូវបានដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ រួចក៏ពិនិត្យឃើញមានផ្ទុកមេរោគកូវីដ១៩។
ទោះយ៉ាងណា រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា ខាងភាគីជប៉ុនមិនទាន់បញ្ជាក់ថា ជនជាតិជប៉ុនដែលចាកចេញពីកម្ពុជានេះ មានផ្ទុកមេរោគខូវីត១៩ ដូចការចុះផ្សាយនោះនៅឡើយ។ រដ្ឋបាលខេត្តសៀមរាប៖ «ជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជនជាតិជប៉ុនថាកើតជំងឺ COVID-19 នៅឡើយ ហេីយអភិបាលខេត្តបានចាត់វិធានការស្រាវជ្រាវ និងត្រៀមបង្ការ»។
តាមប្រភពសារព័ត៌មានវៀតណាមដដែល ក្រោយពេលទម្លាក់អ្នកដំណើរនៅព្រលានយន្តហោះ Nagoya យន្តហោះក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានដឹកអ្នកដំណើរ៧៣នាក់ និងអាកាសយានិក១២នាក់ ត្រឡប់មកព្រលានយន្តហោះ Tan Son Nhat វិញ នៅរសៀលថ្ងៃពុធ។
ក្រុមអាកាសយានិក និងអ្នកដំណើរ៥១នាក់ ដែលចូលមកប្រទេសវៀតណាម ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ឯអ្នកដំណើរ២២នាក់ផ្សេងទៀតដែលត្រូវផ្ទេរទៅគោលដៅផ្សេងៗទៀត ត្រូវបានដាក់បំបែកពីអ្នកដទៃ មុននឹងបន្តដំណើររបស់ពួកគេ។ យន្តហោះដែលបានដឹកអ្នកដំណើរទាំងនោះ ត្រូវបានថ្នាំបាញ់សម្លាញ់មេរោគ។
រហូតមកទល់ពេលនេះ ជប៉ុនបានរកឃើញករណីឆ្លងមេរោគកូវីដ១៩ លើមនុស្សចំនួន២៣០នាក់ ក្នុងនោះមានស្លាប់១២នាក់ ដោយរាប់បញ្ចូលតួលេខស្លាប់ក្នុងកប៉ាល់ដែលចូលសំចតនៅកំពង់ផែជប៉ុន។ ចំណែកក្នុងប្រទេសវៀតណាម បានរកឃើញអ្នកឆ្លង១៦នាក់ ប៉ុន្តែ ពួកគេត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យអស់ហើយ បន្ទាប់ពីឆ្លងកាត់ការព្យាបាលបានជាសះស្បើយ៕