ក្តៅៗ! អាជ្ញាធរ កំពុងស្វែងរកម្ចាស់កង់បីម្នាក់ ដែលធ្លាប់ដឹកបុរសជប៉ុនផ្ទុកកូវីដ-១៩

1495

អ្នកស្រីវេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល អះអាងថា អាជ្ញាធរកម្ពុជា កំពុងស្វែងរកម្ចាស់កង់បីម្នាក់ ដែលធ្លាប់ដឹកបុរសជនជាតិជប៉ុនផ្ទុកវីរុសកូវីដ-១៩។ ការអះអាងរបស់អ្នកស្រី ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ជុំវិញករណីបុរសជប៉ុននោះ។

អ្នកស្រី ថ្លែងថា អាជ្ញាធរ នឹងមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវនានា ដែលថតជាប់ម្ចាស់កង់បី ដឹកបុរសជប៉ុននោះ។ ក្នុងកិច្ចប្រជុំ អ្នកស្រី លើកឡើងថា បុរសជប៉ុននោះ បានជិះកង់បីទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនមួយ ក្នុងខេត្តសៀមរាប។

ម្ចាស់មន្ទីរពេទ្យឯកជន ដែលត្រូវបានកោះហៅឲ្យចូលរួមប្រជុំដែរនោះ បានប្រាប់អ្នកស្រី ឱ វ៉ាន់ឌីន ថា ពេលពិនិត្យ បុរសជប៉ុននោះ ក្តៅខ្លួនលើសពី៣៧អង្សាសេ និង ក្អក។ គាត់ រៀបរាប់ថា គាត់ ហាក់ដូចជាសង្ស័យដែរថា បុរសជប៉ុននោះ ឆ្លងកូវីដ-១៩ ម្ល៉ោះហើយទើបទាក់ទងទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីឲ្យយកបុរសជប៉ុននោះ ទៅពិនិត្យនិងព្យាបាលបន្ត តែដោយសារខាងមន្ទីរបង្អែកខេត្តសៀមរាប មិនលើកទូរស័ព្ទ គាត់ ក៏សម្រេចអនុញ្ញាតឲ្យបុរសជប៉ុននោះ ចាកចេញពីមន្ទីរពេទ្យរបស់ខ្លួន។

អ្នកស្រី ឱ វ៉ាន់ឌីន បន្ទោសម្ចាស់មន្ទីរពេទ្យឯកជននោះថា មានការធ្វេសប្រហែល ដោយមិនបានរក្សាបុរសជប៉ុននោះទុកនៅកន្លែងខ្លួនសិន ហើយមិនទាក់ទងទៅកាន់ក្រសួងសុខាភិបាល និងមិនព្យាយាមទាក់ទងទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែបែរជាឲ្យអ្នកជំងឺ ចាកចេញទៅវិញ។ អ្នកស្រី សង្កត់ធ្ងន់ថា ម្ចាស់មន្ទីរពេទ្យឯកជននោះ អាចប្រឈមនឹងផ្លូវច្បាប់។

បុរសជប៉ុននោះ ត្រូវបានរកឃើញថា ឆ្លងវីរុសកូវីដ-១៩ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ពេលទៅដល់ជប៉ុនវិញ។ មានការអះអាងថា គាត់បានចេញពីព្រមានយន្តហោះខេត្តសៀមរាប ទៅកាន់វៀតណាម ហើយបន្តទៅដល់ជប៉ុន នៅថ្ងៃទី៤ ខែមីនា។

បច្ចុប្បន្ន ពលរដ្ឋខ្មែរ៤នាក់ (ស្រី២នាក់) ត្រូវបានដាក់ឲ្យស្ថិតក្នុងបន្ទប់ដាច់ដោយឡែកពីគេ ដើម្បីពិនិត្យសុខភាព បន្ទាប់ពីស្រាវជ្រាវដឹងថា ពួកគេ បានធ្វើការនិងមានទំនាក់ទំនងដោយផ្ទាល់ជាមួយបុរសជប៉ុននោះ ខណៈ៤០នាក់ទៀត (មិនបញ្ជាក់ជនជាតិ) មានទំនាក់ទំនងដោយប្រយោល ហើយត្រូវបានតាមដានសុខភាព ទោះជាមិនដាក់ឲ្យស្ថិតក្នុងបន្ទប់ដោយឡែកក្តី។

យ៉ាងណា អ្នកស្រី ឱ វ៉ាន់ឌីន បញ្ជាក់ថា អ្នកស្រី បានចូលទៅសួរសុខទុក្ខពលរដ្ឋខ្មែរទាំង៤នាក់នោះហើយ ដោយពួកគេ នៅមានសុខភាពធម្មតា មិនទាន់មានបញ្ហាអ្វីឡើយ។ បើតាមអ្នកស្រី អាជ្ញាធរ មិនមែនតាមស្វែងរកតែម្ចាស់កង់បីម្នាក់នោះទេ​​ គឺស្វែងរកគ្រប់មនុស្ស ដែលធ្លាប់មានទំនាក់ទំនងជាមួយបុរសជប៉ុននោះ។


ប្រភព thmeythmey