រាជធានីភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងសន្និសីទកាសែត នៅយប់ថ្ងៃទី១០ មីនានេះបានលើកឡើងថា ស្ត្រីអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ ដែលទើបរកឃើញមានផ្ទុកជំងឺកូវីដ១៩នោះ ជាអ្នកទេសចរណ៍ ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ ចេញពីទីក្រុងហូជីមិញ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ មកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។
ស្ត្រីអង់គ្លេសនោះ ធ្វើដំណើរមកពីទីក្រុងឡុងដ៍ មកកាន់ទីក្រុងហាណូយ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។ លោកជំទាវអ្នកនាំពាក្យរូបនេះបានបន្តថា មុនពេលនាវាទេសចរណ៍ មកដល់ក្រុងភ្នំពេញ ខាងវៀតណាម បានជូនដំណឹងមកខាងនាវាថា មុនពេលនាវាដឹកអ្នកទេសចរណ៍ មកដល់ភ្នំពេញ មានជនជាតិវៀតណាមម្នាក់ ដែលជិះយន្តហោះពីអង់គ្លេសជិតស្ត្រីអង់គ្លេសរូបនោះធ្វើតេស្តមានផ្ទុកជំងឺកូវីដ១៩ ។ ប្រភពដដែលបានបន្តថា មកដល់ភ្នំពេញស្ត្រីអង់គ្លេសនោះមានគ្នាគាត់៥នាក់ បានទៅមន្ទីរពេទ្យ មិត្តភាព ខ្មែរសូវៀត។
តែមានតែ៣នាក់ទេ ដែលបានធ្វើតេស្ត ដោយមាន ២នាក់ទៀតប្រកែក មិនព្រមធ្វើតេស្ត ដោយសម្អាងថា ពួកគេមានសុខភាពល្អធម្មតា មិនចាំបាច់ធ្វើតេស្តនោះទេ។ លោកជំទាវបានបញ្ជាក់បន្ថែមថា សម្រាប់អ្នកបានធ្វើតេស្ត៣នាក់នោះ គឺនៅពេលលទ្ធផលចេញមក អវិជ្ជមានហើយ នាវានោះក៏បានចេញពីភ្នំពេញ ទៅកាន់ខេត្តកំពង់ចាម នៅថ្ងៃទី០៩ មីនា ឆ្នាំ២០២០។ ក៏ប៉ុន្តែខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទាក់ទងទៅនាវា ហើយបានយកសំណាកពីជនជាតិអង់គ្លេសទាំងពីរនាក់នោះ យកមកពិនិត្យនៅប៉ាស្ទ័រ។
អីចឹងនៅម៉ោង៤កន្លះ ថ្ងៃទី១០ ខែមីនានេះ លទ្ធផលបញ្ជាក់ថា ក្នុងចំណោមស្ត្រីទាំងពីរនាក់នេះ គឺមានស្ត្រីអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ កើតជំងឺកូវីដ១៩។ ជាមួយគ្នានោះផងដែរ ក្រសួងសុខាភិបាល នៅពេលនេះ បានរកឃើញស្ត្រីខ្មែរយើងម្នាក់ ដែលជាអ្នកបកប្រែភាសាឲ្យស្ត្រីទេសចរណ៍អង់គ្លេសទាំង៥នាក់ហើយ៕