ក្តៅៗ! ទីបំផុតភរិយានាយករដ្ឋមន្ត្រីកាណាដា «មានផ្ទុក COVID-19» ក្រោយក្រុមជំនាញធ្វើតេស្តរួច!

745

(កាណាដា)៖ ទីបំផុតលទ្ធផលធ្វើតេស្តបានចេញមកហើយ នោះគឺភរិយារបស់នាយករដ្ឋមន្ត្រីកាណាដា លោកស្រី សូហ្វី (Sophie) ពិតជាមានផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19) ខណៈដែលលទ្ធផលធ្វើតេស្តលើស្វាមីលោកស្រី គឺលោក ចាស្ទីន ទ្រូដូ (Justin Trudeau) មិនត្រូវបានបង្ហាញនោះទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអូស្ត្រាលី 7 News នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍មួយរបស់លោកស្រី សូហ្វី ហ្រ្គេហ្គ័រ (Sophie Gregoire) ត្រូវបានចេញផ្សាយយ៉ាងដូច្នេះថា «ជាដំបូងខ្ញុំពិតជាទទួលអារម្មណ៍គ្មានផាសុខភាពនោះឡើយ ដោយសាររោគសញ្ញានៃវីរុស… ខ្ញុំនឹងបានប្រសើរឡើងវិញឆាប់ៗ។ ការស្នាក់នៅក្នុងផ្ទះដើម្បីពិនិត្យរោគ គឺមិនអាចប្រៀបស្មើទៅនឹងអ្វីដែល ក្រុមគ្រួសារកាណាសាមួយចំនួនបានឆ្លងកាត់ និងសម្រាប់អ្នកដែលមានបញ្ហា សុខភាពធ្ងន់ធ្ងរនោះឡើយ»។

អាជ្ញាធរសុខាភិបាលកាណាដានៅពេលនេះ កំពុងតែធ្វើការស៊ើបសួរថា តើលោកស្រី សូហ្វី ធ្លាប់បានធ្វើទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងនរណាខ្លះ។ ដោយឡែកលោកនាយករដ្ឋមន្ត្រីកាណាដា ដែលត្រូវជាស្វាមីរបស់លោកស្រី គឺកំពុងស្ថិតនៅក្នុងការស្នាក់នៅ ដាច់ដោយឡែកពីគេនៅកំឡុងពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្តទៀត ក្រោយពេលអ្នកទាំងពីរ ទើបតែត្រឡប់មកពីចក្រភពអង់គ្លេស។

គួរបញ្ជាក់តាមសេចក្តីថ្លែងការណ៍ ពីការិយាល័យនាយករដ្ឋមន្រ្តីកាណាដាថា ក្រោយបង្ហាញរោគសញ្ញាសង្ស័យ លោកស្រី Sophie បានព្យាយាមទាក់ទងទៅកាន់គ្រូពេទ្យជំនាញភ្លាមៗ ហើយលោកស្រីត្រូវបានគេយកសំណាកទៅធ្វើតេស្តពិនិត្យរកមើល COVID-19 និងនៅទីបំផុតលោកស្រីពិតជាមានផ្ទុកវីរុសនេះមែន៕


ប្រភព Fresh News