នៅមុននេះបន្តិច ក្រសួងបានចេញសេចក្ដីប្រកាសថ្មីចុងក្រោយមួយទៀត ដោយរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ៤ករណីថ្មីទៀត មានជនជាតិខ្មែរឥស្លាម ២នាក់ នៅខេត្តព្រះវិហារ , បុរសជនជាតិខ្មែរម្នាក់ មកពីប្រទេសបារាំង និង ជាកូនរបស់ជនជាតិបារាំង អាយុ ៣៥ឆ្នាំ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៥ ខែមីនាឆ្នាំ២០២០នេះ។
ការរកឃើញថ្មីនេះ ធ្វើឲ្យចំនួនអ្នកឆ្លងនៅកម្ពុជាមានចំនួន ១២នាក់ហើយ។ ទី១. បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)។ ទី២. បុរសជនជាតិខ្មែរ វ័យ ៣៨ឆ្នាំ នៅខេត្តសៀមរាប។ ទី៣. ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។ ទី៤. បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។ ទី៥. ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦. បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ។ ទី៧. បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ។ ទី៨. បុរសជនជាតិបារាំង អាយុ ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ។
៩. ក្មេងអាយុទើប ៤ខែឆ្លងពីឪពុកជនជាតិបារាំងអាយុ ៣៥ឆ្នាំខាងលើដែលមានវីរុសកូវីដ១៩។ កុមារនេះ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ឯម្ដាយរបស់កុមារនេះ តេស្ដចេញអវិជ្ជមាន។ ១០. បុរសជនជាតិខ្មែរម្នាក់ ក្រោយពីវិលត្រឡប់មកពីប្រទេសបារាំងវិញ មានលទ្ធផលតេស្ដវិជ្ជមាន វីរុសកូវីដ១៩ ដែលតម្រូវឲ្យនៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។
អ្នកទី១១ និង១២ ជាខ្មែរអ៊ីស្លាមទាំង២នាក់ រស់នៅខេត្តព្រះវិហារ អាយុ ៣៥ឆ្នាំម្នាក់ និង៣៩ឆ្នាំម្នាក់។ ពួកគាត់ទើបត្រឡប់មកពីចូលរួមពិធីសាសនានៅជិតទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣ មិនាឆ្នាំ ២០២០។ ស្រាប់តែនៅថ្ងៃទី ១៤ មីនា មានការផ្ដល់ព័ត៌មានមកថា អ្នកចូលរួមក្នុងពិធីនោះ មានអ្នកផ្ទុកវីរុសកូវីដ១៩ ហើយក្រសួងសុខាភិបាលខេត្តព្រះវិហារ បានស្រាវជ្រាវរកឃើញបុគ្គល ដែលវិលត្រឡប់វិញ ១០នាក់ រួចយកសំណាកវត្ថុវិភាគចំនួន ៨នាក់សិន (២នាក់ទៀតចេញទៅខេត្តផ្សេង) ក្នុងចំណោម ៨នាក់មាន ២នាក់ឆ្លងកូវីដ១៩ ខាងលើតែម្ដង៕